ខេត្តបាត់ដំបង៖ ជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្ខពួកចំនួន០៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចតាមឃាត់ខ្លួនភ្លាមៗ ក្រោយពីបានព្រូតគ្នាលោតធាក់និងវាយដំទៅលើសន្តិសុខម្នាក់ ដោយសារខឹងសន្តិសុខមិនឲ្យបារីជក់ កាលពីវេលាម៉ោងជិត១រំលងអាធ្រត្រឈានចូលថ្ងៃទី ១៧ វិច្ឆិកា នៅចំណុចហាងផឹកស៊ីមួយកន្លែង ក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។
តាមរយៈរបាយការណ៏ លោក ពេជ្រ សារ៉ែន អាធិការក្រុងបាត់ដំបង បានឲ្យដឹងថា ជនដៃដល់ទាំង២នាក់ ដែលត្រូវឃាត់ខ្លួនភ្លាមៗនោះមាន ឈ្មោះ ទី វាសនា ប្រុសអាយុ២៨ឆ្នាំ នៅភូមិអូរតាគាំ១ សង្កាត់ទូលតាឯក ក្រុងបាត់ដំបង និង ឈ្មោះ លន់ លីម ប្រុសអាយុ១៨ឆ្នាំ នៅភូមិ សង្កាត់ជាមួយគ្នា។
ដោយឡែកជនរងគ្រោះ ឈ្មោះ លី វណ្ណនេត ប្រុសអាយុ១៩ឆ្នាំ មុនរបរសន្តិសុខ រស់នៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង។ លោកអធិការបានបញ្ជាក់ថា ជនរងគ្រោះ ជនរងគ្រោះជាអ្នកមើលសណ្ដាប់នៅក្នុងហាងមួយកន្លែងយីហោ«ទីណាត់» ស្ថិតនៅចំណុចកើតហេតុខាងលើ។ ហើយក្រុមជនដៃដល់ចំនួន០៣នាក់ បានព្រួតគ្នាវាយជនរងគ្រោះ ដោយសារខឹងជនរងគ្រោះមិនឲ្យបារីជក់។
បើតាមសាក្សីបាននិយាយថា ជនរងគ្រោះជាសន្តិសុខយាមហាង«ទីណាត់» រីឯជនដៃដល់ម្នាក់ដែលមានឈ្មោះ លន់ លីម ជាអ្នករត់តុប្រចាំនៅក្នុងហាង«ទីណាត់»នេះដែរ។
ប្រភពដដែលបានប្រាប់ថា មុនពេលកើតហេតុ គេឃើញជនដៃដល់ឈ្មោះ លីម នេះបានដើរទៅនិយាយជាមួយជនរងគ្រោះ (សន្តិសុខ) ហើយភ្លាមនោះក៏មានការប្រកែកគ្នាមួយប្រាវ ហើយគេឃើញសន្តិសុខព្យាយាមដើរចេញ។ ប៉ុន្តែគេឃើញជនដល់បានទូរស័ព្ទហៅបក្ខពួកភ្លាមៗដែរ។
សាក្សីបានបញ្ជាក់ថា ប៉ុន្មានប៉ុណ្ណោះ ស្រាប់តែគេឃើញ បក្ខពួកជនដៃដល់ជិះម៉ូតូមកដល់ រួចព្រួតគ្នាតាមវាយជនរងគ្រោះ ដែលខ្លះលោតធាក់ ខ្លះវាយផ្ដូលលើដី ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញខាងមុខហាងផឹកស៊ី។ លុះបន្តិចក្រោយមក គេឃើញកម្លាំងជំនាញ អធិការក្រុងបាត់ដំបង បានចុះទៅដល់ រហូតតាមឃាត់ខ្លួនក្រុមជនដៃដល់បាន០២នាក់ ខណៈជនម្នាក់បានរត់គេចខ្លួន។
នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ឈ្មោះ លន់ លីម ដែលជាអ្នករត់តុនៅក្នុងហាង និង ជាអ្នកហៅបក្ខពួកមកព្រូតវាយដំលើសន្តិសុខ បានសារភាពថា ខ្លួននិងបក្ខពួកពិតជាបានព្រូតគ្នាវាយទាត់ធាក់ទៅលើសន្តិសុខនោះមែន។ ជននេះបានប្រាប់ពីមូលហេតុដូច្នេះថា «ខ្ញុំបានហៅបក្ឋពួកមកវាយសន្តិសុខនោះ ដោយសារតែខឹង សុំបារីពីសន្តិសុខនោះជក់មិនបាន»។
ក្រុមជនសង្ស័យ០៣នាក់ រាប់ទាំងជនម្នាក់ដែលកំពុងរត់គេចខ្លួនផាង ត្រូវបានជនរងគ្រោះប្ដឹងទាសំណងជំងឺចិត្តចំនួន៥០០០ដុល្លា។ នេះបើតាមពាក្យបណ្ដឹងជនរងគ្រោះ ដែលបានចូលទៅប្ដឹងនៅអធិការនគរបាលក្រុងបាត់ដំបង។
លោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង បានបញ្ជាក់ថា ជនរងគ្រោះពិតជាបានប្ដឹងទាមទាសំណងជំងឺចិត្ត ពីក្រុមជនសង្ស័យចំនួន៥០០០ដុល្លាមែន។ មិនមែនដូចពាក្យចចាមអារ៉ាមលេចថា សមត្ថកិច្ចជាអ្នកទារប្រាក់ពីជនសង្ស័យនោះទេ។ ពេលនេះមន្ត្រីជំនាញ កំពុងសួរនាំក្រុមជនសង្ស័យ ដើម្បីចាត់វិធានការតាមនីតិវិធីហើយ និង កំពុងតាមចាប់ខ្លួនជនម្នាក់ទៀត ដែលកំពុងរត់គេចខ្លួន៕
ចែករំលែកព័តមាននេះ