ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​អង្គការ IDC-CDI កោតសរសើរ​ប្រទេស​កម្ពុជា ដែល​សម្រេច​បាន​នូវ​សន្តិភាព និង​ឯកភាព​ជាតិ

21 ម៉ោង មុន

ខេត្តសៀមរាប ​៖ នា​រសៀល ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​…

ខេត្តសៀមរាប ​៖ នា​រសៀល ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ ឯកឧត្តម André Pastrana Arango ប្រធាន​អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ (IDC-CDI) និង​គណៈប្រតិភូ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ IDC-CDI ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ ក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្ដាល​អន្តរជាតិ ​(IDC-CDI Executive Committee) នៅ​ខេត្តសៀមរាប​ ។

ក្នុង​ឱកាស​នៃ​ជំនួប ឯកឧត្តម​ប្រធាន​អង្គការ IDC-CDI បាន​អបអរសាទរ​សម្ដេច​បវរ​ធិ​បតី ដែល​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសតាំង​ជា​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដឹកនាំ​ប្រទេស​សម្រេច​បាន​លទ្ធផល​ជា​ច្រើន ជា​ពិសេស​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ព្រមទាំង​ថ្លែងអំណរគុណ​ប្រទេស​កម្ពុជា ដែល​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្ដាល​អន្តរជាតិ នា​ពេល​នេះ​ ។

ឯកឧត្តម​ប្រធាន​អង្គការ IDC-CDI ក៏​បាន​កោត​ស​សើរ​ប្រទេស​កម្ពុជា ​ដែល​សម្រេច​បាន​នូវ​សន្តិភាព និង​ឯកភាព​ជាតិ ព្រមទាំង​បាន​ជម្រាប​ជូន​សម្តេច​បវរ​ធិ​បតី​បន្ថែម​ថា គណៈប្រតិភូ​ជា​ច្រើន ដែល​បាន​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​នា​ពេល​នេះ មាន​គោលបំណង​រួម​មួយ គឺ​ការ​កសាង​សន្តិភាព​។ គណៈប្រតិភូ​ទាំងអស់​សង្ឃឹមថា នឹង​ទទួល​បាន​បទ​ពិសោធន៍​បន្ថែម​ទៀត​ ពី​ប្រទេស​កម្ពុជា ដែល​បាន​សម្រេច​នូវ​សន្តិភាព​ដ៏​មាន​សារៈសំខាន់​នេះ​។ ជាមួយ​គ្នា​នេះ​ផង​ដែរ ឯកឧត្តម​ប្រធាន​អង្គការ IDC-CDI និង​ជា​អតីត​ប្រធានាធិបតី​នៃ​ប្រទេស​កូ​ឡុំ​ប៊ី ក៏​បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​កម្ពុជា ដែល​បាន​ជួយ​គាំទ្រ​ក្នុង​កិច្ចការ​បោសសម្អាត​មីន នៅ​ក្នុង​ប្រទេស​កូ​ឡុំ​ប៊ី​ផង​ដែរ ​។

ជា​ការ​ឆ្លើយ​តប សម្ដេច​បវរ​ធិ​បតី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គការ IDC-CDI ដែល​បាន​ចូលរួម​សង្កេត​ការ​បោះ​ឆ្នោត នៅ​កម្ពុជា នា​ពេល​កន្លង​មក និង​ផ្ដល់​យុត្តិធម៌​ដល់​ការ​បោះ​ឆ្នោត​បែប​ប្រជាធិបតេយ្យ ក្នុង​ការ​ជ្រើសរើស​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​។ សម្ដេច​បវរ​ធិ​បតី បាន​គូសបញ្ជាក់​ថា កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្ដាល​អន្តរជាតិ នា​ពេល​នេះ ប្រព្រឹត្ត​ទៅ​នៅ​ចំ​ពេល​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​បញ្ហា​ប្រឈម​ជា​ច្រើន ហើយ​កិច្ចប្រជុំ​នេះ​បាន​ក្លាយជា​វេទិកា​សម្រាប់​ទាំងអស់​គ្នា​ក្នុង​ការ​កសាង​នូវ​កា​រត​ភ្ជាប់ ក៏​ដូច​ជា​ទំនាក់ទំនង​គ្នា​បន្ថែម​ទៀត និង​ផ្ដល់​កាលានុវត្តភាព ក្នុង​ការ​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់​ៗ​មួយ​ចំនួន​ផង​ដែរ​។

សម្ដេច​បវរ​ធិ​បតី និង​គណៈប្រតិភូ​អង្គការ IDC-CDI ក៏​បាន​ពិភាក្សា និង​គូសបញ្ជាក់​អំពី​តួនាទី​ដ៏​សំខាន់​របស់​អង្គការ IDC-CDI ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ