ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែទំពាំងបាយជូ Shine Muscat ក្រោយផ្ទុះរឿងមានជាតិ​​គីមីលើសកម្រិត ប្រទេសអាស៊ីអាគ្នេយ៍បង្កើនការពិនិត្យ

3 អាទិត្យ មុន

អន្តរជាតិ ៖ ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី បានចាប់ផ្តើមធ្វើតេស្តផ្លែទំពាំងបាយជូរ Shine Muscat ដែលបាននាំចូល ដើម្បីដោះស្រាយកង្វល់កើតឡើង…

0:00
0:00

អន្តរជាតិ ៖ ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី បានចាប់ផ្តើមធ្វើតេស្តផ្លែទំពាំងបាយជូរ Shine Muscat ដែលបាននាំចូល ដើម្បីដោះស្រាយកង្វល់កើតឡើង បន្ទាប់ពីការរកឃើញសារធាតុគីមីគ្រោះថ្នាក់លើសកម្រិត នៅក្នុងប្រទេសថៃ។ នេះបើតាមប្រភពពីសារព័ត៌មានវៀតណាម VnExpress ចេញផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។

ប្រភពពីសារព័ត៌មាន Channel News Asia បានរាយការណ៍ថា ទីភ្នាក់ងារចំណីអាហារសិង្ហបុរី កាលពីថ្ងៃពុធបានប្រកាសថា ការធ្វើតេស្តផ្លែឈើទំពាំងបាយជូរ Shine Muscat មិនបានរកឃើញសារធាតុគីមីលើសកម្រិតបង្កជាការព្រួយបារម្ភអំពីសុវត្ថិភាពម្ហូបអាហារនោះទេ។ ទីភ្នាក់ងារធានាដល់សាធារណជនថា បទប្បញ្ញត្តិបានដាក់កំហិតលើបរិមាណសារធាតុគីមីក្នុងអាហារ ហើយនឹងបន្តតាមដានជាបន្តទៀត។ ការធ្វើតេស្តត្រូវបានធ្វើឡើងជាទៀងទាត់ ហើយអាហារមិនបានឆ្លងកាត់ការត្រួតពិនិត្យនឹងមិនត្រូវបានអនុញ្ញាតឱ្យលក់លើទីផ្សារនោះទេ។ ចំណែកប្រភពពីសារព័ត៌មាន The Straits Times បានឱ្យដឹងថា ទំពាំងបាយជូ Shine Muscat ដែលនាំចូលទៅសិង្ហបុរីដោយអាជីវកម្មមានអាជ្ញាប័ណ្ណត្រឹមត្រូវ គឺជាពូជមានប្រភពពីប្រទេសជប៉ុន។

ទំពាំងបាយជូ Shine Muscat ល្បីល្បាញខ្លាំងកាលពីសប្តាហ៍មុន បន្ទាប់ពីបណ្តាញជូនដំណឹងអំពីថ្នាំសម្លាប់សត្វល្អិតរបស់ប្រទេសថៃ សហការជាមួយក្រុមប្រឹក្សាអ្នកប្រើប្រាស់ថៃ TCC និងរដ្ឋបាលចំណីអាហារ និងឱសថថៃ បានចេញការព្រមានអំពីសារធាតុគីមីពុលលើសពកម្រិត ត្រូវបានរកឃើញក្នុងសំណាកទំពាំងបាយជូរ Shine Muscat លក់ក្នុងប្រទេសថៃ។ ការធ្វើតេស្តបានធ្វើឡើងលើសំណាកទំពាំងបាយជូមួយចំនួននាំចូលមកលក់ក្នុងទីក្រុងបាងកក ដោយ TCC បានរកឃើញថា មួយចំនួនមានផ្ទុកសារធាតុ Chlorpyrifos ដែលជាសារធាតុគីមីហាមឃាត់ដ៏គ្រោះថ្នាក់ ខណៈមួយចំនួនផ្សេងទៀតមានសារធាតុពុល ១៤ប្រភេទលើសពីការកំណត់លំនាំដើម។

ការព្រមាននេះ ក៏បានជំរុញឱ្យមានការព្រួយបារម្ភអំពីសុវត្ថិភាពចំណីអាហារ ចំពោះផ្លែទំពាំងបាយជូ Shine Muscat នៅក្នុងប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ីផងដែរ ដោយក្រសួងកសិកម្ម និងសន្តិសុខស្បៀងកាលពីថ្ងៃអាទិត្យសប្តាហ៍មុនបានប្រកាសថា ខ្លួននឹងចាប់ផ្តើមការត្រួតពិនិត្យទៅលើផ្លែទំពាំងបាយជូរ Shine Muscat ដែលបាននាំចូល។

កាសែតម៉ាឡេស៊ី The Star បានរាយការណ៍ថា ក្រសួងសុខាភិបាលម៉ាឡេស៊ី កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានប្រកាសថា កម្មវិធីគុណភាព និងសុវត្ថិភាពចំណីអាហារបានវិភាគសំណាកទំពាំងបាយជូជាច្រើន ហើយមានតែសំណាកមិនមែនពូជ Shine Muscat មួយចំនួនតិចប៉ុណ្ណោះ ដែលមិនបំពេញតាមតម្រូវការកម្រិតអនុញ្ញាតិ។ ក្រសួងបានធានាដល់សាធារណជនថា ការនាំចូលទំពាំងបាយជូរបន្ទាប់ នឹងឆ្លងកាត់ការត្រួតពិនិត្យ ហើយការត្រួតពិនិត្យតឹងរ៉ឹងត្រូវបានធ្វើឡើងនៅតាមព្រំដែន ដើម្បីធានាសន្តិសុខស្បៀង។

យោងតាមកាសែតឥណ្ឌូណេស៊ី The Jakarta Post បានរាយការណ៍ថា ទីភ្នាក់ងារត្រួតពិនិត្យអាហារ និងឱសថកាលពីថ្ងៃពុធ បានប្រកាសថា ខ្លួនកំពុងតែត្រួតពិនិត្យសំណាកទំពាំងបាយជូរ Shine Muscat នៅទូទាំងប្រទេស។ ទីភ្នាក់ងារបានស្នើឱ្យសាធារណជនដាក់កម្រិត ឬផ្អាកការទទួលទានជាបណ្ដោះអាសន្ន ខណៈការស៊ើបអង្កេតជំរុញដោយរបាយការណ៍ពីប្រទេសថៃ កំពុងដំណើរការហើយ៕ (ប្រភព ៖ VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ