រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាធារណរដ្ឋកូរ៉េ ដឹកនាំដោយឯកឧត្តម គីម ហានគីល (Kim Han-Gil) ប្រធានគណៈកម្មាធិការរួបរួមជាតិនៃការិយាល័យប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។ ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលនេះផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការបញ្ជូន និងទទួលពលករកម្ពុជាទៅធ្វើការនៅក្នុងប្រទេសកូរ៉េ រួមនិងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ TVET នៅកម្ពុជា ។
ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលជួយក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសកូរ៉េ ជាពិសេសរដ្ឋាភិបាលកូរ៉េបានជួយកសាងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលភាគច្រើនស្គាល់ថា សាលាកូរ៉េ ដែលបាននិងកំពុងបណ្តុះបណ្តាលធនធានមនុស្សជាច្រើន លើជំនាញបច្ចេកទេស វិជ្ជាជីវៈ ភាសាកូរ៉េ ដោយមានកិច្ចសហការជាមួយសាកលវិទ្យាល័យនៃប្រទេសកូរ៉េ ផងដែរ ។ ទន្ទឹមនេះ វិទ្យាស្ថាន NPIC ក៏កំពុងសហការជាមួយក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ លើការបណ្តុះបណ្តាល និងអភិវឌ្ឍជំនាញយានយន្ត ដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាទៀតផង ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ដែរថា សាធារណរដ្ឋកូរ៉េ បានក្លាយជាទិសដៅដែលពលករកម្ពុជាចង់ទៅធ្វើការ ដោយសារទទួលបានប្រាក់ចំណូលខ្ពស់ មានការគាំពារពីរដ្ឋាភិបាលកូរ៉េ និងអាចទទួលបានជំនាញខ្ពស់ពេលត្រឡប់មកប្រទេសកម្ពុជាវិញ ។ តាមរយៈនៃសមិទ្ធផលទាំងនេះ បង្ហាញថាកម្ពុជា-កូរ៉េ មានកិច្ចសហប្រតិបត្តិការជាមួយគ្នាមិនត្រឹមតែរវាងរដ្ឋ និងរដ្ឋ ក្រសួង និងក្រសួងប៉ុណ្ណោះទេ តែក៏មានកិច្ចសហប្រតិបត្តិការយ៉ាងល្អលើវិស័យវប្បធម៌ និងប្រជាជននៃប្រទេសទាំងពីរផងដែរ ។
ជាការឆ្លើយតប ឯកឧត្តម Kim Han-Gil បានជម្រាបជូនថា រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ មានគោលនយោបាយដែលត្រូវការកម្លាំងពលកម្មបរទេសកាន់តែច្រើន ជាពិសេសកម្លាំងពលកម្មជំនាញខ្ពស់ ដែលចំណុចនេះ ឯកឧត្តម រំពឹងថា កម្ពុជានឹងអាចអភិវឌ្ឍកម្លាំងពលកម្មជំនាញកាន់តែច្រើន ដើម្បីចូលរួមបំពេញតម្រូវការទៅតាមកូតារបស់សាធារណរដ្ឋកូរ៉េ ។ ឯកឧត្តម ក៏លើកទឹកចិត្តដល់ពលករកម្ពុជាដែលកំពុងបំពេញការងារនៅប្រទេសកូរ៉េ រៀនភាសាកូរ៉េបន្ថែមទៀតផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ