ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមការងារ​រាជរដ្ឋាភិបាល ​ចុះ​មូលដ្ឋាន​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ធ្វើ​វេទិកាសាធារណៈ​ជាមួយ​ពលរដ្ឋ ដើម្បីដោះស្រាយ​បញ្ហា​ប្រឈម និង​សំណូមពរ​ចាំបាច់​នានា​ក្នុងមូលដ្ឋាន

1 ថ្ងៃ មុន

ខេត្ត​កំពង់ចាម​ ៖ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បាន​បើក​វេទិកាសាធារណៈ របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ដើម្បី​ពង្រឹង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ និង​ពង្រឹង​ការ​ដោះស្រាយ​បញ្ហា​ផ្សេង​ទៀត​នៅ​មូលដ្ឋាន​ ។ វេទិកាសាធារណៈ​នេះ​ធ្វើ​ឡើង​រយៈពេល​ពីរ​ថ្ងៃ…

ខេត្ត​កំពង់ចាម​ ៖ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បាន​បើក​វេទិកាសាធារណៈ របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ដើម្បី​ពង្រឹង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ និង​ពង្រឹង​ការ​ដោះស្រាយ​បញ្ហា​ផ្សេង​ទៀត​នៅ​មូលដ្ឋាន​ ។

វេទិកាសាធារណៈ​នេះ​ធ្វើ​ឡើង​រយៈពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី ​២៣-២៤ ខែវិច្ឆិកា ឆ្នាំ ​២០២៤ នៅ​ទីតាំង​ចំនួន ​៤​កន្លែង​ផ្សេង​គ្នា ស្ថិត​នៅ​ក្នុងស្រុក​កំពង់សៀម ខេត្តកំពង់ចាម ក្រោម​វត្តមាន​របស់​អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជា​អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ចាម និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​, រួម​និង​ប្រធាន អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ឃុំ​, សមាជិក​ក្រុមប្រឹក្សា​ស្រុក​, អភិបាលរង​ស្រុក​, នាយករង​រដ្ឋបាល​ស្រុក​, មេឃុំ និង​ប្រជាពលរដ្ឋ​ចូលរួម សរុប​ប្រមាណ​១​ពាន់​នាក់ ​។

វេទិកាសាធារណៈ​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​កម្មវិធី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ស្វែង​យល់​អំពី​ជីវភាព​រស់នៅ និង​ផ្តល់​ឱកាស​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​កង្វល់ និង​បញ្ហា​ផ្សេង​ៗ​នៅ​ក្នុងភូមិ​-​ឃុំ​របស់​ខ្លួន ដោយ​អាច​លើក​ឡើង​នូវ​កង្វល់ សំណើ ក៏​ដូច​ជា​សំណូមពរ និង​បញ្ហា​ប្រឈម​ទាំង​អស់នោះ ព្រមទាំង​កំណត់​វិធានការ​ដោះស្រាយ ឆ្លើយ​តប​នូវ​តម្រូវការ​ប្រជាពលរដ្ឋ​បាន​ទាន់​ពេលវេលា ​។

តាម​រយៈ​វេទិកាសាធារណៈ​នេះ បាន​បញ្ជាក់​ថា ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន គឺជា​យន្ដការ​ដ៏​សំខាន់​មួយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ចុះ​ជួយ​តម្រង់​ទិស គាំទ្រ លើកកម្ពស់ កែ​លម្អ និង​ជំរុញ​ការ​ផ្សារ​ភ្ជាប់​រវាង​ការ​អនុវត្ដ​យុទ្ធសាស្ដ្រ និង​ផែនការអភិវឌ្ឍន៍​របស់​ថ្នាក់​ក្រោម​ជាតិ​តាម​បណ្តា​ភូមិ ឃុំ និង​ស្រុក ទៅ​នឹង​របៀបវារៈ​នៃ​ការ​អភិវឌ្ឍ​គោលនយោបាយ និង​យុទ្ធសាស្ដ្រ​ថ្នាក់​ជាតិ ដើម្បី​បន្ដ​លើក​ស្ទួយ​សុខុមាលភាព​ប្រជាពលរដ្ឋ ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សេវា​សាធារណៈ ការ​បន្ដ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​គន្លឹះ និង​ការ​ធានា​ឱ្យ​បាន​នូវ​សណ្ដាប់ធ្នាប់ សុខ​សន្ដិភាព និង​សុវត្ថិភាព ព្រមទាំង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេង​ៗ ដែល​បាន​កើតឡើង​នៅ​មូលដ្ឋាន​ផ្ទាល់ ​។

ក្នុង​អង្គ​វេទិកាសាធារណៈ​នេះ​ដែរ ក៏​មាន​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​នូវ​កង្វល់ សំណើ សំណូមពរ និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ជា​តម្រូវការ​ចាំបាច់​ក្នុងភូមិ​-​ឃុំ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន លើកកម្ពស់​ការ​ផ្តល់ សេវា​សាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ឲ្យ​បាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព ​។

តាម​រយៈ​វេទិកាសាធារណៈ​នេះ​ដែរ អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​កំពង់សៀម បាន​ណែនាំ​ក្រុមការងារ​ចុះ​ពង្រឹង​តាម​មូលដ្ឋាន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​បន្ត​ពង្រឹង​ការ​ផ្តល់​នូវ​សេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ខ្ជាប់ខ្ជួន និង​បន្ត​ស្តាប់​នូវ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ព្រមទាំង​បន្ត​ពង្រឹង​សន្តិសុខ សុវត្ថិភាព តាម​រយៈ​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ដែល​កើត​មាននៅ​ក្នុង​មូលដ្ឋាន ជា​ពិសេស​ត្រូវ​ចុះ​ពិនិត្យ និង​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម និង​សំណូមពរ​ចាំបាច់​នានា​របស់​ប្រជាពលរដ្ឋ​ ៕ អត្ថបទសហការ