រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋដែលទៅលេងកម្សាន្តនៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ បានអរគុណរាជរដ្ឋាភិបាល និងក្រុមគ្រូពេទ្យចំពោះការផ្តល់សេវាពិនិត្យ ព្យាបាលជំងឺ ដោយឥតគិតថ្លៃ ដោយធ្វើឱ្យការមកលេងកម្សាន្ដរបស់ពួកគាត់មានភាពកក់ក្ដៅ និងសប្បាយរីករាយ។
លោកស្រី អុំ អូន ប្រជាពលរដ្ឋមកពីក្រុងឧត្តុងម៉ែជ័យ ខេត្តកំពង់ស្ពឺ បានប្រាប់អ្នកយកព័ត៌មានរបស់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ គឺសប្បាយប្លែកជាងឆ្នាំកន្លងទៅ ព្រោះមានស្ដង់តាំងពិព័រណ៍លក់ផលិតផល ការប្រគុំតន្ដ្រីច្រើន ដែលបង្កភាពសប្បាយរីករាយមកម្ដងហើយចង់មកទៀត។
លោកស្រីថា នៅពេលដើរយូរ ហើយមានអាការៈចុកពោះនិងឈឺក្បាល ក៏បានចូលទៅបញ្ជរទីតាំងពេទ្យប្រចាំ ដើម្បីទទួលថ្នាំព្យាបាលដោយមិនគិតថ្លៃ។ លោកស្រីបានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យ និងរាជរដ្ឋាភិបាល ដែលបានគិតគូរយ៉ាងខ្លាំងចំពោះសុខភាព សុខសុវត្ថិភាព ដែលធ្វើឱ្យការដើរកម្សាន្ដ មានភាពកក់ក្តៅជាទីបំផុត។
លោកស្រីបញ្ជាក់ថា « ខ្ញុំមានអារម្មណ៍សប្បាយរីករាយដែលមានក្រុមគ្រូពេទ្យប្រចាំការនៅចាំជួយប្រជាពរដ្ឋដែលមកលេងបុណ្យអុំទូកពេលមានការឈឺថ្កាត់ អាចមកទទួលសេវាសុខាភិបាលបាន ហើយគ្រូពេទ្យបានផ្តល់សេវាល្អ មិនគិតថ្លៃ សូមសំណូមពរដល់បងប្អូនយើង បើមានអាការៈឈឺក្បាល ឬមិនស្រួលខ្លួន អាចទៅទទួលសេវាសុខាភិបាលនៅតាមស្តង់ពេទ្យតាមគោលដៅជាច្រើនកន្លែងបានដោយមិនគិតថ្លៃទេ»។
អ្នកគ្រូពេទ្យ ឃុត សុឃៀង គ្រូពេទ្យប្រចាំការតំបន់វត្តបទុមវត្តី បានឱ្យដឹងថា ក្រុមគ្រូពេទ្យប្រចាំការច្រើន ដើម្បីផ្តល់សេវាពិនិត្យសុខភាព ផ្ដល់ថ្នាំជូនប្រជាពលរដ្ឋដែលមានអការៈមិនស្រួលខ្លួន។ អ្នកគ្រូពេទ្យ បញ្ជាក់ថា ប្រជាពលរដ្ឋភាគច្រើនមានអការៈវិលមុខ ចុកពោះ អស់កម្លាំង ដោយសារពួកគាត់ដើរច្រើន និងហត់។
អ្នកគ្រូពេទ្យបញ្ជាក់ថា «ក្នុងឱកាសបុណ្យអុំទូកបណ្តែតប្រទីបឆ្នាំហ្នឹង គឺមានប្រជាពលរដ្ឋមកទទួលសេវាសុខាភិបាលនៅស្តង់វត្តបទុមវត្តីមានចំនួនច្រើន មានចំនួនជាង១០០នាក់ ហើយភាគច្រើនមានជំងឺផ្តាសសាយ ក្តៅខ្លួន ក្អក រាគរួស និងឈឺក្បាល ដោយក្នុងនោះដែរប្រជាពលរដ្ឋដែលមកទទួលសេវា គឺក្រុមគ្រូពេទ្រមានណែនាំពួកគាត់ឱ្យចេះអនាម័យ ហូបចុកស្អាត ជៀសវាងការកើតជំងឺដង្កាត់ផ្សេងៗនៅពេលមកលេងកំសាន្តនៃព្រះរាជពិធីបុណ្យអុំទូកនេះ »។
ចំណែកលោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ ក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាល រាជធានីភ្នំពេញ មានក្រុមគ្រូពេទ្យសរុបចំនួន១.៣០០នាក់និងរថយន្តសង្គ្រោះចំនួន១២, បោះតង់ពិនិត្យសុខភាពសេវា២៤ម៉ោងចំនួន១១កន្លែងផ្សេងៗគ្នា បានសហការជាមួយក្រុមគ្រូពេទ្យរបស់ក្រសួងសុខាភិបាល នៅតាមទីតាំងកំណត់ដូចជានៅទីតាំងបរិវេណរង្វង់មូលនាងមច្ឆាមណ្ឌល OCIC នៅទីតាំងជ្រោយ ចង្វា នៅទីតាំងសួនច្បារ វត្តភ្នំ និងនៅកោះនរាផងដែរ ៕
ចែករំលែកព័តមាននេះ