ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ហ្វ៊ីលីពីន​ខាង​ជើង​រង​គ្រោះ​យ៉ាង​ដំ​ណំ​ដោយ​ខ្យល់​ព្យុះយីន​ស៊ីង

10 ម៉ោង មុន

ទី​ក្រុង​ម៉ានីឡា៖ ខ្យល់​ព្យុះ​​ឈ្មោះ​យីន​ស៊ីង (Yinxing) កំពុង​បោក​បក់​យ៉ាង​ពេញ​បន្ទុក​ទៅ​លើ​ប្រទេស​ហ្វ៊ី​លីពីន​ខាង​ជើង​ និង​បាន​គាស់​រំលើង​ដើម​ឈើ​ទាំង​ឫស​ឱ្យ​ដួល​​រលំ​ពេញ​ផ្លូវ​​។ ដំបូល​ផ្ទះ​ដែល​ប្រក់​ដែក​ស័ង្ក​សី ឬ​ក្បឿង​ល្មម​ៗ​ត្រូវ​ខ្យល់​កួច​បំប៉ើង​ខ្ទេច​ខ្ទី​អស់​។ គិត​ទៅ​ ហ្វ៊ីលីពីន​រង​គ្រោះ​ខ្លាំង​គួរ​សម​ដែរ​នៅ​ក្នុង​ឆ្នាំ​នេះ​។​ ពោល​គឺ​ខ្យល់​ព្យុះ​នេះ​កើត​ឡើង​ត្រឹម​តែ​ពីរ​បី​អាទិត្យ​ប៉ុណ្ណោះ​បន្ទាប់​ពី​​​ខ្យល់​ព្យុះ​មុន​នោះ​សម្លាប់​មនុស្ស​១៥០​នាក់​។…

ទី​ក្រុង​ម៉ានីឡា៖ ខ្យល់​ព្យុះ​​ឈ្មោះ​យីន​ស៊ីង (Yinxing) កំពុង​បោក​បក់​យ៉ាង​ពេញ​បន្ទុក​ទៅ​លើ​ប្រទេស​ហ្វ៊ី​លីពីន​ខាង​ជើង​ និង​បាន​គាស់​រំលើង​ដើម​ឈើ​ទាំង​ឫស​ឱ្យ​ដួល​​រលំ​ពេញ​ផ្លូវ​​។ ដំបូល​ផ្ទះ​ដែល​ប្រក់​ដែក​ស័ង្ក​សី ឬ​ក្បឿង​ល្មម​ៗ​ត្រូវ​ខ្យល់​កួច​បំប៉ើង​ខ្ទេច​ខ្ទី​អស់​។ គិត​ទៅ​ ហ្វ៊ីលីពីន​រង​គ្រោះ​ខ្លាំង​គួរ​សម​ដែរ​នៅ​ក្នុង​ឆ្នាំ​នេះ​។​ ពោល​គឺ​ខ្យល់​ព្យុះ​នេះ​កើត​ឡើង​ត្រឹម​តែ​ពីរ​បី​អាទិត្យ​ប៉ុណ្ណោះ​បន្ទាប់​ពី​​​ខ្យល់​ព្យុះ​មុន​នោះ​សម្លាប់​មនុស្ស​១៥០​នាក់​។

ដើម្បី​ដោះ​ស្រាយ​បញ្ហា​នៅ​ចំពោះ​មុខ​ អាជ្ញា​ធរ​ប្រញាប់​ជម្លៀស​មនុស្ស​២១០០០​នាក់​ចេញ​ពី​ភូមិ​ចំនួន​២​០០​កន្លែង​នៅ​ខេត្ត​ខា​​​ហ្កា​យ៉ាន (Cagayan)​​មុន​ការ​មក​ដល់​នៃ​ខ្យល់​ព្យុះ​។ នេះ​បើ​យោងតាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មន្ត្រី​ទទួល​បន្ទុក​ខាង​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ប្រចាំ​ខេត្តនេះ​។ ​​អា​នុ​ភាព​នៃ​ខ្យល់​ព្យុះ​ធ្វើ​ឱ្យ​​សំរាម​ ឬ​របស់​របរ​ផ្សេង​ៗ​ហោះ​ហើរ​អណ្ដែត​ត្រសែត​ពេញ​​​អាកាស​។

នៅ​ទី​​ក្រុង​​កុន​សា​កា​នេះ (Gonzaga) ហាង​លក់​ហេម​បឺហ្គឺ​ត្រូវ​ខ្យល់​បក់​ខ្ទេច​ខ្ទី​អស់​។ សូម្បី​តែ​នៅ​ផ្សារ​ទំនើប​មួយ​កន្លែង​ក៏​ត្រូវ​ខ្យល់​បំប៉ើង​ទ្វារ​ខ្ទេច​ខ្ទី​អស់​។ យីន​ស៊ីង​ជា​ខ្យល់​ព្យុះ​ទី​បី​ដែល​វាយ​ប្រហារ​ប្រទេស​ហ្វ៊ីលីពីន​នៅ​ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​ខែ​នៅ​ឡើយ​ទេ​បន្ទាប់​ពី​ខ្យល់​ព្យុះ​ត្រាមី និង​កង្រី​សម្លាប់​មនុស្ស​១៥៨​នាក់។ នេះ​បើ​យោង​តាម​ការិយាល័យ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​។ អ្នក​ដែល​ស្លាប់​ច្រើន​ជាង​គេ​គឺ​ស្លាប់​ដោយ​សារ​ខ្យល់​ព្យុះ​ត្រាមី​។​

ជា​មួយ​នឹង​ល្បឿន​បោក​បក់​១៧៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​គិត​ជា​មធ្យម​ និង​ពេល​ខ្លះ​បង្កើន​ល្បឿន​ដល់​២៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ ខ្យល់​ព្យុះ​យីន​ស៊ីង​វាយ​ប្រហារ​តំបន់​មាត់​សមុទ្រ​សាន់​តា​​ អាណា (Santa Ana) និង​តំបន់​ក្បែរ​ៗ​នោះ​យ៉ាង​ដំណំ​។ ភ្លៀង​ក៏​ចាប់​ផ្ដើម​ធ្លាក់​មក​ខ្លាំង​ៗ​ដូច​គេ​ហែក​មេឃ​ ខណៈ​ដែល​ផ្ទះ​របស់​អ្នក​ស្រុក​ត្រូវ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​ត្រឹម​តែ​១​ប៉​ប្រិច​ភ្នែក​។​

អាជ្ញាធរ​ប្រាប់​​​ថា​ខ្យល់​ព្យុះ​បាន​គាស់​រំលើង​ដើម​ឈើ​ទាំង​ឫស​អស់​ជា​ច្រើន​ដើម​។ ឥឡូវ​នេះ​សមត្ថ​កិច្ច​កំពុង​ផ្ទៀង​ផ្ទាត់​ព័ត៌​មាន​ដែល​ថា​ប៉ុស្តិ៍​នគរ​បាល​នៅ​ទី​ក្រុង​សាន់​តា អាណា​​បាន​រង​ការ​ខូច​ខាត​។ ទោះ​ជា​យ៉ាង​ណា​ក្ដី គេ​មិន​ទាន់​ទទួល​ដំណឹង​ថា​មាន​​អ្នក​ស្លាប់​នៅ​ឡើយ​ទេ​។ អាជ្ញាធរ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ប្រចាំ​ខេត្ត​ខា​ហ្កាយ៉ាន​កំពុង​ចាត់​វិធាន​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​។

ទី​ភ្នាក់​ងារ​ឧតុ​និយម​ជាតិ​ថ្លែង​ថា​ខេត្ត​ខា​ហ្កាយ៉ាន​ដែល​មាន​មនុស្ស​រស់​នៅ​សរុប​១,៣​លាន​នាក់​នោះ​អាច​នឹង​រង​គ្រោះ​យ៉ាង​ដំណំ​ដោយ​សារ​កម្លាំង​បោក​បក់​ពេញ​ទំហឹង​នៃខ្យល់​ព្យុះ​យីន​ស៊ីង​។ នៅ​ខេត្ត​អ៊ីឡូខូស ន័រតេ​ (Ilocos Norte) ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​​ការ​ងារ​របស់​នគរ​បាល​ថ្នាក់​មូល​ដ្ឋាន​, ទី​ភ្នាក់​ងារ​ពន្លត់​អគ្គិ​ភ័យ និង​កង​ទ័ព​។

គេ​កំពុង​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​ក្រែង​លោ​មាន​ករណី​បាក់​ដី​ ជំនន់​ទឹក​ភ្លៀង និង​ការ​ហក់​ឡើង​ខ្ពស់​យ៉ាង​ឆាប់​រហ័ស​នៃ​ទឹក​ទន្លេ​។ ខ្យល់​បក់​ខ្លាំង​ៗ​ដល់​កម្រិត​នេះ​ក៏​​ធ្វើ​ឱ្យ​បារម្ភ​ផង​ដែរ​​ថា​អាច​នឹង​មាន​​រលក​សមុទ្រ​ខ្ពស់​ៗ​​នៅ​​ខេត្ត​​​អ៊ីលី​ខូស​ ន័រតេ និង​ខា​ហ្កាយ៉ាន​​។ អាជ្ញា​ធរ​គ្រប់​គ្រង​គ្រោះ​មហន្ត​​រាយ​ដែល​ប្រចាំ​ការ​នៅ​ខេត្ត​អាផាយ៉ាវ (Apayao) ប្រាប់​ថា​គេ​បាន​ជម្លៀស​មនុស្ស​៥០០​នាក់​ទៅ​កាន់​ទី​កន្លែង​សុវត្ថិ​ភាព​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ