រាជធានីភ្នំពេញ បុរសម្នាក់បានរបួសធ្ងន់ធ្ងរ ត្រូវបានដឹកតាមរថយន្តសាមុយយកទៅសង្គ្រោះដែរ តែជាអកុសលពេលដល់មន្ទីរពេទ្យក៏បានស្លាប់ បន្ទាប់ពីបុរសរូបនោះបានជិះម៉ូតូហុងដាឌ្រីមជ្រុលទៅ បុកពីក្រោយរថយន្តសណ្តោងកុងតឺន័រដែលកំពុងឈប់រង់ចាំភ្លើងស្តុបយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១០និង២៥នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ចំនុចតុបបន្ទាយស្ទឹក(ហៅកៅដាយ)ផ្លូវម៉ៅសេទុងកែងផ្លូវ២០៥ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថាជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1W 3G5880 តែប៉ុណ្ណោះ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បានបើករថយន្តប្រភេទសណ្តោងទូកុងតឺន័រ ម៉ាកDAEWOO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3G 5808 ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំនុចកើតហេតុ ក៍ឈប់រថយន្ដរង់ចាំភ្លើងស្តុប ។
តាមប្រភពដដែលបានបន្តថា គាប់ជួនពេលនោះក៍ស្រាប់តែបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1Z-2389 បានជិះបោះពួយក្នុងទិសស្របគ្នា សង្ស័យចាប់ហ្វ្រាំងមិនទាន់ក៍ជ្រុលទៅបុករថយន្តពីក្រោយទាំងកំរោល បណ្តាលឲ្យម៉ូតូផុងចូលពីក្រោមរថយន្តផ្នែកខាងក្រោយ រងការខូចខាត ព្រមទាំងធ្វើអោយមនុស្សគៀបជាប់រថយន្តរងរបួសបែកក្បាលហូរឈាមចេញខួរ ដេកដួលនៅលើម៉ូតូ ក៍ត្រូវសមត្ថកិច្ចជួយហៅរថយន្តសាមុយអោយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហៅពេទ្យរុស្ស៊ីដែរ តែជាអកុសលពេលដល់មន្ទីរពេទ្យជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ដោយឡែកខាងរថយន្តវិញមិនមានរងការខូចខាតអ្វីនោះទេ តែអ្នកបើកបរឃើញហេតុការណ៍បែបនេះបានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ សពត្រូវបានតម្កល់នៅសាលតម្កល់សពនៃមន្ទីរពេទ្យរុស្ស៊ី រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ ។ ចំនែកមធ្យោបាយទាំងអស់ត្រូវសមត្ថកិច្ចមូលដ្ឋានប្រគល់អោយផ្នែកជំនាញចរាចរណ៍ក្រុងធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដំណោះស្រាយ ៕
ចែករំលែកព័តមាននេះ