ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ គ្រប់មជ្ឈដ្ឋានបន្ត​ចូលរួម​ប្រើប្រាស់ ​ប្រាក់​រៀល

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា អំពាវនាវ​ដល់​ប្រជាពលរដ្ឋ បណ្តា​រោងចក្រ សហគ្រាស ក្រសួង​-​ស្ថាប័ន គ្រឹះស្ថាន​ធនាគារ និង ហិរញ្ញវត្ថុ…

រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា អំពាវនាវ​ដល់​ប្រជាពលរដ្ឋ បណ្តា​រោងចក្រ សហគ្រាស ក្រសួង​-​ស្ថាប័ន គ្រឹះស្ថាន​ធនាគារ និង ហិរញ្ញវត្ថុ បន្ត​ចូលរួម​ប្រើប្រាស់​ប្រាក់​រៀល​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ ការ​ទូទាត់ ការ​បិត​ស្លាក​ថ្លៃ​ទំនិញ​ជា​រៀល ការ​សន្សំ ព្រមទាំង ផ្តល់​អនុគ្រោះ​ឱ្យ​កាន់តែ​ច្រើន​ចំពោះ​ការ​ប្រើប្រាស់​ប្រាក់​រៀល ​។

ឯកឧត្តម យឹ​ម លាត ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដី​ពី “​ប្រាក់​រៀល ប្រព័ន្ធ​បាគង និង​ខេ​អេ​ច​ហ្សូ​អរ​”​នៅ​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះ​ថា ដើម្បី​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​រឹង​មាំ រាជរដ្ឋាភិបាល កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ជា​ច្រើន ជា​ពិសេស​ចាប់តាំងពី​ដើម​ទសវត្សរ៍​ឆ្នាំ​២០០០ មក ក្នុង​នោះ​ក៏​មាន​គោលនយោបាយ លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ផង​ដែរ ស្រប​ពេល​ដែល​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​មាន​លំនឹង​ល្អ​ប្រសើរ ក្រោយ​កម្ពុជា​ទទួល​បាន​សុខ សន្តិភាព​ពេញលេញ​នៅ​ចុងឆ្នាំ ១៩៩៨ ក្រោម​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយក រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា ​។

លទ្ធផល​សិក្សា​ស្រាវជ្រាវ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ដោយ​សហការ​ជាមួយ (JICA) កន្លង​មក បាន​បង្ហាញ​ថា ប្រាក់​រៀល​បាន ទទួល​ការ​ទុកចិត្ត និង​ការ​ប្រើប្រាស់​កាន់តែ​ច្រើន ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​នៅ​តាម​តំបន់​ជនបទ ដែល​ប្រាក់​រៀល ដើរតួ​នាទី​ចម្បង និង​ទូលំទូលាយ​ទាំង​ក្នុង​សកម្មភាព​រក​ប្រាក់​ចំណូល ចំណាយ និង​សន្សំ​។ ជាក់ស្តែង សម្រាប់​ខេត្តបន្ទាយមានជ័យ ទិន្នន័យ​ស្រាវជ្រាវ​បង្ហាញ​ថា គិត​ជា​មធ្យម​ប្រមាណ​៧១% នៃ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន ត្រូវ​បាន​ធ្វើ​ឡើងជា​ប្រាក់​រៀល​, ទោះបី ជា​ខេត្ត​នេះ​ស្ថិត​នៅ​ជាប់​ព្រំដែន និង​មានការ​ដោះ​ដូរ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជិតខាង​ច្រើន​ក៏​ដោយ ​។

ចំណែក​ការ​ចំណាយ​ជា​ប្រចាំ​, លទ្ធផល​សិក្សា​ស្រាវជ្រាវ​របស់​ធនាគារជាតិ​នៃ​កម្ពុជា សហការ​ជាមួយ​អង្គការ (UNDP) ក្នុង​ឆ្នាំ ២០២៣ បាន​បង្ហាញ​ដែរ​ថា កម្មករនិយោជិត​រោងចក្រ​ដែល​រស់នៅ​តាម​បណ្តា​ខេត្ដ ចាយវាយ​ប្រចាំ​ថ្ងៃ​រហូត​ដល់​ទៅ ៩២% នៃ​ចំណាយ សរុប​ជា​ប្រាក់​រៀល ជា​ពិសេស​ទៅ​លើ​ការ​ស្នាក់​នៅ ថ្លៃ​ទឹក​-​ភ្លើង ការ​ធ្វើ​ដំណើរ​ជិត​ឆ្ងាយ អាហារ សំលៀក​បំពាក់ និង​ថ្នាំសង្កូវ​។ ចំណែក ឯ​កម្មករនិយោជិត​អ្នក​ដែល​រស់នៅ​ទីក្រុង ចាយវាយ​ជា​ប្រាក់​រៀល រហូត​ដល់ ៨២% នៃ​ចំណាយ​សរុប​។ ដូចនេះ ប្រ​សិន​ទាំង​អ្នកលក់ និង​អ្នកទិញ ប្រើប្រាស់​ប្រាក់​រៀល​តែ​មួយ​នោះ គឺ​នឹង​អាច​ជួយ​ដល់​ការ​លក់ដូរ​ងាយស្រួល និង​មិន​ចាំ បាច់​ពិបាក​គិតគូរ​ដល់​អត្រា​ប្តូរ ប្រាក់​នោះ​ទេ​។ ជុំវិញ​ប្រាក់​រៀល​នេះ​, ឯកឧត្តម បាន​អំពាវនាវ​ដល់​ក្រសួង​-​ស្ថាប័ន រោងចក្រ ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ សូម​បន្ត​ចូលរួម​ប្រើប្រាស់​ប្រាក់​រៀល​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ ទាំង​ការ​ទូទាត់​ជា ប្រាក់​រៀល ការ​បិទ​ស្លាក​ថ្លៃ​ទំនិញ​ជា​រៀល និង​ការ​សន្សំ​ជា​ប្រាក់​រៀល​ជាដើម ​។

ដោយឡែក​ប្រព័ន្ធ​បាគង​, ឯកឧត្តម យឹ​ម លាត ថ្លែង​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ការ​ទូទាត់​ប្រាក់​ឆ្លង​ដែន​ជាមួយ​ប្រទេស​វៀតណាម ថៃ និង​ឡាវ គឺ Scan QR Code ជា​ប្រាក់​រៀល​តែ​ម្តង ដោយ​មិន​ចាំបាច់​ដូរ​ជា​ដុល្លារ​ឡើយ ហើយ​នៅ​ក្នុងឆ្នាំនេះ ធនាគារជាតិ​នៃ​កម្ពុជា នឹង​អាច ត​ភ្ជាប់​ជាមួយ​ប្រទេស​ឥណ្ឌា និង​ចិន ហើយ​មាន​ផែនការ​ត​ភ្ជាប់​ជាមួយ​ប្រទេស​ផ្សេង​ទៀត​ក្នុង​ពិភពលោក​ផង​ដែរ​។ ចំណែក​បាគង សម្រាប់​ទេសចរ (BakongTourists App) ភ្ញៀវ​ទេសចរ​ក៏​អាច​ប្រើ​បាគង​សម្រាប់​ទេសចរ​នេះ នៅ​តាម​បណ្ដា​ប្រទេស​ក្នុង​តំបន់ ដែល កម្ពុជា​បាន​ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​នេះ​ជាមួយ​ផង​ដែរ​ដូច​ជា ប្រទេស​ថៃ វៀតណាម ឡាវ និង​មាន​ប្រទេស​ជា​ច្រើន​ទៀត ​៕ អត្ថបទសហការ