ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

 ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា​ បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួនចំពោះការ​ជួយ​ដល់​សហគមន៍​មូលដ្ឋាន និង​បរិស្ថានតាមរយៈការ​ដាំ​ដើម​កោងកាងនៅ​ខេត្ត​កែប

3 ថ្ងៃ មុន

រាជធានីភ្នំពេញ, ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ ៖ ដើម្បីអបអរទិវាអនាម័យបរិស្ថានជាតិ ក្រុមហ៊ុន ហ៊ិននីគែន…

រាជធានីភ្នំពេញ, ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ ៖ ដើម្បីអបអរទិវាអនាម័យបរិស្ថានជាតិ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានបង្ហាញសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអភិរក្សបរិស្ថានកម្ពុជាតាមរយៈការដាំដើមកោងកាងចំនួន ៣ ០០០ ដើមនៅសហគមន៍នេសាទភូមិកែបក្នុងខេត្តកែប។ គំនិតផ្តួចផ្តើមនេះត្រូវបានគាំទ្រដោយក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានខេត្ត ។

ការដាំដើមកោងកាងគឺជាផ្នែកមួយនៃកម្មវិធីដែលកំពុងការពារ និងស្តារឡើងវិញនូវព្រៃកោងកាងដ៏សំខាន់ នៅតាមឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជាដែលស្របតាមការប្តេជ្ញាចិត្តរយៈពេលវែងរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចំពោះយុទ្ធសាស្ត្រនិរន្តរភាព «រួមគ្នាដើម្បី​កម្ពុជាកាន់​តែ​ប្រសើរ» ដែលផ្តោតលើសសរស្តម្ភសំខាន់ៗបីរួមមាន បរិស្ថាន សង្គម និងការទទួលខុសត្រូវ ។

គំនិតផ្តួចផ្តើមនេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពផ្សេងៗដើម្បីអបអរខួបលើកទី ៣០ របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្រោមប្រធានបទ «អរគុណសម្រាប់ ៣០ ឆ្នាំ»។ កម្មវិធីដាំដើមកោងកាងនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម កូប រ៉លី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន អភិបាលខេត្តកែប និងអមដោយថ្នាក់ដឹកនាំក្រសួងបរិស្ថាន គណៈអភិបាលខេត្ត មន្ទីរបរិស្ថានខេត្ត សហគមន៍នេសាទភូមិកែប និងសហការីរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម កូប រ៉លី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ «ក្នុងនាមក្រសួងបរិស្ថាន ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុងការគាំទ្រយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ២០២៣ ដល់ ២០២៨ ដើម្បីលើកកម្ពស់ ភាពស្អាត ភាពបៃតង និងចីរភាព ដោយការចូលរួមចំណែកនេះនឹងជួយរាជរដ្ឋាភិបាលក្នុងការស្តារ និងអភិរក្សព្រៃកោងកាងដែលទ្រទ្រង់ដល់ប្រព័ន្ធអេកូឡូស៊ីដែលមានសារៈសំខាន់សម្រាប់ការអភិរក្សបរិស្ថានរបស់យើង» ។ 

អភិបាលខេត្តកែប ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ បានមានប្រសាសន៍ថា ៖ «យើងពិតជាថ្លែងអំណរគុណដល់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលបានជ្រើសរើសខេត្តកែបសម្រាប់គំនិតផ្តួចផ្តើមដ៏មានតម្លៃនេះ ។ នៅសហគមន៍នេសាទភូមិកែប យើងដឹងពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងក្នុងការថែរក្សាសុខភាព សុខុមាលភាពសហគមន៍ និងបរិស្ថានរបស់យើង» ។

លោកស្រី Anne de Graaf នាយកផ្នែកកិច្ចការសាជីវកម្មនៅ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «អស់រយៈពេល ៣០ ឆ្នាំមកហើយ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានប្តេជ្ញាចិត្តក្នុងការរួមចំណែកដល់កំណើន និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាពរបស់ប្រទេសកម្ពុជាដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើម «រួមគ្នាធ្វើឱ្យប្រទេសកម្ពុជាប្រសើរឡើង» របស់យើង ។ ការចូលរួមចំណែករបស់យើងនៅថ្ងៃនេះ បង្ហាញពីការប្តេជ្ញាចិត្តបន្តរបស់យើងចំពោះបរិស្ថាន និងសហគមន៍មូលដ្ឋានដូចជា សហគមន៍នេសាទភូមិកែបជាដើម ។ នៅ ក្រុមហ៊ុន ហ៊ិននីគែន​ ខេមបូឌា យើងយល់ថា យើងអាចរីកចម្រើនបាន លុះត្រាតែអ្នកនៅជុំវិញយើងរីកចម្រើនជាមួយយើងដូចគ្នា ។ ដូច្នេះហើយនេះជាមូលហេតុដែលយើងធ្វើកម្មវិធីនេះឡើងនៅថ្ងៃនេះ» ។ 

លោក រិន ធារ៉ា ប្រធានសហគមន៍នេសាទភូមិកែបមានប្រសាសន៍ថា ៖ «ការការពារ និងស្ដារព្រៃកោងកាងផ្តល់នូវការការពារដ៏ល្អបំផុតមួយរបស់ធម្មជាតិប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ដោយសាររុក្ខជាតិប្រភេទនេះរួមចំណែកក្នុងការស្រូបយកឧស្ម័នកាបូនិច និងកាត់បន្ថយការហូរច្រោះច្រាំងទន្លេដោយផ្តល់ការការពារដល់សហគមន៍តំបន់ឆ្នេរ ជួយទប់ស្កាត់នឹងទឹកជំនន់តាមឆ្នេរសមុទ្រ ខ្យល់បក់ខ្លាំង និងរលកសមុទ្រ» ។

តំបន់ព្រៃកោងកាងនៅភាគខាងត្បូងនៃប្រទេសកម្ពុជា គឺជាតំបន់ដែលសម្បូរទៅដោយជីវចម្រុះ ដែលអ្នកស្រុកនៅតំបន់នោះជាច្រើនពឹងផ្អែកជីវចម្រុះទាំងនោះក្នុងការចិញ្ចឹមជីវិតរបស់ពួកគេដូចជា អាហារប្រចាំថ្ងៃ សម្ភារសំណង់ និងតំបន់ទេសចរណ៍ធម្មជាតិ ។ ព្រៃកោងកាងក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសុខុមាលភាពប្រព័ន្ធធារាសាស្រ្តរបស់យើង ដោយធានាឱ្យមានលំហូរទឹកស្អាត និងមានគុណភាព។ ការដាំដើមឈើកោងកាងនេះស្របនឹងការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុន ហ៊ិននីគែន ចំពោះការការពារប្រភពទឹកស្អាត និងធម្មជាតិដោយប្រកបដោយសុខុមាលភាពល្អ ។

គំនិតផ្តួចផ្តើមចុងក្រោយនេះ រួមចំណែកដល់គម្រោងដែលក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានកំពុងតែដំណើរការជាមួយសហគមន៍ ដែលឥឡូវនេះក្រុមហ៊ុនបានដាំ និងបរិច្ចាគដើមឈើជាង ១ ០០០០ ដើមនៅទូទាំងខេត្តចំនួន ៥ និងផ្តល់អំពូលភ្លើងតាមដងផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យជាង ៩៩០ ដល់សហគមន៍ចំនួន ៥ ដើម្បីបង្កើនសុវត្ថិភាព និងសន្តិសុខសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ។

គំនិតផ្តួចផ្តើមនៃផ្នែកបរិស្ថាន និង យុទ្ធសាស្រ្ត «រួមគ្នាធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» របស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានគូសបញ្ជាក់នៅក្នុងរបាយការណ៍វាយតម្លៃផលវិជ្ជមានសេដ្ឋកិច្ចសង្គមនាពេលថ្មីៗនេះដែលបានសិក្សាវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សាវាយតម្លៃផលវិជ្ជមាន Steward Redqueen ដែលត្រូវបានចាត់តាំងឱ្យសិក្សាពីការរួមចំណែករបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចំពោះសង្គម និងសេដ្ឋកិច្ចកម្ពុជាដែលជាផ្នែកមួយនៃខួបលើកទី ៣០ របស់ក្រុមហ៊ុន ។ របាយការណ៍ «ការរួមចំណែកសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៣ របស់ ក្រុមហ៊ុន ហ៊ិននីគែន ដល់ព្រះរាជាណាចក្រកម្ពុជា» ត្រូវបានបង្ហាញជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសចូលជួបសម្តែងការគួរសមនាពេលថ្មីៗនេះពីគណៈប្រតិភូ ក្រុមហ៊ុន ហ៊ិននីគែន ដឹកនាំដោយប្រធានតំបន់របស់ ក្រុមហ៊ុន ហ៊ិននីគែន ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោក Jacco van der Linden ។

អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ ១៩៩៤ ។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជន ដែលត្រូវការស្រាបៀរម៉ាកយីហោអន្តរជាតិគុណភាពខ្ពស់ ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown ។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញ ក្រុមហ៊ុនមានបុគ្គលិកប្រមាណ ៧០០ នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាប្រមាណ ៦៦.០០០ នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន ។ ដោយការប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបំណង «រួមគ្នាធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ដោយផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើដំណើរឆ្ពោះទៅកាន់ពិភពលោកដែលមានអព្យាក្រិតកាបូនសូន្យ កាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន ហ៊ិននីគែន ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក ៕ អត្ថបទសហការ