ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ កោតសរសើរ​កម្ពុជា ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ ​”ពិភពលោក​មួយ​ដែល​គ្មាន​មីន​”

8 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​ជាន់ខ្ពស់ ដឹកនាំ​ដោយ លោក​ជំទាវ​បណ្ឌិត…

រាជធានី​ភ្នំពេញ ​៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​ជាន់ខ្ពស់ ដឹកនាំ​ដោយ លោក​ជំទាវ​បណ្ឌិត អា​មី​ដា សាល​ស៊ី​យ៉ា​អា​លី​សចា​បា​ណា (Armida Salsiah Alisjahbana) អគ្គលេខាធិការ​រង នៃ​អង្គការសហប្រជាជាតិ និង​ជា​លេខាធិការ​ប្រតិបត្តិ នៃ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច សម្រាប់​អាស៊ី​-​បា​ស៊ី​ហ្វិ​ក (ESCAP) និង​ជា​តំណាង​ជាន់ខ្ពស់​ នៃ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​ខេត្តសៀមរាប​នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤​ ។

ក្នុង​ឱកាស​នៃ​ជំនួប លោក​ជំទាវ​ប្រធាន​គណៈប្រតិភូ​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា​ ដែល​បាន​រៀបចំ​យ៉ាង​ល្អ​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ ស្តី​ពី “​ពិភពលោក​មួយ​ដែល​គ្មាន​មីន​” និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ធ្វើ​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្ដៅ​ ចំពោះ​គណៈប្រតិភូ​ទាំងអស់ ​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​ដ៏​មាន​សារសំខាន់​នេះ​ ។

លោក​ជំទាវ​ប្រធាន​គណៈប្រតិភូ​ បាន​គោរព​ជម្រាប​ជូន​សម្ដេច​បវរ​ធិ​បតី​ថា អំឡុង​ពេល ​ដែល​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ គណៈប្រតិភូ​បាន​ស្វែង​យល់​អំពី​វប្បធម៌ អរិយធម៌​ដ៏​សម្បូ​ណ៍​បែប​របស់​កម្ពុជា ​នៅ​លើ​ទឹកដី​នៃ​ខេត្តសៀមរាប​-​អង្គរ​។
នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ បណ្ដា​ប្រទេស​ចូលរួម​នឹង​បង្ហាញ​នូវ​ឆន្ទៈ និង​ការ​ប្ដេជ្ញា​ចិត្ត​រួម​ក្នុង​ការ​លុប​បំបាត់​មីន​ប្រឆាំង​មនុស្សជាតិ ។

ជា​ការ​ឆ្លើយ​តប សម្ដេច​បវរ​ធិ​បតី​បាន​ជម្រាប​ជូន​គណៈប្រតិភូ​ជាន់ខ្ពស់​ថា កម្ពុជា​ធ្លាប់​ជា​ប្រទេស​ ដែល​រង​គ្រោះ​ដោយសារ​សង្គ្រាម និង​បាន​បន្សល់​ទុក​នូវ​គ្រាប់​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​ច្រើន នៅ​លើ​ផ្ទៃដី​កម្ពុជា។ បន្ទាប់​ពី​កម្ពុជា​ទទួល​បាន​សុខ​សន្ដិភាព​ពេញលេញ​នៅ​ឆ្នាំ​១៩៩៨ កម្ពុជា​បាន​យកចិត្តទុកដាក់​លើ​ការ​បោសសម្អាត​មីន ដែល​ជា​លទ្ធផល​កម្ពុជា​ បានបោស​សម្អាត​មីន​លើ​ផ្ទៃដី​ជាង ៣,០០០គីឡូ​ម៉ែត្រការ៉េ ដោយ​បាន​ប្រែក្លាយ​រាជធានី​-​ខេត្ត​ អស់​មីន​ចំនួន១៥ ក្នុង​ចំណោម ២៥ ជា​រាជធានី​-​ខេត្ត និង​នៅ​មាន​ផ្ទៃដី​ ដែល​នៅ​មាន​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ​ប្រមាណ​ជិត​១,៧០០​គីឡូ​ម៉ែត្រការ៉េ ​។

ទន្ទឹម​នឹង​នោះ សម្ដេច​បវរ​ធិ​បតី ​បាន​ថ្លែងអំណរគុណ​បណ្ដា​ប្រទេស​ជា​មិត្ត និង​ដៃគូ​អភិវឌ្ឍ​ ដែល​បាន​ចូលរួម​ចំណែក និង​គាំទ្រ​កម្ពុជា​លើ​ការងារ​បោសសម្អាត​មីន​។ កម្ពុជា​ពិតជា​មាន​មោទនភាព​ ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ចែករំលែក ​នូវ​បទ​ពិសោធន៍ និង​ផ្ដល់​ការ​បណ្ដុះបណ្ដាល​អំពី​ជំនាញ​បោសសម្អាត​មីន​ដល់​បណ្ដា​ប្រទេស​នានា ​នៅ​លើ​ពិភពលោក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ