ខេត្តតាកែវ ៖ អំឡុងពេលរដូវវស្សានេះ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ រងផលប៉ះពាល់ដោយគ្រោះមហន្តរាយនានា ដូចជា ព្យុះខ្យល់កន្រ្តាក់ និងទឹកជំនន់យ៉ាងដំណំ។ ប្រជាពលរដ្ឋក្រីក្រក្នុងសហគមន៍នេះ ដែលភាគច្រើនកំពុងមានជីវភាពលំបាកស្រាប់ហើយ នឹងត្រូវរងបន្ទុកផលប៉ះពាល់កាន់តែធ្ងន់បន្ថែមទៀតដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
ជាការឆ្លើយតបបន្ទាន់ទៅនឹងបញ្ហាប្រឈមទាំងនេះ ធនាគារ ABA បានបន្ថែមការជួយឧបត្ថម្ភរបស់ខ្លួន ដោយនាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះ តាមរយៈកាកបាទក្រហមកម្ពុជា សាខាខេត្តតាកែវ។
ដោយបានមើលឃើញពីភាពចាំបាច់ ដែលប្រជាពលរដ្ឋរងគ្រោះ ត្រូវការជំនួយបន្ទាន់ កាលពីថ្ងៃទី 22 ខែតុលា ឆ្នាំ 2024 កម្មវិធីប្រគល់អំណោយមនុស្សធម៌ បានរៀបចំឡើងនៅ វត្តគុស ស្រុកត្រាំកក់ ក្រោមអធិបតីភាព ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត ខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ។ កម្មវិធីនេះ ក៏មានការចូលរួមពីសំណាក់ សមាជិក សមាជិកា គណៈកម្មាធិការសាខា លោកអភិបាលស្រុកត្រាំកក់ មន្រ្តីពាក់ព័ន្ធតាមមូលដ្ឋានសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ រួមជាមួយក្រុមការងារ របស់ធនាគារ ABA ពីសាខាស្រុកត្រាំកក់ និងខេត្តតាកែវផង។
ឯកឧត្តម វ៉ី សំណាង មានប្រសាសន៍ថា៖ «កម្មវិធីថ្ងៃនេះ បានឆ្លុះបញ្ចាំងពីការសហការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន។ តាងនាមឲ្យអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋខេត្តតាកែវ យើងសូមថ្លែង អំណរគុណដល់ធនាគារ ABA សម្រាប់ការបរិច្ចាគដ៏សប្បុរសធម៌ ជូនគ្រួសាររងគ្រោះ ដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ»។
ប្រជាពលរដ្ឋចំនួន 55 គ្រួសារ បានទទួលកញ្ចប់អំណោយ (ឃីដ) ដែលរួមមានស្បៀងអាហារ និងសម្ភារៈ ប្រើប្រាស់ ដូចជា អង្ករ មី ទីកត្រី ទឹកស៊ីអ៊ីវ ក្រណាត់តង់ មុង និងភួយ ជាដើម។ ឃីដទាំងនេះ រៀបចំឡើងដើម្បីបំពេញតម្រូវការបន្ទាន់របស់ប្រជាពលរដ្ឋ ដោយធានាថាពួកគេមានធនធានប្រើប្រាស់ចាំបាច់ ដើម្បីជម្នះបញ្ហានានាអំឡុងពេលវេលាលំបាកនេះ។
លោក មាស ខេមរា ប្រធានសាខា ABA ខេត្តតាកែវ មានប្រសាសន៍ថា «នៅធនាគារ ABA យើងខ្ញុំតែងតែត្រៀមខ្លួនជានិច្ច ក្នុងការជួយដល់ក្រុមគ្រួសាររងគ្រោះ ជាពិសេសក្នុងគ្រាមានអាសន្ន។ ក្នុងនាមជាដៃគូរសហការយូរអង្វែងជាមួយកាកបាទក្រហមកម្ពុជា កម្មវិធីនេះ បានអនុញ្ញាតឲ្យយើងខ្ញុំបន្តផ្តល់ការគាំទ្រយ៉ាងជាប់លាប់ ជូនដល់សហគមន៍»។
កន្លងជាច្រើនឆ្នាំមកនេះ ធនាគារ ABA តែងតែរួមចំណែកវិភាគទានសប្បុរសធម៌ជូនដល់កាកបាទក្រហមកម្ពុជា។ ជាក់ស្តែង កាលពីអំឡុងខែឧសភាកន្លងទៅ ABA បានបរិច្ចាគថវិកាចំនួន 100,000 ដុល្លារអាមេរិក ជូនដល់កាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ ដើម្បីប្រើប្រាស់ក្នុងការបម្រើសកម្មភាពមនុស្សធម៌ទូទាំងប្រទេស។
សមស្របទៅនឹងគោលការណ៍ទំនួលខុសត្រូវសង្គមរបស់ខ្លួន ធនាគារ ABA បន្តប្តេជ្ញាចិត្តឥតងាករេ ក្នុងកិច្ចការពង្រឹងសហគមន៍ រយៈជំនួយសង្រ្គោះពេលមានគ្រោះមហន្តរាយ ការងារសុខភាព និងសេវាសុខុមាលភាពសង្គម ក្នុងន័យធានាឲ្យប្រជាពលរដ្ឋគ្រប់រូបមានជីវភាពរស់នៅកាន់តែប្រសើរ ៕ សហការ
ចែករំលែកព័តមាននេះ