ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់ទឹកភ្លៀងនៅលើផ្លូវជាតិលេខ៣ បានស្រកអស់ហើយ និងបើកឱ្យចរាចរណ៍ឡើងវិញបាន

2 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ស្ពឺ ស្តី​ពី​ការ​អនុញ្ញាត​ចរាចរណ៍​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​គ្រប់​ប្រភេទ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ ។ លោក ស៊ូ សុ​ន្ធ​រ៉ា…

ខេត្តកំពង់ស្ពឺ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ស្ពឺ ស្តី​ពី​ការ​អនុញ្ញាត​ចរាចរណ៍​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​គ្រប់​ប្រភេទ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ ។

លោក ស៊ូ សុ​ន្ធ​រ៉ា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ស្ពឺ​បានឱ្យ​ដឹង​ថា ៖ ស្ថានភាព​ជំនន់​ទឹកភ្លៀង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ផ្សារ​ត្រាំខ្នារ ស្ថិត​ក្នុងស្រុក​គងពិសី និង​ផ្សារ​ប៉ា​ង្គ​សី ស្ថិត​ក្នុងស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ គិត​ត្រឹម​វេលា​ម៉ោង​៧:០០​នាទី​ព្រឹក ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ស្ថានភាព​ទឹក​លិច​បាន​ស្រក​ចុះ​ផុត​ពី​តួ​ផ្លូវ​ជា​ស្ថាពរ ។

អាស្រ័យ​ហេតុនេះ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ស្ពឺ សម្រេច​អនុញ្ញាត​ឱ្យ​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​គ្រប់​ប្រភេទ​ធ្វើ​ចរាចរណ៍​ឡើង​វិញ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ ចាប់ពី​ម៉ោង​១៣:០០​នាទី ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ នេះ​តទៅ ។

សូម​រំលឹក​ផង​ដែរ​ថា អាជ្ញាធរ​ស្រុក​គងពិសី និង​មន្ទីរ​ជំនាញ​ធនធានទឹក ឧតុនិយម និង​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ស្ពឺ បាន​បង្ខំចិត្ត​សម្រេច​កាយ​បើកមុខ​ទឹក ៣​កន្លែង ដើម្បី​ព​ន្លឿ​ន​ចរន្តទឹក​ហូរ​ចេញពី​ផ្លូវជាតិ​លេខ​៣ ដែល​គិត​មក​ទល់​ម៉ោង​នេះ​ទឹកបាន​ស្រក​ចុះ​វិញ​ហើយ ។

លោក ស៊ូ សុ​ន្ធ​រ៉ា បានឱ្យ​ដឹង​ទៀត​ថា ស្ថានភាព​ទឹក​នៅ​ចំណុច​ច​ផ្សារ​ត្រាំខ្នារ​បាន​ស្រក​ចុះ​ជាង​មួយ​តឹក ក្រោយ​មន្ទីរ​ជំនាញ​បាន​កាយ​ផ្តាច់ ដើម្បី​បើកមុខ​ទឹក​កាត់​តាម​បុរី​អេស​អ័​រ រៀល​អី​ស្ទេ​ត​(SR) ដែល​សង់​បិទមុខ​ទឹក ។ ចំណុច​មួយទៀត ស្ថិត​នៅ​ក្នុងភូមិ​អង្គ​ខ្ជាយ ឃុំ​ព្រៃ​វិហារ អាជ្ញាធរ​បាន​សម្រេច​កាយ​បើក​មុខទឹក​សម្រួល​ដល់​ចរន្តទឹក​ហូរ​ចេញពី​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ក្បែរ​ផ្សារ​ប៉ាំង​សី​ចំនួន​២​កន្លែង ដោយ​មួយ​កន្លែង​ត្រូវ​កាយ​ផ្តាច់​ផ្លូវ ដើម្បី​បង្ហូរទឹក​ចូល​ទៅ​ក្នុង​ប្រឡាយ​មេ ។

ទន្ទឹម​នឹង​ការ​កាយ​ផ្តាច់​ផ្លូវ​នេះ លោក ស៊ូ សុ​ន្ធ​រ៉ា បាន​បញ្ជាក់​ថា ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ចេញចូល​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​សាស្ត្រ​ភូមិ​ខ្ជាយ​នៃ​ឃុំ​ស្នំ​ក្រពើ អាជ្ញាធរ​ស្រុក​ក៏​បាន​សម្រុក​សាងសង់​ស្ពានឈើ​មួយ រួចរាល់​ទាំង​យប់​ឱ្យ​ពលរដ្ឋ​បាន​ឆ្លងកាត់​បណ្តោះអាសន្ន​ផង​ដែរ ។

រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ស្ពឺ មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ជ្រាប​ថា ៖ យោង​លើ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤១ ដល់​គីឡូម៉ែត្រ​លេខ​៤៣ (​ផ្សារ​ត្រាំ​ខ្ទារ​) ស្ថិត​ក្នុងស្រុក​គងពិសី និង​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥៣ ដល់​គីឡូម៉ែត្រ​លេខ​៥៥ (​ផ្សារ​ប៉ា​ង្គ​សី​) ស្ថិត​ក្នុងស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ គិត​ត្រឹម​វេលា​ម៉ោង​៧:០០​នាទី​ព្រឹក ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ស្ថានភាព​ទឹក​លិច​បាន​ស្រក​ចុះ ផុត​ពី​តួ​ផ្លូវ​ជា​ស្ថាពរ ។

អាស្រ័យ​ហេតុនេះ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ស្ពឺ សម្រេច​អនុញ្ញាត​ឱ្យ​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​គ្រប់​ប្រភេទ​ធ្វើ​ចរាចរណ៍​ឡើង​វិញ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ ចាប់ពី​ម៉ោង​១៣:០០​នាទី ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ នេះ​តទៅ ។ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ស្ពឺ សូម​ថ្លែងអំណរគុណ និង​អរគុណ​ចំពោះ​ការ​ចូលរួម​របស់​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​បុព្វហេតុ ដើម្បី​រួម​គ្នា​ថែរក្សា​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ថ្នល់​-​ស្ពាន ឱ្យ​ប្រើប្រាស់​បាន​យូរអង្វែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ