ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​អប្សរា បញ្ចប់​ការងារ​ជួសជុល​ចម្លាក់​ក្បាល​មករ

17 ម៉ោង មុន

ខេត្តសៀមរាប ៖ ប្រព័ន្ធ​បង្ហូរទឹក​បុរាណ ជា​ចម្លាក់​សត្វ​មករ ដែល​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចាប់ផ្តើម​ជួសជុល​ដំណាក់កាល​ទី​១ នា​ពាក់កណ្តាល​ខែឧសភា ឆ្នាំ​២០២៤ បាន​បញ្ចប់​ដោយ​ជោគជ័យ នៅ​ខែវិច្ឆិកា…

ខេត្តសៀមរាប ៖ ប្រព័ន្ធ​បង្ហូរទឹក​បុរាណ ជា​ចម្លាក់​សត្វ​មករ ដែល​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចាប់ផ្តើម​ជួសជុល​ដំណាក់កាល​ទី​១ នា​ពាក់កណ្តាល​ខែឧសភា ឆ្នាំ​២០២៤ បាន​បញ្ចប់​ដោយ​ជោគជ័យ នៅ​ខែវិច្ឆិកា ឆ្នាំ​២០២៤ នេះ​បើ​យោង​តាម​អាជ្ញាធរ​ជាតិ​អប្សរា ។

អ្នកស្រី បឿ​ត សុ​ប៉ាក វិស្វករ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ឱ្យ​ដឹង​ថា ការងារ​ជួសជុល​ប្រព័ន្ធ​បង្ហូរទឹក​ចម្លាក់​សត្វ​មករ ក្នុង​ដំណាក់កាល​ទី​១ ក្នុង​ប្រវែង​១៨​ម៉ែត្រ​។ ដើម្បី​ជួសជុល​ប្រព័ន្ធ​បង្ហូរទឹក នៃ​ចម្លាក់​សត្វ​មករ​នេះ​ឡើង​វិញ ក្រុមការងារ​បាន​សម្រង់​ប្លង់​ថ្ម​រាយ​ប៉ាយ កំណាយ​ស្រាវជ្រាវ ចុះបញ្ជី​ថ្ម ជួសជុល​ពង្រឹង​ថ្ម ដែល​ខូចខាត និង​រៀបចំ​ដងខ្លួន​សត្វ​មករ​តាម​លំនាំ​ដើម​ឡើង​វិញ​។ លើស​ពី​នេះ ក្រុមការងារ​បាន​សិក្សា​គ្រឹះ​ធ្វើ​យ៉ាងណា​ឱ្យ​ចម្លាក់​សត្វ​មករ​នេះ​រឹង​មាំ​យូរអង្វែង ដោយ​ការពារ​នូវ​ការ​ហូរ​ច្រោះ នៃ​ទឹក ដែល​ជា​បញ្ហា​ចម្បង នៃ​ការ​បំផ្លាញ​រចនា​សម្ពន្ធ នៃ​ចម្លាក់​សត្វ​មក​រក​ទាំងមូល ។

អ្នកជំនាញ​រូប​នេះ រម្លឹក​ថា មុន​ជួសជុល​ស្ថានភាព នៃ​ចម្លាក់​សត្វ​មករ ថ្ម នៃ​ដងខ្លួន​បាន​ចល័ត​ចេញពី​ទីតាំង​ដើម នៅ​រាយ​ប៉ាយ​ជាមួយ​ថ្ម​ធម្មជាតិ លែង​មាន​តួនាទី​ជា​ប្រព័ន្ធ​បង្ហូរ​បន្ត​ទៀត ដោយសារ​កត្តា​អាយុកាល ពុំ​មានការ​ថែទាំ ជា​ពិសេស​ការ​ហូរ​ច្រោះ នៃ​ទឹក​បំផ្លាញ​គ្រឹះ និង​រំកិល​ថ្ម​ធម្មជាតិ ដែល​ទ្រ​ដងខ្លួន​មករ​ជាដើម​។ ប៉ុន្តែ បច្ចុប្បន្ន​នេះ អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ចប់​ការ​ជួសជុល​លើក​តម្លៃ​ចម្លាក់​សត្វ​មករ​ទោល ដែល​មាន​ទំហំ​ធំ និង​កម្រ​បាន​រួចរាល់​ឡើង​វិញ ដោយ​ភ្ញៀវ​ទេសចរ​អាច​មក​ទស្សនា​ស្វែង​យល់​។ ក្រៅពី​ទំនប់​ទឹក​មុជ និង​ចម្លាក់​សត្វ​មករ ទី​នេះ​ក៏​មាន​ការដ្ឋាន​យក​ថ្ម​ទៅ​កសាង​ប្រាសាទ​នៅ​សម័យ​បុរាណ​ផង​។ ស្រប​ពេល​ជាមួយ​ការ​ជួសជុល​ចម្លាក់​សត្វ​មករ​នេះ អាជ្ញាធរ​ជាតិ​អប្សរា បាន​រៀបចំ​កែសម្រួល​ផ្លូវ​ចូល​មក​ទីតាំង​នេះ អាច​ធ្វើ​ដំណើរ​បាន​ដោយ​ងាយស្រួល​ដែរ ។

សូម​បញ្ជាក់​ថា ចម្លាក់​សត្វ​មករ មា​នទី​តាំងនៅ​ទំនប់​ទឹក​មុជ ជា​ទំនប់​ទឹក​បុរាណ ស្ថិត​នៅ​ក្នុងភូមិ​ទឹក​លិច ឃុំ​បឹង​មាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប នា​ជ្រុង​និរតី​ចម្ងាយ​ប្រមាណ​៣​គីឡូម៉ែត្រ​ពី​ប្រាសាទបេង​មាលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ