ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀត​ណាម​កា.ត់​ទោ.ស​ប្រ.ហារ​ជីវិត​បុរស​ម្នាក់​​​ដឹក​គ្រឿ.ង​ញៀ.ន​ពី​កម្ពុជា

3 ថ្ងៃ មុន

ទី​ក្រុង​ហាណូយ៖ ថ្មី​ៗ​នេះ តុលាការ​វៀត​ណា​ម​កាត់​ទោស​ប្រហារ​ជីវិត​បុរស​ម្នាក់​​​ពាក់​ព័ន្ធ​នឹង​​​គ្រឿង​ញៀន​២៥​គីឡូ​ក្រាម​​​។ បុ​រស​​​វៀតណាម​ឈ្មោះចាន់​វ៉ាន់​មេន (Trần Văn Mến) អាយុ​៤២​ឆ្នាំ​ត្រូវ​តុលាការ​រក​ឃើញ​ថា​គាត់​បាន​ធ្វើ​សកម្ម​ភាព​ដឹក​ជញ្ជូ​ន​​​​គ្រឿង​ញៀន​​ឆ្លង​កាត់​ព្រំ​ដែន​កម្ពុជា​-​វៀតណាម​។​ នៅ​ទី​បំផុត​ត្រូវ​អស់​លក្ខណ៍​ និង​ត្រូវ​សមត្ថ​កិច្ច​ចាប់​​បាន​។…

ទី​ក្រុង​ហាណូយ៖ ថ្មី​ៗ​នេះ តុលាការ​វៀត​ណា​ម​កាត់​ទោស​ប្រហារ​ជីវិត​បុរស​ម្នាក់​​​ពាក់​ព័ន្ធ​នឹង​​​គ្រឿង​ញៀន​២៥​គីឡូ​ក្រាម​​​។ បុ​រស​​​វៀតណាម​ឈ្មោះចាន់​វ៉ាន់​មេន (Trần Văn Mến) អាយុ​៤២​ឆ្នាំ​ត្រូវ​តុលាការ​រក​ឃើញ​ថា​គាត់​បាន​ធ្វើ​សកម្ម​ភាព​ដឹក​ជញ្ជូ​ន​​​​គ្រឿង​ញៀន​​ឆ្លង​កាត់​ព្រំ​ដែន​កម្ពុជា​-​វៀតណាម​។​ នៅ​ទី​បំផុត​ត្រូវ​អស់​លក្ខណ៍​ និង​ត្រូវ​សមត្ថ​កិច្ច​ចាប់​​បាន​។ ​តុលាការ​សា​លា​ដំបូង​នៃ​ខេត្ត​ឡុង​អាន (Long An) បាន​សម្រេច​ផ្ដន្ទា​ទោស​ដូច​ខាង​លើ​នេះ​ពី​បទ​ «ដឹក​ជញ្ជូន​​គ្រឿង​ញៀន​ដោយ​ខុស​ច្បាប់​»។

បុរស​ឈ្មោះ​ចាន់​វ៉ាន់​មេន (Trần Văn Mến) ពោរ​ពេញ​ដោយ​ទឹក​មុខ​ស្រពាប់​ស្រពោន និង​រលេង​រលោង​ទឹក​ភ្នែក​។ គាត់​ដឹង​ច្បាស់​ថា​តែ​ប៉ុណ្ណេះ​អ្វី​ៗ​ត្រូវ​បញ្ចប់​ទាំង​អស់​សម្រាប់​ឆាក​ជីវិត​របស់​គាត់​។ នៅ​សល់​កូន​តូច​ៗ​២​នាក់​ទៀត​ មិន​ដឹង​ថា​​មាន​អនាគត​បែប​ណា។

​បុរស​ឈ្មោះ​ចាន់​​វ៉ាន់​មេនគ្មាន​មុខ​របរ​ពិត​ប្រាកដ​ទេ ហើយ​ជា​បុរស​ពោះ​ម៉ាយ​លែង​លះ​គ្នា​ជា​មួយ​ភរិយា​ដោយ​បន្សល់​ទុក​កូនជំទង់​ៗ​២​នាក់​ ម្នាក់​អាយុ​១៣​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​១៥​ឆ្នាំ​។ គាត់​​ស្រក់​ទឹក​ភ្នែក​នឹក​ស្រណោះ​ខ្លួន​នៅ​ពេល​ឃើញ​កូន​​​ឈរ​រង់​ចាំ​គាត់​ធ្វើ​ភ្នែក​ភ្លឹះ​ៗ​នៅ​ខាង​ក្រៅ​បន្ទប់​សវនា​ការ​​។ តើ​អនាគត​គ្នា​នឹង​ទៅ​ជា​យ៉ាង​ណា​បើ​ឪ​ពុក​​ជិត​​ស្លាប់​ចោល​បែប​នេះ​​?

​​តុលាការរក​ឃើញ​ថា​គាត់​​​ចាប់​ផ្ដើមដឹក​ជញ្ជូន​​គ្រឿង​ញៀន​កាល​ពី​ដើម​ខែ​កក្កដា​ ឆ្នាំ​២០២៤​​។ គាត់​បែក​គំនិត​នេះ​បន្ទាប់ពី​ទៅ​មើល​គេ​លេង​ល្បែង​នៅ​កាស៊ី​​ណូ​​ដែល​ស្ថិត​នៅ​ចម្ងាយ​បី​រយ​​ម៉ែត្រ​ពី​ផ្ទះ​របស់​គាត់​។ នៅ​ទី​នោះ​​គាត់​ក៏​​ស្គាល់​​បុរស​ម្នាក់​វ័យ​​៤០​ឆ្នាំ​ប្លាយ​។ គាត់​ពឹង​ឱ្យ​បុរស​ឈ្មោះចាន់វ៉ាន់​មេន​ជួយ​ដឹក​ «ទំនិញ​»​ ចូល​វៀតណាម​ផង​ ចាំ​គាត់​ឱ្យ​ថ្លៃ​ឈ្នួល​​រាប់​សិប​លាន​ដុង​​​។

បុរស​ឈ្មោះ​ចាន់​​វ៉ាន់​មេន​ក៏​យល់​ព្រម​ដឹក​ឱ្យ​។ គាត់​ទទួល​បាន​​លុយ​​​​៨​លាន​ដុង​(ប្រហែល​៤០០​ដុល្លារ) ដើម្បី​​​​ទិញ​ម៉ូ​តូ​​១​​គ្រឿង និង​​ទទួល​បាន​ស៊ីម​កាត​​១​សម្រាប់​​ទាក់​ទង​គ្នា​​។ កន្លង​ផុត​ទៅ​បាន​១​សប្ដាហ៍​​ក្រោម​ការ​ចង្អុល​បង្ហាញ​ពី​បុរស​ដែល​ស្គាល់​គ្នា​នៅ​កាស៊ីណូ ​គាត់​​​ក៏​ហែល​ទឹក​​កាត់​​ទន្លេ​វ៉ៃ​គោ​​ដែល​វៀត​ណាម​ហៅ​កៃ​កូ​(Cái Cô) នៅ​ម៉ោង​២​ជិត​ភ្លឺ​​ដើម្បី​​ទទួល​ទំនិញ​នៅ​ខាង​ក្រោ​យ​កាស៊ី​ណូ​​។ ​នៅ​ពេល​ត្រឡប់​ទៅ​ដល់​ផ្ទះ​វិញ​ គាត់​ស្រាយ​កញ្ចប់​នោះ​មើល​ ឃើញ​​ស្បោង​​ប្លាស្ទិច​ពណ៌​ខ្មៅ​ចំនួន​៥​។

ថង់​នី​មួយ​ៗ​មាន​ទម្ងន់​១​គី​ឡូ​ក្រាម​។ គាត់​យក​របស់​ទាំង​នោះ​ទុក​ក្នុង​បន្ទប់​គេង​។ បន្ទាប់​មក នៅ​ពេល​មេឃ​ភ្លឺ​គាត់​ដឹក​បន្ត​ទៅ​ប្រគល់​ឱ្យ​នារី​ម្នាក់​​​នៅ​ទី​ក្រុង​ហូជីមិញ​។ ​នៅ​ថ្ងៃ​បន្ទាប់ គាត់​​យក​ទូរ​ស័ព្ទ​ទៅ​​បោះ​ចោល​​នៅ​​ក្នុង​លូ​ទឹក​ស្អុយ​ និងបង្ហួស​ដំណើរ​​ចូល​មក​ស្រុក​ខ្មែរ​វិញ​ដើម្បី​​​ទទួល​លុយ​៤០​លាន​ដុង​។ បន្ទាប់​មក​ គាត់​ក៏​លក់​ម៉ូតូ​ដែល​ទើប​តែ​ទិញបានថ្មី​ៗ​​​នោះចោល​វិញ​​​។

ខែ​កញ្ញា ឆ្នាំ​២០២៤ បុរស​ដែល​ស្គាល់​គ្នា​នៅ​កាស៊ី​ណូ​បាន​​ទាក់​ទង​ទៅ​គាត់​ម្ដង​ទៀត​ និង​ពឹង​ឱ្យ​គាត់​​ដឹក​គ្រឿង​ញៀន​​​១​គីឡូ​ក្រាម​ឆ្លង​ដែន​ដូច​មុន​ទៀត​ដោយ​គិត​ថ្លៃ​ឈ្នួល​​៧​​លាន​ដុង​ (២៧៥​ដុល្លារ​)។ ក្រោយ​មក​ គាត់​ទទួល​ដឹក​បញ្ញើ​កាន់​តែ​ច្រើន​ជាង​មុន​ទៅ​ទៀត​។ ​ទំនិញ​លើក​នេះ​មាន​២​កាបូប​ស្ពាយធំ​ៗ​​​ដាក់​សុទ្ធ​តែ​គ្រឿង​ញៀន​ពេញ​ប៊ឹប​​។ បន្ទាប់​មក​ គាត់​យកទំនិញ​ទាំង​នេះ​ទៅ​លាក់​ទុក​នៅ​ក្នុង​ផ្ទះ​។​ នៅព្រឹក​​បន្ទាប់​ ​សមត្ថ​កិច្ច​​ចុះ​ចាប់​ខ្លួន​គាត់​តែ​ម្ដង​នៅ​ពេល​កំពុង​អង្គុយ​ញ៉ាំ​អាហារ​ជិត​ផ្ទះ​​។

សមត្ថ​កិច្ច​ចូល​ឆែក​ឆេរ​នៅ​ក្នុង​ផ្ទះ​​​ រក​ឃើញ​គ្រឿង​ញៀន​​កេតាមីន (ketamine) ១៥​គីឡូ​ក្រាម​ និង​មេ​តំ​ហ្វ​១០​គីឡូ​ក្រាម​​។​ នៅ​ក្នុង​តុលាការ​ គាត់​​​អះអាង​​ថា​​គាត់​ត្រូវ​តែ​បង្ខំ​ចិត្ត​​ស៊ី​ឈ្នួល​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ឱ្យ​គេ​​ដើម្បី​ជីវ​ភាព​ប្រចាំ​ថ្ងៃ​​​។ ​គាត់មិន​បាន​ដឹ​ង​​ថា​​នៅ​ក្នុ​ង​បញ្ញើ​​នោះ​​មាន​អ្វី​ខ្លះ​​​ទេ​។ បុរស​ដែល​ស្គាល់​គ្នា​នៅ​កាស៊ី​ណូ​​ប្រាប់​គាត់​ថា​ជា​​គ្រឿង​បន្លាស់​ទូរ​ស័ព្ទ និង​នាឡិកា​ដៃ​​។

​ទោះ​បី​​​បក​ស្រាយ​យ៉ាង​ណា​ក៏​ជា​​​ការ​ឥត​ប្រយោជន៍​ដែរព្រោះ​គេ​មាន​ភស្តុ​តាង​គ្រប់​គ្រាន់​អស់​ហើយ​​។​ នៅ​ក្នុង​ពាក្យ​បណ្ដាំ​ចុង​ក្រោយ​របស់​គាត់​មុន​នឹង​លា​ចាក​ពី​លោក​នេះ​ទៅ​ គាត់​​សម្ដែង​ការ​សោក​ស្ដាយ​ និង​វិប្ប​ដិ​សារី​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ឡើយ​។ គាត់​ស្នើ​សុំ​ឱ្យ​តុលាការ​​បន្ធូរ​បន្ថយ​ទោស​​។ ប៉ុន្តែតុលាការ​យល់​ថា​​ទង្វើ​របស់​គាត់​មាន​ស្ថាន​ទម្ងន់​ទោស​ខ្លាំង​ពេក​​។​ ដូច្នេះ ​​ត្រូវ​តែ​ប្រហារ​ជីវិត​គាត់​ចោល​ទើប​បាន​​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ