ខេត្តសៀមរាប ៖ ថ្លែងនៅក្នុងទឹកដីខេត្តសៀមរាប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ទឹកដីរបស់កម្ពុជា ធ្លាប់ជាវាលមីន ឥឡូវនេះបានក្លាយទៅជាដីមានជីវជាតិសម្រាប់ធ្វើកសិកម្ម នគរូបនីយកម្ម និងអភិវឌ្ឍ ។
នាឱកាសបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយគ្មានមីន នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា លើសពីកិច្ចខិត ខំប្រឹងប្រែងបោសសម្អាតគ្រាប់មីន គំនិតផ្តួចផ្តើមជំនួយដល់ជនរងគ្រោះជាច្រើន ក្រោមការសម្របសម្រួលដោយអាជ្ញាធរគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (CMAA) បានផ្តល់ការស្តារនីតិសម្បទា និងគាំទ្រការធ្វើសមាហរណកម្មឡើងវិញ និងការតស៊ូមតិសម្រាប់អ្នករស់រានមានជីវិតតាមរយៈការអប់រំអំពីហានិភ័យ ។
សម្តេចមហាបវរធិបតី បន្ដថា សមិទ្ធផលជាច្រើនត្រូវបានកើតឡើង ។ សេដ្ឋកិច្ចកម្ពុជាដែលមានកំណើនជាមធ្យមក្នុងរង្វង់៧% ក្នុងមួយឆ្នាំ មុនការរាតត្បាតនៃជំងឺកូវីដ-១៩បានរីកសាយភាយដល់តំបន់ដែលត្រូវបានដោះមីន ។ សម្តេចមហាបវរធិបតីបានគូសបញ្ជាក់ថា ៖«ទឹកដីដែលធ្លាប់ជាវាលមីន ឥឡូវនេះបានក្លាយទៅជាដីមានជីវជាតិសម្រាប់ធ្វើកសិកម្ម នគរូបនីយកម្ម និងការអភិវឌ្ឍ ហើយបានជួយប្រជាជនរាប់លាននាក់ចាកចេញពីភាពក្រីក្រ» ។
សម្តេចមហាបវរធិបតី បន្ថែមថា ប្រមាណ៨០% នៃផ្ទៃដីដែលត្រូវបានបោសសម្អាតត្រូវបានយកទៅប្រើប្រាស់សម្រាប់វិស័យកសិកម្ម ចំណែកនៅផ្ទៃដីនៅសល់ត្រូវបានប្រើប្រាស់សម្រាប់លំនៅដ្ឋាន និងការអភិវឌ្ឍរួមមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ សម្រាប់បង្កើនការតភ្ជាប់ទូទាំងប្រទេសដែលបានធ្វើឱ្យសេដ្ឋកិច្ចរបស់យើងរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ ។
ប្រទេសកម្ពុជាបានប្រែក្លាយប្រវត្តិសាស្ត្រសោកនាដកម្មរបស់ខ្លួនទៅជាមេរៀនដ៏មានអានុភាពមួយសម្រាប់ពិភពលោក ដោយបានតស៊ូមតិប្រឆាំងនឹងការប្រើប្រាស់មីនប្រឆាំងមនុស្ស និងបង្ហាញពីផលវិបាករយៈពេលវែងរបស់មីន ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា វឌ្ឍនាភាពដ៏ថ្លៃថ្លារបស់កម្ពុជា ក្នុងសកម្មភាពដោះមីននឹងមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការជួយគាំទ្រពីសហគមន៍អន្តរជាតិ ។
សម្តេចមហាបវរធិបតីថា ផលប៉ះពាល់ពីសង្គ្រាមលើសតិអារម្មណ៍ និងស្មារតីមានភាពធ្ងន់ធ្ងរដូចគ្នា ។ ការរស់នៅជាមួយគ្រាប់មីនបានធ្វើឱ្យប្រជាជនកម្ពុជាជាច្រើនមានភាពលំបាកក្នុងការទទួលយកការពិតនៃសន្តិភាព និងនឹកស្រមៃដល់អនាគតដ៏ភ្លឺស្វាង ។
ស្លាកស្នាមដែលគ្រាប់មីនបានបន្សល់ទុក – ទាំងផ្លូវកាយ និងផ្លូវចិត្ត – គឺជាការរំលឹកប្រចាំថ្ងៃ អំពីភាពរន្ធត់ កាលពីអតីតកាល ។ សម្តេចមហាបវរធិបតី បានបញ្ជាក់ទៀតថា ៖«វឌ្ឍនាភាពដ៏ថ្លៃថ្លារបស់កម្ពុជា ក្នុងសកម្មភាពដោះមីននឹងមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការជួយគាំទ្រពីសហគមន៍អន្តរជាតិ ។ តាមរយៈភាពជាដៃគូជាមួយប្រទេស និងអង្គការម្ចាស់ជំនួយនានាដែលបានផ្ដល់នូវកិច្ចគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងការលើកទឹកចិត្ត យើងបានបោះជំហានដ៏សំខាន់ក្នុងការសម្រេចគោលដៅ» ។
សម្តេចមហាបវរធិបតីបន្ដថា មកទល់បច្ចុប្បន្ននេះ កម្ពុជាបានបំផ្លាញមីនប្រឆាំងមនុស្សជា ង១លានគ្រាប់ និងសំណល់ជាតិផ្ទុះចំនួន៣លានគ្រាប់ ។ កម្ពុជាក៏បានបោសសម្អាត មីន លើផ្ទៃដីជាង៣.០០០ គីឡូម៉ែត្រការ៉េ ដោយបានប្រែក្លាយរាជធានី-ខេត្តចំនួន១៥ ក្នុងចំណោម២៥ ជារាជធានី-ខេត្តអស់មីន ។ ចំនួនជនរងគ្រោះបានធ្លាក់ចុះពីមធ្យមជាង ៤.៣០០នាក់ ក្នុងមួយឆ្នាំក្នុងឆ្នាំ១៩៩៦ មកតិចជាង១០០នាក់ ក្នុងមួយឆ្នាំក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ ។
សូមរំលឹកថា មកទល់បច្ចុប្បន្ននេះ កម្ពុជាបានបំផ្លាញមីនប្រឆាំងមនុស្សជាង១លានគ្រាប់ និងសំណល់ជាតិផ្ទុះចំនួន៣លានគ្រាប់ ។ កម្ពុជាក៏បានបោសសម្អាតមីនលើផ្ទៃដីជាង ៣.០០ ០គីឡូម៉ែត្រការ៉េ ដោយបានប្រែក្លាយរាជធានី-ខេត្តចំនួន១៥ ក្នុងចំណោម ២៥ ជារាជធានី-ខេត្តអស់មីន ។ ចំនួនជនរងគ្រោះបានធ្លាក់ចុះពីមធ្យមជាង៤.៣០០នាក់ ក្នុងមួយឆ្នាំក្នុងឆ្នាំ ១៩៩៦ មកតិចជាង១០០នាក់ ក្នុងមួយឆ្នាំក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ