ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មការិនីម្នាក់ស្រលាញ់ប៉ះចំប្ដីគេបានកូនប្រុស១ ប្ដីដោះដៃចោលនាងបីកូនដើររកអ្នកយកទៅចិញ្ចឹម

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាង​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់ បាន​ស្រលាញ់​បុរស​ម្នាក់​រហូត​ជ្រុលខ្លួន​មាន​ផ្ទៃពោះ​ទើប​ដឹង​ថា បុរស​នោះ​មាន​ប្រពន្ធ និង​កូន​រួច​ទៅ​ហើយ ចំណែក​ប្ដី​ហេងស៊យ​នោះ គ្មាន​មុខរបរ​រកស៊ី​អ្វី​នោះ​ទេ ហើយ​ក៏​មិន​បាន​ទទួលខុសត្រូវ​ចិញ្ចឹម​រូប​នាង និង​កូន​ឡើយ…

រាជធានី​ភ្នំពេញ ៖ នាង​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់ បាន​ស្រលាញ់​បុរស​ម្នាក់​រហូត​ជ្រុលខ្លួន​មាន​ផ្ទៃពោះ​ទើប​ដឹង​ថា បុរស​នោះ​មាន​ប្រពន្ធ និង​កូន​រួច​ទៅ​ហើយ ចំណែក​ប្ដី​ហេងស៊យ​នោះ គ្មាន​មុខរបរ​រកស៊ី​អ្វី​នោះ​ទេ ហើយ​ក៏​មិន​បាន​ទទួលខុសត្រូវ​ចិញ្ចឹម​រូប​នាង និង​កូន​ឡើយ ។

ពេល​នេះ​នាង​កើត​បានកូន​ប្រុស​ម្នាក់ អាយុ​ជាង​១​ខែ​ហើយ នាង​បាន​បីកូន​ទៅ​រក​ប្ដី​ដល់​ផ្ទះ ប៉ុន្តែ​អត់​ជួប​ប្ដី​បែរជា​ជួប​ប្រពន្ធដើម ហើយ​ត្រូវ​ប្រពន្ធដើម​ប្ដី​វា​.​យ​ធ្វើបាប​ទៀត​ទើប​នាង​បីកូន​យក​ទៅ​ផ្ញើរ​ទុក​នៅ​ស្ត្រី​អ្នក​រើស​អេ​ត​ចាយ​ម្នាក់ រួច​ក៏​គេចខ្លួន​បាត់ ។

ពេល​នោះ ស្ត្រី​អ្នក​រើស​អេ​ត​ចាយ​បាន​រាយ​ការ​ប្រាប់​លោក​មេ​ភូមិ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ប៉ុន្តែ​ជាង​៣​ម៉ោង​ក្រោយមក​ដោយ​អត់​ដាច់​ចិត្ត​ពី​កូន ស្រាប់តែ​ស្ត្រី​រូប​នោះ​ត្រឡប់​ទៅ​យក​កូន​វិញ ។ ហេតុការណ៍​នោះ បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​នាង​ទៅ​យក​កូន​វិញ នៅ​វេលា​ម៉ោងជាង​៩​ព្រឹក​ថ្ងៃ​ដដែល​នោះ ។

ស្ត្រី​ខាងលើ​ឈ្មោះ ស ស ផ អាយុ​៣១​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ មានស្រុក​កំណើត​នៅ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ចំណែក​បុរស​ដែល​ជា​ប្ដី​មិន​ទទួលខុសត្រូវ​លើ​រូប​នាង និង​កូន​នោះ​អត់​ដឹង​ថា ឈ្មោះ​ពិត​អ្វី​ទេ ។ នាង​ស្គាល់​តែ​ឈ្មោះ​ហៅ​ក្រៅ​ថា តា​ស្រ​ម៉ូ​ម ប៉ុណ្ណោះ ហើយ​តា​ស្រ​ម៉ូ​ម​នេះ​មាន​ប្រពន្ធ និង​កូន​ស្នាក់​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បើ​តាម​ស្ត្រី​អ្នក​រើស​អេ​ត​ចាយ​ម្នាក់​បាន​និយាយ​ថា កាលពី​វេលា​ម៉ោង​ជិត​១១​យប់ ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៤ ខណៈ​ដែល​គាត់​កំពុង​ដេក​នៅ​ក្នុង​ខ្ទម​ម្នាក់ឯង ស្រាប់តែ​ឃើញ​នាង​កម្មការិនី​ម្នាក់​នោះ បីកូន​ប្រុស​ខាងលើ​ទៅ​កាន់​កន្លែង​គាត់ ហើយ​គាត់​មិន​ដែល​ធ្លាប់​ស្គាល់​នាង​ពី​មុន​មក​នោះ​ទេ ។

ពេល​ទៅ​ដល់​នាង​បាន​និយាយ​ទៅ​កាន់​គាត់​ថា តើ​បង​ចង់បាន​កូនចិញ្ចឹម ឬ​អត់? គាត់​ក៏​ឆ្លើយ​ថា ជីវិត​ខ្ញុំ គឺជា​អ្នក​រើស​អេ​ត​ចាយ​ទេ ខ្ញុំ​ក៏​មានកូន​៦​នាក់​ហើយ​ដែរ ខ្ញុំ​អត់​មាន​លទ្ធភាព​យក​កូន​មក​ចិញ្ចឹម​ថែម​ទៀត​ទេ ។ ស្រាប់តែ​នាង​នោះ​និយាយ​តប​មក​កាន់​គាត់​វិញ​ថា ខ្ញុំ​អត់​ចិញ្ចឹម​កូន​នេះ​ទេ នរណា​យក​មិន​យក​ក៏​ខ្ញុំ​អត់​លទ្ធភាព​ចិញ្ចឹម​ដែរ នៅ​ជាមួយ​ខ្ញុំ​កូន​នេះ​អត់​អនាគត​ឡើយ ខ្ញុំ​ចង់​ឲ្យ​កូន​ខ្ញុំ​នេះ​ទៅ​អ្នកមាន​លុយ​ធូរធារ​ចិញ្ចឹម ដើម្បី​ឲ្យ​វា​មាន​អនាគត​ទៅ​ថ្ងៃក្រោយ ប៉ុន្តែ​បើ​គ្មាន​អ្នក​យក​ចិញ្ចឹម​ទេ ខ្ញុំ​នឹង​យក​វា​ទៅ​ទុក​ចោល​ហើយ ។

ពេល​ឮ​បែប​នេះ ក្នុង​ទឹក​ចិត្តជា​ម្ដាយ​ម្នាក់​ដែរ គាត់​មាន​អារ​កម្ម​ណ៍​ថា បើ​ស្ត្រី​នោះ​យក​កូន​ទៅ​ទុក​ចោល​មិនកើត​ទេ គាត់​បាន​ឃាត់​ឲ្យ​នាង​អង្គុយ​សិន ហើយ​គាត់​បាន​សួរនាំ​ពី​ដើមហេតុ​ដំណើររឿង ។

ស្ត្រី​អ្នក​រើស​អេ​ត​ចាយ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពេល​នោះ​នាង​ខាងលើ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​បាន​ស្រលាញ់​បុរស​ឈ្មោះ​តា​ស្រ​ម៉ូ​ម​នោះ ប៉ះ​ចំ​ប្ដី​គេ​ហើយ ខ្ញុំ​ជា​ប្រពន្ធចុង​គេ ប្ដី​មិន​ទទួលខុសត្រូវ​លើ​រូប​ខ្ញុំ និង​កូន​សោះ ។ នាង​ក៏​បាន​និយាយ​ពឹង​គាត់​ថា សូម​បង​ឯង​ជួយ​រក​មនុស្ស​ចិញ្ចឹម​កូន​ខ្ញុំ​ផង ខ្ញុំ​និង​ហៅ​ប្ដី​ខ្ញុំ​មក​ឲ្យ​ផ្ដិត​មេដៃ​ឲ្យ ហើយ​ខ្ញុំ​សុំ​ជាស​គុណ​គេ​បន្តិចបន្តួច ដើម្បី​បាន​ប្រាក់​ធ្វើ​ដើម​រកស៊ី​បន្ត​ទៀត ។ ប៉ុន្តែ​គាត់​ប្រាប់​វិញ​ថា ពុំ​ដឹង​ថា​ត្រូវ​ទៅ​រក​អ្នក​ដែល​ចង់បាន​កូន​នេះ​យក​ទៅ​ចិញ្ចឹម​ឯណា​មក​ឲ្យ​នាង​ទេ ពេល​នោះ​ស្រាប់តែ​នាង​បាន​សុំ​ផ្ញើរ​កូន និង​គាត់​១​យប់​សិន ប៉ុន្តែ​គាត់​ក៏​មិន​ហ៊ាន​ទទួល​ទេ ព្រោះ​ខ្លាច​នាង​ម្នាក់​នេះ​ប្រើ​ល្បិច​ប្ដឹង​សមត្ថកិច្ច​ចោទប្រកាន់​ថា គាត់​លួច​កូន​របស់​នាង ។

បន្ទាប់​មក គាត់​ក៏​បាន​ខ​ល​ប្រាប់​លោក​មេ​ភូមិ​ពី​ដំណើររឿង ហើយ​លោក​មេ​ភូមិ​ក៏​បាន​ប្រាប់​គាត់​ថា ឲ្យ​នាង​ស្នាក់​នៅ​ជាមួយ​គាត់​១​យប់​សិន​ទៅ​ទើប​យប់​នោះ​គាត់​យល់ព្រម​ឲ្យ​នាង​ស្នាក់​នៅ​១​យប់ ហើយ​ដើម្បី​ការពារ​ខ្លួន​គាត់​ក៏​បាន​ហៅ​យុវជន​៣​នាក់​ទៀត ឲ្យ​មក​ដេក​នៅ​ជាមួយ​គាត់​ដែរ ព្រោះ​មិន​ទុកចិត្ត​នាង​ម្នាក់​នេះ​ឡើយ ។

អ្នក​រើស​អេ​ត​ចាយ​ខាងលើ បាន​ប្រាប់​បន្ថែម​ទៀត​ថា លុះដល់​វេលា​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ ស្ត្រី​រូប​នោះ​ក៏​បាន​បីកូន​ចាកចេញ​ទៅ​បាត់​ទៅ រហូត​ដល់​វេលា​ម៉ោង​ជា​៩​យប់​ថ្ងៃ​ដដែល ស្រាប់តែ​ឃើញ​បីកូន​ត្រឡប់​ទៅ​ផ្ទះ​គាត់​វិញ​ម្ដងទៀត ហើយ​ឃើញ​មាន​ស្នាម​មុត​ក្រចក​លើ​ផ្ទៃមុខ​ផង ។

គាត់​បាន​សួរនាំ​ថា មានរឿង​អី​នាង​ក៏​ប្រាប់​ថា នាង​បាន​បីកូន​ទៅរ​កតា​ស្រ​ម៉ូ​ម ដែល​ជា​ប្ដី​ដល់​ផ្ទះ​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ប៉ុន្តែ​ពេល​ទៅ​ដល់​អត់​ជួប​ប្ដី​ទេ គឺ​ជួប​តែ​ប្រពន្ធដើម​ប្ដី ក៏​ត្រូវ​ប្រពន្ធដើម​នោះ​វា​.​យ​ធ្វើបាប​នាង ។ ពេល​នោះ គាត់​ក៏​បាន​ឲ្យ​នាង​ស្នាក់​នៅ​១​យប់​ទៀត​លុះដល់​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២៤ ខែវិច្ឆិកា នាង​បាន​ផ្ញើរ​កូន​ទុក​ឲ្យ​នៅ និង​គាត់ ដោយ​ប្រាប់​គាត់​ថា ទៅ​រក​ទិញ​បាយ​ហូប​មួយ​ភ្លែត រួច​ក៏​ទៅ​បាត់​រយៈពេល​ជាង​២​ម៉ោង​មិនឃើញ​ត្រឡប់​មក​វិញ​សោះ​គាត់​ក៏​បាន​រាយការណ៍​ជូន​លោក​មេ​ភូមិ​ម្ដងទៀត​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​តែ​ម្ដង ។

លោក​មេ​ភូមិ​ត្រពាំង​ពោធិ៍​បាន​និយាយ​ថា ក្រោយ​ពេល​ចាកចេញ​ចោល​កូន រយៈពេល​ជាង​៣​ម៉ោង​ក្រោយមក គឺ​នៅ​វេលា​ម៉ោងជាង​៩​ព្រឹក​ថ្ងៃ​ដដែល នាង​កម្មការិនី​រូប​នោះ​បាន​ត្រឡប់​ទៅ​យក​កូន​វិញ​ហើយ ។ នាង​បាន​និយាយ​ថា ក្នុង​នាម​ជា​ម្ដាយ​នាង​មិន​ដាច់​ចិត្ត​ចោល​កូន​ជាទី​ស្រលាញ់​របស់​ខ្លួន​នោះ​ទេ ហើយ​នាង​បាន​ប្រាប់​ពី​ឈ្មោះ និង​ស្រុក​កំណើត​របស់​នាង ព្រមទាំង​ដំណើររឿង​របស់​នាង និង​តា​ស្រ​ម៉ូ​ម​ដែល​ជា​ប្ដី​ខ្លះ​ៗ​ដែរ តែ​មិន​បាន​ក្បោះក្បាយ​ឡើយ ។

បន្ទាប់​មក​ក្នុង​នាម​ជា​មេ​ភូមិ​លោក​ក៏​បាន​ណែនាំ​ឲ្យ​នាង​តស៊ូ​ចិញ្ចឹម​កូន​ឲ្យ​បាន​ល្អ​កុំ​បោះបង់​ចោល​ឲ្យ​សោះ ថ្ងៃក្រោយ​ពេល​កូន​ធំ​ឡើង​កូន និង​ចិញ្ចឹម​នាង​ជា​ម្ដាយ​វិញ​ហើយ ។ ពេល​នោះ​ដែរ លោក​បាន​ជូន​ថវិកា​ចំនួន​១០​ម៉ឺន​រៀល​ដល់​នាង ចំណែក​លោក​ចាន់ ដែល​ជា​ប្រជា​ការពារ​សង្កាត់ បាន​ជួយ​ម្សៅ​ទឹកដោះគោ​២​កំប៉ុង ហើយ​ក៏​មានការ​ជួយ​ឧបត្ថម្ភ​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ