ទីក្រុងកៀវ៖ ព័ត៌មានចុងក្រោយបង្ហាញថាទឹកដី១ចំនួននៅតំបន់ខឺសដែលអ៊ុយក្រែនវាយឆ្មក់ និងចូលកាន់កាប់កាលពីខែសីហានោះ ឥឡូវនេះ ពួកគេបានរបូតពីដៃអស់៤០%បាត់ទៅហើយត្រឹមតែ១ប៉ប្រិចភ្នែកតែប៉ុណ្ណោះដោយសារកម្លាំងវាយបកដ៏ខ្លាំងក្លារួមគ្នារវាងកងទ័ពរុស្ស៊ីសហការជាមួយកងទ័ពកូរ៉េខាងជើងរាប់ពាន់នាក់ ឬប្រភពខ្លះថាដល់ជាងមួយម៉ឺននាក់។
ឥឡូវនេះ រុស្ស៊ីសម្រុកយ៉ាងខ្លាំងក្លាដើម្បីធ្វើម៉េចវាយរុញច្រានកងទ័ពអ៊ុយក្រែនឱ្យអស់ពីទឹកដីរុស្ស៊ីមុនពេលលោកត្រាំស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។ មន្ត្រីយោធាអ៊ុយក្រែនដែលស្នើសុំមិនបញ្ចេញឈ្មោះប្រាប់ថាថារុស្ស៊ីដាក់ពង្រាយកងទ័ព៥៩០០០នាក់នៅតំបន់ខឺសចាប់តាំងពីអ៊ុយក្រែនវាយឆ្មក់ដ៏គួរឱ្យភ្ញាក់ផ្អើល និងយ៉ាងឆាប់រហ័សដូចផ្លេកបន្ទោរ។
នៅក្នុងដំណាក់កាលដែលកងទ័ពអ៊ុយក្រែនវាយសម្រុកខ្លាំង ពួកគេអាចចូលកាន់កាប់តំបន់ខឺសនៅលើផ្ទៃដី១៣៧៦គីឡូម៉ែត្រការ៉េ។ ប៉ុន្តែទីតាំងឈរជើងរបស់អ៊ុយក្រែនកាន់តែរួមតូចជាងមុននៅពេលរុស្ស៊ីបង្កើនការវាយបកកាន់តែខ្លាំងឡើងៗ។ ឥឡូវនេះ ទីតាំងឈរជើងរបស់អ៊ុយក្រែននៅខឺសត្រូវកាត់បន្ថយមកនៅត្រឹមតែ៨០០គីឡូម៉ែត្រការ៉េតែប៉ុណ្ណោះ។ ប៉ុន្តែកងទ័ពអ៊ុយក្រែនប្ដេជ្ញាថាពួកគេត្រូវតែខិតខំឱ្យអស់ពីសមត្ថភាពដើម្បីបន្តកាន់កាប់ទីនោះតាមលទ្ធភាពដែលអាចធ្វើទៅបាន។
បើទុកជារុស្ស៊ីវាយយកបានតំបន់ខឺសទាំងស្រុងមកវិញក៏គ្មានអ្វីចម្លែកទេ។ ចម្លែកនៅត្រង់ថាវាជារឿងគួរឱ្យភ្ញាក់ផ្អើលបំផុតដែលប្រទេសមហាអំណាចយោធាទី២ពិភពលោកដូចជារុស្ស៊ីបណ្ដោយឱ្យកូនប្រទេសតូច១ដូចជាអ៊ុយក្រែនអាចវាយឆ្មក់ចូលទឹកដីរបស់ខ្លួនបានយ៉ាងងាយស្រួល ហើយបន្តធ្វើព្យុះធ្វើភ្លៀងរយៈពេលជាច្រើនខែរហូតមកដល់ពេលនេះមិនទាន់ដកថយទៅវិញទេ។ នេះជាលើកទី១ចាប់តាំងពីក្រោយសង្គ្រាមលោកលើកទី២ដែលកងទ័ពបរទេសចូលលុកលុយទឹកដីរុស្ស៊ី។
អ៊ុយក្រែនវាយឆ្មក់ចូលតំបន់ខឺសដើម្បីវាយហែកកម្លាំងរបស់រុស្ស៊ីកុំឱ្យវាយសម្រុកខ្លាំងពេកទៅលើអ៊ុយក្រែនភាគខាងកើត និងភាគឦសាន។ បើអាចធ្វើបាន, អ៊ុយក្រែនចង់បង្ខំឱ្យរុស្ស៊ីដកកម្លាំងទ័ព១ផ្នែកទៅជួយសង្គ្រោះតំបន់ខឺស។ ម៉្យាងទៀត អ៊ុយក្រែនចង់កាន់កាប់ទឹកដី១ចំណែករបស់រុស្ស៊ីដើម្បីងាយស្រួលទៅថ្ងៃមុខអ៊ុយក្រែនអាចនឹងមានទម្ងន់នៅក្នុងការចរចាគ្នា។
ប៉ុន្តែរុស្ស៊ីមិនចាញ់ការបោកបញ្ឆោត និងមិនដើរនៅលើផ្លូវដែលអ៊ុយក្រែនគូសឱ្យដើរនោះទេ។ ក្នុងនាមជាមហាអំណាច១ រុស្ស៊ីបើស៊ីនុយដែលគេបោះឱ្យស៊ីហាក់ដូចជាមិនសមទាល់តែសោះ។ រុស្ស៊ីមិនត្រូវការដកកងទ័ពទៅណាទេ ហើយក៏មិនបែកបែរអារម្មណ៍ទៅរកតំបន់ខឺសនោះដែរ។ រុស្ស៊ីទុកឱ្យអ៊ុយក្រែនសូឡូតែម្នាក់ឯងនៅខឺស និងវ៉ាងទីនៅទីនោះ១គ្រាសិនចុះ។
កងទ័ពរុស្ស៊ីដែលជាប់ដៃប្រយុទ្ធនៅអ៊ុយក្រែនគិតតែវាយសម្រុកទៅមុខជាបន្តទៀត។ ប្រភពខាងលើបញ្ជាក់ថាកងទ័ពកូរ៉េខាងជើងនៅតំបន់ខឺសមានប្រហែល១១០០០នាក់ដើម្បីជួយកងទ័ពរុស្ស៊ីជាង៥ម៉ឺននាក់ដែលមានស្រាប់។ ប៉ុន្តែកូរ៉េខាងជើងមិនទាន់ប្រឡូកនៅក្នុងសមរភូមិពេញបន្ទុកទេព្រោះពួកគេកំពុងជាប់ដៃក្នុងការហ្វឹកហាត់ក្បួនយុទ្ធសាស្ត្រនៅវគ្គបង្ហើយ។
ងាកមកសភាពការណ៍នៅសមរភូមិអ៊ុយក្រែនឯណោះវិញ តំបន់ឃូរ៉ាកូស (Kurakhove) ស្ថិតនៅក្នុងដំណាក់កាលគ្រោះថ្នាក់បំផុតនៅពេលកងទ័ពរុស្ស៊ីវាយសម្រុកទៅមុខក្នុង១ថ្ងៃៗពី២០០-៣០០ម៉ែត្រ។ ពួកគេអាចវាយទម្លុះខ្សែការពារដ៏រឹងមាំដែលមានរថពាសដែក និងខែលការពារទប់ទល់នឹងយន្តហោះដ្រូន។ នៅទូទាំងសមរភូមិអ៊ុយក្រែន រុស្ស៊ីប្រើប្រាស់កងទ័ពជាង៥៧ម៉ឺននាក់។ ទៅថ្ងៃមុខ រុស្ស៊ីនឹងបញ្ជូនទ័ពទៅថែមទៀត ហើយធ្វើឱ្យចំនួនកងទ័ពសរុបកើនឡើងដល់៦៩ម៉ឺននាក់៕
ចែករំលែកព័តមាននេះ