ទីក្រុងម៉ូស្គូ៖ លោកពូទីនអបអរសាទរការឈ្នះឆ្នោតរបស់លោកត្រាំ និងចាត់ទុកលោកត្រាំថាជាមនុស្សក្លាហាន។ នៅឯវេទិកាមួយនៃទីក្រុងសូជី (Sochi) លោកពូទីនថ្លែងថាលោកត្រាំត្រូវគេព្រួតខាំពីគ្រប់ច្រកល្ហកនៅពេលគាត់កាន់អំណាចកាលពីអាណត្តិទី១។ លោកពូទីនថ្លែងបន្តទៀតថាការដែលលោកត្រាំអះអាងថាលោកអាចបញ្ចប់សង្គ្រាមបាននោះជាអ្វីដែលយើងគួរយកចិត្តទុកដាក់ស្ដាប់។
នៅក្នុងពេលឃោសនាបោះឆ្នោត លោកត្រាំនិយាយជាច្រើនដងថាលោកអាចបញ្ចប់សង្គ្រាមអ៊ុយក្រែនត្រឹមតែរយៈពេល២៤ម៉ោងប៉ុណ្ណោះ។ ប៉ុន្តែលោកមិនបានបរិយាយលម្អិតថាតើបញ្ចប់ដោយវិធីណាទេ។ នៅក្នុងការថ្លែងសុន្ទរកថាជាច្រើនម៉ោង និងគ្របដណ្ដប់ទៅលើប្រធានបទជាច្រើននោះ លោកពូទីនក៏បានរំលឹកអំពីការប៉ុនប៉ងធ្វើឃាតលោកត្រាំមិនបានសម្រេចកាលពីខែកក្កដា។ លោកចាត់ទុកថានោះហើយជាចំណុចដែលធ្វើឱ្យគេចាប់អារម្មណ៍ខ្លាំងទៅលើលោកត្រាំ។
លោកពូទីនកត់សម្គាល់ថាចំណុចខ្លាំងរបស់លោកត្រាំនៅត្រង់ថាបន្ទាប់ពីត្រូវឃាតករបាញ់តម្រង់ក្បាលប៉ុន្តែត្រូវបញ្ឆិតស្លឹកត្រចៀកហើយ គាត់គ្មានអារម្មណ៍តក់ស្លុតទេ គាត់នៅតែក្ដាប់ដៃឡើងទៅលើថែមទៀតដើម្បីបញ្ជាក់អំពីទឹកចិត្តក្លាហាន។ លោកពូទីនចាត់ទុកថាលោកត្រាំធ្វើបែបនេះជាការត្រឹមត្រូវបំផុត និងស័ក្ដិជាកូនប្រុសពិតៗ។ អីចឹងហើយបានជាគាត់ឈ្នះឆ្នោត។
នៅពេលអ្នកសារព័ត៌មានសួរថាតើលោកពូទីនត្រៀមខ្លួនពិភាក្សាការងារជាមួយលោកត្រាំហើយឬនៅ? លោកពូទីនតបថាយើងត្រៀមខ្លួនរួចហើយ។ យើងត្រៀមខ្លួនរួចហើយ។ លោកត្រាំនិយាយតាំងពីថ្ងៃព្រហស្បតិ៍ថាលោកត្រៀមខ្លួនសន្ទនាគ្នាជាមួយលោកពូទីន។ លោកថ្លែងប្រាប់ទូរទស្សន៍អឹនប៊ីស៊ីថា (NBC News) «ខ្ញុំគិតថាយើងនឹងមានឱកាសជជែកគ្នា»។
កាលពីម្ហឹកបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦មានការចោទប្រកាន់ថារដ្ឋាភិបាលទីក្រុងម៉ូស្គូបានជ្រៀតជ្រែកនិងជួយជ្រោមជ្រែងលោកត្រាំរហូតដល់ឈ្នះឆ្នោត។ ក្រោយមកទីភ្នាក់ងារពិសេសរបស់អាមេរិក លោករ៉ូបឺត មូលឡឺ (Robert Mueller) ទទួលរ៉ាប់រ៉ងខាងស៊ើបអង្កេតសំណុំរឿងនេះ។ ស៊ើបរយៈពេល៣ឆ្នាំ គាត់មិនអាចរកឃើញភស្តុតាងដូចការចោទប្រកាន់ទេ៕
ចែករំលែកព័តមាននេះ