ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ត្រៀម​ឆ្លើយ​តប​ទៅ​ករណី​អ៊ុយ​ក្រែន​បា.ញ់​មីស៊ីល​អាមេរិក​យប់​មិញ

8 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ ប្រទេស​រុស្ស៊ី​ព្រមាន​ថា​ខ្លួន​នឹង​ចាត់​វិធាន​ការ​ឆ្លើយ​តប​ជា​បន្ទាន់​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​បន្ទាប់​ពី​អ៊ុយ​ក្រែន​ចាប់​ផ្ដើម​បាញ់​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ម៉ាក​អាត់​តា​ខំ (ATACMS) របស់​អាមេរិក​ចូល​ទឹក​ដី​រុស្ស៊ី​កាល​ពី​យប់​មិញ​។ នៅ​ក្នុង​ចំណោម​មីស៊ីល​៨​គ្រាប់​ដែល​បាញ់​តម្រង់​ទៅ​រក​​ឃ្លាំង​​​អាវុធ​របស់​រុស្ស៊ី​នោះ​ ​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​រុស្ស៊ី​អាច​បាញ់​ទម្លាក់​បាន​២​គ្រាប់​។ នៅ​សល់​៦​គ្រាប់​ទៀត​អាច​បាញ់​ចំ​គោល​ដៅ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ក្រុម​ស៊ើប​ការណ៍​សម្ងាត់​អាមេរិក​។ ការ​បាញ់​មីស៊ីល​នេះ​ហាក់​ដូច​ជា​ធ្វើ​ផ្គើន​នឹង​បទ​បញ្ជា​ដ៏​ម៉ឺង​ម៉ាត់​របស់​ប្រមុខ​ដឹក​នាំរុស្ស៊ី​ លោក​ពូទីន…

ទី​ក្រុង​ម៉ូស្គូ៖ ប្រទេស​រុស្ស៊ី​ព្រមាន​ថា​ខ្លួន​នឹង​ចាត់​វិធាន​ការ​ឆ្លើយ​តប​ជា​បន្ទាន់​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​បន្ទាប់​ពី​អ៊ុយ​ក្រែន​ចាប់​ផ្ដើម​បាញ់​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ម៉ាក​អាត់​តា​ខំ (ATACMS) របស់​អាមេរិក​ចូល​ទឹក​ដី​រុស្ស៊ី​កាល​ពី​យប់​មិញ​។ នៅ​ក្នុង​ចំណោម​មីស៊ីល​៨​គ្រាប់​ដែល​បាញ់​តម្រង់​ទៅ​រក​​ឃ្លាំង​​​អាវុធ​របស់​រុស្ស៊ី​នោះ​ ​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​រុស្ស៊ី​អាច​បាញ់​ទម្លាក់​បាន​២​គ្រាប់​។ នៅ​សល់​៦​គ្រាប់​ទៀត​អាច​បាញ់​ចំ​គោល​ដៅ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ក្រុម​ស៊ើប​ការណ៍​សម្ងាត់​អាមេរិក​។

ការ​បាញ់​មីស៊ីល​នេះ​ហាក់​ដូច​ជា​ធ្វើ​ផ្គើន​នឹង​បទ​បញ្ជា​ដ៏​ម៉ឺង​ម៉ាត់​របស់​ប្រមុខ​ដឹក​នាំរុស្ស៊ី​ លោក​ពូទីន ដែល​​ទើប​តែ​ប្រកាស​កែ​ប្រែ​នយោបាយ​នុយ​ក្លេអ៊ែរ​កាល​ពី​ម្សិល​មិញ​ដើម្បី​រក្សា​សិទ្ធិ​ប្រើ​ប្រាស់​នុយ​ក្លេអ៊ែរ​នៅ​ក្នុង​ករណី​ដែល​រុស្ស៊ី​រង​ការ​វាយ​ប្រហារ​តាម​គ្រប់​រូប​ភាព​។ ដូច្នេះ អ្នក​វិភាគ​​ខ្លះ​យល់​ថា​ការ​បាញ់​មីស៊ីល​របស់​អ៊ុយ​ក្រែន​អាច​ជា​ការ​ធ្វើ​តេស្ត​​សាក​ល្បង​ ឬ​ស្ទង់​ចិត្ត​ភាព​អត់​ធ្មត់​របស់​រុស្ស៊ី​ផង​ ឬ​អាច​និយាយ​ម៉្យាង​ទៀត​ថា​ «ចាំ​មើល​តើ​រុស្ស៊ី​ហ៊ាន​ប្រើ​នុយ​ក្លេអ៊ែរ​ ឬ​​​និយាយ​បាន​ត្រឹម​តែ​មាត់​ទទេ​?»​

​រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​ លោក​ឡាវ​រ៉ូស (Lavrov) បាន​ថ្លែង​នៅ​​ខួប​មួយ​ពាន់​ថ្ងៃ​​នៃ​​​សង្គ្រាម​ថា​ការ​ដែល​អ៊ុយ​ក្រែន​បាញ់​មីស៊ីល​អាមេរិក​​ចូល​ទឹក​ដី​រុស្ស៊ី​នោះ​​​ជា​ការ​បង្ហាញ​ថា​ក្រុម​បស្ចិម​ប្រទេស​មាន​ចេត​នា​ចង់​ពង្រីក​សង្គ្រាម​នេះ​យ៉ាង​ពិត​ប្រាកដ​។ នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​ជី​ម្ភៃ​ដែល​រៀប​ចំ​​​នៅ​ប្រទេស​ប្រេស៊ីល​ លោក​ឡាវ​រ៉ូស​ថ្លែង​ថារុស្ស៊ី​ចាត់​ទុក​ថា​នេះ​ជាដំណាក់​កាល​ថ្មី​មួយ​នៃ​ការ​វាយ​ប្រហារ​ពី​សំណាក់​ក្រុម​បស្ចិម​ប្រទេស​ទៅ​លើ​ប្រទេស​រុស្ស៊ី​។ ដូច្នេះ លោក​បញ្ជាក់​ថា​រុស្ស៊ី​នឹង​ចាត់​វិធាន​ការ​ឆ្លើយ​តប​វិញ​។

​​លោ​កពូទីន​ចុះ​ហត្ថ​លេខា​លើ​ក្រឹត​ថ្មី​​​ស្ដី​ពី​នយោបាយ​នុយ​ក្លេអ៊ែរ​​ត្រូវ​​សេត​វិមាន អង់គ្លេស និង​សហ​ភាព​អឺរ៉ុប​ថ្កោល​ទោស​​ និង​ចាត់​ទុក​ថា​នេះ​ជា​ទង្វើ​ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវ​។ លោក​ពូទីន​ធ្លាប់​ប្រើ​ប្រាស់​វោហារ​សាស្ត្រ​បែប​នេះ​ជា​រឿយ​ៗ​ថា​កុំ​លេង​សើច​ជា​មួយ​រុស្ស៊ី ប្រយ័ត្ន​រុស្ស៊ី​ប្រើ​អាវុធ​នុយ​ក្លេអ៊ែរ​។ ជា​ពិសេស កាល​ពី​ឆ្នាំ​២០២៣ លោក​បាន​ដក​ខ្លួនពី​សន្ធិ​សញ្ញា​ហាម​ធ្វើ​តេស្ត​អាវុធ​នុយ​ក្លេអ៊ែរ​ និង​ដក​ខ្លួន​ពី​កិច្ច​ព្រម​ព្រៀង​ដទៃ​ទៀត​ស្ដី​ពី​ការ​កាត់​បន្ថយ​គ្រឿង​សព្វា​វុធ​ជា​យុទ្ធ​សាស្ត្រ​។

ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន​ លោក​ហ្សេឡិនស្គី បាន​រិះ​គន់​ក្រុម​ប្រទេស​ជី​ម្ភៃ​ដែល​ជួប​ប្រជុំ​គ្នា​នៅ​ប្រេស៊ីល​នោះ​ថា​មិន​អាច​ដាក់​ចេញ​វិធាន​ការ​អ្វី​មួយ​ប្រកប​ដោយ​​ប្រសិទ្ធ​ភាព​​​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាម​កំហែង​របស់​លោក​ពូទីន។ ជាក់​ស្ដែង​ ​សេចក្ដី​ថ្លែង​ការណ៍​​របស់​ជី​ម្ភៃ​​បាន​លើក​ឡើង​អំពី​បញ្ហា​ជា​ច្រើន​នៅ​លើ​ពិភព​លោក​ ប៉ុន្តែ​​មិន​បាន​​ដាក់​ចេញ​វិធាន​ការ​ឱ្យ​បាន​ហ្មត់​ចត់​ដើម្បីដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​ទេ​។ លោក​ហ្សេឡិន​ស្គី​ចោទប្រកាន់​ថា​លោក​ពូទីន​មិន​ចាប់​អារម្មណ៍​អំពី​សន្តិ​ភាព​ទេ​​។​​

​«កាល​ពី​យប់​មិញ​ អ៊ុយ​ក្រែន​​​បាញ់​មីស៊ីល​ជា​ច្រើន​គ្រាប់​ទៅ​លើ​ទី​តាំង​នៅ​តំបន់​ប្រ៊ីយ៉ង់ (Bryansk)​។ នៅ​​​ម៉ោង​៣:២៥​ទៀប​ភ្លឺ ពួក​សត្រូវបាញ់​មីស៊ីល​៦​គ្រាប់​​ចូល​តំបន់​ប្រ៊ីយ៉ង់​​​។ យោង​​តាម​ទិន្ន​ន័យ​ដែល​ទទួល​បាន​ ពួក​គេ​ប្រើ​ប្រាស់​​មីស៊ីល​របស់​អាមេរិក​ម៉ាក​អាត់​តា​ខំ (ATACMS) ជា​ប្រភេទ​មីស៊ីល​តាក់​ទិច​ (tactic)​»​។ ខាង​លើ​នេះ​​ជា​ការ​ប្រកាស​របស់​ក្រសួង​កា​រពារ​ជាតិ​រុស្ស៊ី​។ រដ្ឋ​​មន្ត្រី​ការ​បរ​ទេស​​រុស្ស៊ី​ហាក់​ដូច​ជា​ចង់​សង្កត់​ធ្ងន់ ឬ​ចង់​​ដាក់បន្ទុក​​ទៅ​លើ​អាមេរិក​​ជា​អ្នក​អុជ​អាល ឬ​​នៅ​ពី​ក្រោយ​រឿង​នេះ​។

លោក​យល់​ថា​បើ​គ្មាន​ការ​ជួយ​ជ្រោម​ជ្រែង​ និង​ចង្អុល​បង្ហាញ​ពី​អាមេរិក​ខាង​ផ្នែក​បច្ចេក​ទេស​ទេ អ៊ុយ​ក្រែន​មិន​អាច​បាញ់​មី​ស៊ីល​ចំ​គោល​ដៅ​​ដល់​ថ្នាក់​ហ្នឹង​ទេ​។ ម៉ូស្គូ​ធ្លាប់​​និយាយ​​ថា​បើ​អ៊ុយ​ក្រែនវាយ​ប្រហារ​​​រុស្ស៊ី​ដោយ​ប្រើ​អាវុធ​របស់​អាមេរិក​​ ពេល​នោះ រុស្ស៊ី​​ចាត់​ទុក​ថា​អាមេរិក​បាន​ចូល​ប្រឡូក​ដោយ​ផ្ទាល់​នៅ​ក្នុង​សង្គ្រាម​នេះ​​។ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ថ្លែង​ថា​រុស្ស៊ី​ចាំ​បាច់​ត្រូវ​តែ​អនុវត្ត​​នយោបាយ​នុយ​ក្លេអ៊ែរ​ថ្មី​​​ដើម្បី​ឱ្យ​ស៊ី​សង្វាក់​គ្នា​នឹង​សភាព​ការណ៍​ជាក់​ស្ដែង​នា​ពេល​បច្ចុប្បន្ន​៕​


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ