ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលចាប់បាន! ព្រានទាក់ឆ្មាសារភាពថា យកលក់ឱ្យអ្នកភូមិនៅផ្លូវជាតិលេខ៥ ដាក់តាំង​លក់បន្លំជា​សត្វ​ខ្លាត្រី​

1 ថ្ងៃ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អ្នក​ទាក់​និង​វាយសត្វ​ឆ្មា​ម្នាក់​ក្នុង​ចំណោម​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្បាល​ក្រុង​កំពង់ឆ្នាំង ស្ទាក់​ចាប់​បាន ជាមួយ​វត្ថុ​តាង​សត្វ​ឆ្មា​ងាប់​ចំនួន ៨​ក្បាល កាលពី​វេលា​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី ១៣…

ខេត្តកំពង់ឆ្នាំង ៖ អ្នក​ទាក់​និង​វាយសត្វ​ឆ្មា​ម្នាក់​ក្នុង​ចំណោម​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្បាល​ក្រុង​កំពង់ឆ្នាំង ស្ទាក់​ចាប់​បាន ជាមួយ​វត្ថុ​តាង​សត្វ​ឆ្មា​ងាប់​ចំនួន ៨​ក្បាល កាលពី​វេលា​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។

លោក ឆាយ ខេ​ម​រ័​ត្ន អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង បាន​បញ្ជាក់​ថា​ ដោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​តែងតែ​រាយការណ៍​អំពី​ការ​បាត់​សត្វ​ចិញ្ចឹម មាន​សត្វ​ឆ្មា សត្វ​ឆ្កែ​នៅ​ពេល​យប់ ព្រមទាំង​សាក្សី​បញ្ជាក់​ពី​ភិនភាគ​របស់​ក្រុម​អ្នក​ទាក់​ឆ្មា​និង​ឆ្កែផងនោះ ​ទើប​យប់​ថ្ងៃ​ទី ១២ ខែ វិច្ឆិកា​ឆ្នាំ ២០២៤ កម្លាំង​សមត្ថកិច្ច​របស់​លោក សហការ​ជាមួយ​គ្រប់​បណ្ដា​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​៤ ក្នុង​ក្រុង​កំពង់ឆ្នាំង ចេញ​ប្រតិបត្តិការតាម​ផ្លូវក្នុង​ក្រុង គ្រប់​ច្រកល្ហក​  ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័័យ ចំនួន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​(​ម៉ូតូ​ឆ្អឹង​)​នៅ​ចំណុច​ភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។​

ក្រោយ​ឃើញ​សមត្ថកិច្ចភ្លាម​ ជនសង្ស័យ​ក៏​បាន​បើក​ម៉ូតូ​រត់គេច​មក​ដល់​ដី​ឡូ​តិ៍​មួយ​កន្លែង បាន​ទុក​ម៉ូតូ​ចោល​ជាមួយនឹង​កា​រ៉ុ​ង​ធំ​មួយ ហើយ​រត់គេច​ខ្លួន តែ​សមត្ថកិច្ច​ព្យាយាម​បន្ត​ដេញចាប់​បាន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់ ។​

ក្រោយ​ការ​ឃាត់ខ្លួន ក៏​បាន​ឆែក​នៅ​ក្នុង​កា​រ៉ុ​ង​ឃើញ​សត្វ​ឆ្មា​ងាប់ ដែល​ប្រឡាក់​ដោយ​ឈាម ចំនួន ៨​ក្បាល ដំបង​សម្រាប់​វ៉ៃ​ឆ្កែ ប្រវែង១,៤០​ម៉ែត្រ​មួយ និង​ម៉ូតូ​មួយ​គ្រឿង​។

ជនសង្ស័យ​មាន ឈ្មោះ យុន សុ​ី​ឆាង អាយុ ២៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​សណ្ដាន់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​គេ​ពិតជា​ធ្លាប់​ធ្វើ​សកម្មភាព​វាយ​សត្វ​ឆ្មា​ជា​ច្រើន​លើក ហើយ​បាន​យក​ទៅ​លក់​នៅ​ភូមិ​អូរ​សណ្ដាន់ ដោយ​ក្នុង​១​ក្បាល​បាន​តម្លៃ​ពី ១​ម៉ឺន ទៅ​១​ម៉ឺន​៥​ពាន់​រៀល ។

ជនសង្ស័យបានសារភាពបន្តទៀត​ថា ចំពោះ​វិធីដែលប្រើ​​ក្នុង​ការវាយសត្វ​ឆ្មា ​គឺ​ពេល​ជិះ​ម៉ូតូ​ទៅ​ឃើញ​ឆ្មា​ ក៏​បាន​ចាំង​ភ្លើង​ពិល​ឲ្យ​ចំ​មុខ​ឆ្មា ពេល​នោះ​ឆ្មា​នៅ​ស្ងៀម​ភ្នែក​សម្លឹង​មើល​ភ្លើង​ពិល​  ឆ្លៀតឱកាស​នោះ ដៃគូ​ម្នាក់​ទៀត​បាន​យក​ដំបង​វាយ​ឆ្មា​សម្លាប់​នឹង​រើស​ច្រក​ក្នុង​កា​រ៉ុ​ងតែ​ម្ដង​។ ​ជា​មធ្យម ពួក​គេ​ចេញ​វាយ​​សត្វ​ឆ្មា​មួយ​យប់​បាន​ពី៨ ទៅ១០​ក្បាល​។

​ជនសង្ស័យ​បានសារភាព​​បន្ត​ទៀត​ថា ក្រោយ​ពេល​វាយឆ្មាបាន​ហើយ គឺ​យក​ទៅ​លក់​ឲ្យ​អ្នក​ភូមិ​អូរ​សណ្ដាន់​ឃុំ​ទឹក​ហូត ដែល​ជា​កន្លែង​យក​សត្វ​ឆ្មា​លក់ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៥​ហើយ​ប្រាប់​អតិថិជន​ថា​ជា​សត្វ​ខ្លាត្រី ។ នៅ​ម្ដុំ​ត្រង់នោះ ពុំ​មាន​ខ្លាត្រី​លក់​ច្រើន​ដូច ការ​ដាក់​តាំង​លក់​សត្វ​ឆ្មា ដូច​សព្វ​ថ្ងៃនេះ​ទេ​។ តែបើ​មាន​ខ្លាត្រី មួយ​ៗ គេ​នឹង​ទុក​ទាំង​រោម​ដើម្បី​ឲ្យ​អ្នកទិញ​គេ​ស្គាល់​ច្បាស់​ជា​ខ្លាត្រី​មែន​។

គួរ​រំលឹក​ដែរ​ថា នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៥ ចំណុច​ភូមិ​អូរ​សណ្ដាន់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ គេ​តែង​ឃើញ​មានការ​ដាក់​តាំង​លក់​សត្វព្រៃ មាន​ដូច​ជា​សត្វ​ស្លាប សត្វ​ចតុ​បាត​ជាដើម ដោយឡែក​សត្វ​ឆ្មា​គេ​បាន​យក​មក​បន្លំ ធ្វើ​ជា​សត្វ​ខ្លាត្រី​កុហក​អ្នកទិញ ហើយ​ក៏​មាន​សត្វ​ខ្លះ​ទៀត​ក៏​ត្រូវ​បាន​បន្លំ​ដែរ​ដូច​ជា​សត្វ​ក្រួច​ធ្វើ​សត្វ​លលក​ជាដើម​។​ក្រៅពី​នោះ នៅ​មាន​សត្វ​ពស់ និង​អណ្ដើក​ជាដើម​  ។​ ​យូរ​ៗ​ម្ដង​គេ​ឃើញ​សមត្ថកិច្ច​ជំនាញ​ទៅ​បង្ក្រាប​ម្តង​ហើយ ក្រោយមក នៅ​តែ​ឃើញ​មាន​ដាក់​តាំង​លក់​បន្ត​ទៀត​ដដែល​។ នេះ​ក៏​ជា​សារ​ថ្មី​ទៀត សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ទិញ​សត្វ​ឆ្មា​ដែល​អ្នកលក់​កុហក​ថា​ជា​ខ្លាត្រី​យក​ទៅ​បរិភោគ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ