ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ បើក​វគ្គ​វិ​ក្រឹ​ត​ការ​គ្រូ​បច្ចេកទេស​ស្តី​ពី «​វិធីសាស្ត្រ​បង្រៀន និង​ការ​ប្រើប្រាស់​ ម៉ូឌុល​តាម​ជំនាញ​» លើក​ទី ​២

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ…

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​វិ​ក្រឹ​ត​ការ​គ្រូ​បច្ចេកទេស​ស្តី​ពី «​វិធីសាស្ត្រ​បង្រៀន និង​ការ​ប្រើប្រាស់​ម៉ូឌុល​តាម​ជំនាញ​» លើក​ទី​២ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស (NTTI)​ ។

ថ្លែង​ក្នុង​កម្មវិធី​បើក​វគ្គ​វិ​ក្រឹ​ត​ការ ឯកឧត្តម​រដ្ឋលេខាធិការ​បាន​គូសបញ្ជាក់​ថា វគ្គ​វិ​ក្រឹ​ត​ការ​គ្រូ​បច្ចេកទេស​ស្តី​ពី «​វិធីសាស្ត្រ​បង្រៀន និង​ការ​ប្រើប្រាស់​ម៉ូឌុល​តាម​ជំនាញ​» ធ្វើ​ឡើង​ដើម្បី​ពង្រឹងសមត្ថភាព​គ្រូ​បច្ចេកទេស ក្នុង​ការ​អនុវត្ត​កញ្ចប់​ស្តង់ដា​បណ្តុះបណ្តាល​ស្រប​តាម​គុណវុឌ្ឍិ​ជាតិ​កម្ពុជា ដែល​ជា​ឧបករណ៍​ទ្រទ្រង់​មួយ​ដ៏​ចាំបាច់ សម្រាប់​ធានា​គុណភាព​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​កម្ពុជា ដែល​មិន​ត្រឹមតែ​រួមចំណែក​ពង្រឹងសមត្ថភាព និង​គុណភាព​ជា​ចម្បង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​រួមចំណែក​លើកកម្ពស់ និង​គុណ​តម្លៃ​នៃ​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ សំដៅ​ទាក់ទាញ​យុវជន​ឱ្យ​ចាប់អារម្មណ៍ និង​ជ្រើសរើស​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ស្រប​តាម​ស្តង់ដា​ជាតិ និង​តំបន់​ផង​ដែរ ​។

ឯកឧត្តម​រដ្ឋលេខាធិការ ក៏​បាន​ជំរុញ​ឱ្យ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ទាំងអស់ បន្ត​រួម​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​TVET, វិស័យ​ឯកជន យកចិត្តទុកដាក់​ចំពោះ​បេសកកម្ម​បណ្តុះបណ្តាល ១,៥​លាន​នាក់ ពិសេស វិន័យ ការ​គ្រប់គ្រង​ថ្នាក់​សិក្សា គ្រូ​បច្ចេកទេស តាមដាន​និង​វាយតម្លៃ​គុណភាព​សិក្សា​វគ្គ​វិ​ក្រឹ​ត​ការ​នេះ ​។​   

ឯកឧត្តម​រដ្ឋលេខាធិការ​លើកទឹកចិត្ត​ឱ្យ​គ្រូ​បច្ចេកទេស លោកគ្រូ អ្នកគ្រូ​ទទួលខុសត្រូវ​វគ្គ​សិក្សា​ទាំងអស់ ចូលរួម​ដោយ​សកម្ម ក្រេប​យក​បទ​ពិសោធន៍ និង​ចែករំលែក​បទ​ពិសោធន៍ ព្រមទាំង​គំនិត​ក្នុង​វគ្គ​បំប៉ន​នេះ​ទៅ​ដល់​សិក្ខាកាម សិស្ស​-​និស្សិត​  ដើម្បី​ទទួល​បាន​ចំណេះដឹង និង​ជំនាញ​ស្រប​តាម​ទីផ្សារ​ការងារ​ ។

ឯកឧត្តម​សង្ឃឹមថា​លទ្ធផល​នៃ​វគ្គ​នីមួយ​ៗ​នេះ នឹង​ចូលរួម​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ​សមត្ថភាព​គ្រូ​បច្ចេកទេស ឱ្យ​មានគុណ​ភាព​ខ្ពស់​ជាមួយ​វិធីសាស្ត្រ​បណ្តុះបណ្តាល​ដ៏​រឹង​មាំ និង​ការ​អនុវត្ត​ជាក់ស្តែង​នូវ​ជំនាញ​បច្ចេកទេស​ដែល​នឹង​ជួយ​ផលិត​បាន​នូវ​សិក្ខាកាម សិស្ស​-​និស្សិត ឬ​កម្មករ ជំនាញ​ប្រកបដោយ​គុណភាព ដើម្បី​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម បាន​តាម​សេចក្តី​ប្រាថ្នា​នៃ​សេដ្ឋកិច្ច សង្គម​របស់​ប្រទេស​ជាតិ ​។

សូម​បញ្ជាក់​ថា វគ្គ​វិ​ក្រឹ​ត​ការ​គ្រូ​បច្ចេកទេស លើក​ទី​២​នេះ មាន​រយៈពេល​ ១០ ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៤ ដោយ​មាន​សិក្ខាកាម​ជា​គ្រូ​បច្ចេកទេស​សរុប​ចំនួន ១៥០​នាក់ និង​មានការ​ធ្វើ​បទ​បង្ហាញ​ពី​វាគ្មិន​ជា​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​, តំណាង​វិស័យ​ឯកជន​, ថ្នាក់ដឹកនាំ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ផង​ដែរ​ ៕ អត្ថបទសហការ