ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្ដម ហេង សួរ ដឹកនាំ​ប្រតិភូ​ក្រសួង​ការងារ ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការងារ​អាស៊ាន​បូក​បី លើក​ទី ​១៣ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ក្នុង​ប្រទេសសិង្ហ​បុរី

1 ខែ មុន

ប្រទេសសិង្ហ​បុរី​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការងារ​អាស៊ាន​បូក​បី លើក​ទី ​១៣…

ប្រទេសសិង្ហ​បុរី​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការងារ​អាស៊ាន​បូក​បី លើក​ទី ​១៣ (The 13th ASEAN Plus three labour minister meeting – 13th ALMM+3) ក្រោម​មូលបទ “​ការ​ពង្រឹង​ភាព​ធន់ និង​ការ​លើកកម្ពស់​នវានុវត្តន៍​” នា​ថ្ងៃ​ទី​ ៣១ ខែតុលា ឆ្នាំ​ ២០២៤ នៅ​ប្រទេស​សិង្ហ​បុរី ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រីក្រសួង​ហត្ថពល​កម្ម​សិង្ហ​បុរី និង​មានការ​ចូលរួម​ពី​រដ្ឋមន្ត្រី​/​ប្រធាន​ប្រតិភូ​ក្រសួង​ការងារ​នៃ​រដ្ឋ​ជា​សមាជិក​អាស៊ាន និង​ប្រទេស​ជា​ដៃគូ​សន្ទនា​អាស៊ាន​បូក​បី រួម​មាន សាធារណរដ្ឋ​ប្រជាមានិត​ចិន ជប៉ុន និង​សាធារណរដ្ឋ​កូរ៉េ​, រួម​និង​រដ្ឋមន្ដ្រី​ការងារ​ទី​ម័​រ​ឡេ​ស្ដេ ក្នុង​ឋានៈ​ជា​អ្នក​សង្កេតការណ៍​, និង​ឯកឧត្តម​អគ្គលេខាធិការ​អាស៊ាន​ ។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម ហេង សួរ បាន​ថ្លែងអំណរគុណ ចំពោះ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជប៉ុន និង​សាធារណរដ្ឋ​កូរ៉េ ដែល​តែងតែ​ជួយ​គាំទ្រ និង​ជំរុញ​ការ​ពង្រឹង​ភាព​ធន់ និង​កា​រលើ​ក​កម្ពស់​នវានុវត្តន៍ ក្នុង​ទីផ្សារ​ការងារ​ក្នុង​តំបន់​អាស៊ាន ​។ ជាក់ស្តែង ប្រទេស​ទាំង​បី​បាន​ផ្តល់​ជំនួយ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ ដើម្បី​ជួយ​គាំទ្រ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ប្រទេស​កម្ពុជា រួម​មាន ​៖

១- កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ចិន ក្រោម​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​-​ចិន ដែល​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​កសាង​ភាព​ធន់​តាម​រយៈ “​គម្រោង​ពង្រឹង​ជំនាញ​អភិវឌ្ឍន៍​នៅ​កម្ពុជា ឡាវ និង​មី​យ៉ា​ន់​ម៉ា​” ក្រោម​ក្រប​ខណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​ត្បូង​-​ត្បូង និង​កិច្ច​សហប្រតិបត្តិការ​ត្រីកោណ​។ គំនិត​ផ្តួចផ្តើម​នេះ​បាន​បង្កើន​ជំនាញ និង​ការ​អភិវឌ្ឍន៍​លើ​សេវា និង​ប្រព័ន្ធ​ព័ត៌មាន​ទីផ្សារ​ការងារ រួម​ជាមួយនឹង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​រឹង​មាំ​រវាង​ស្ថាប័ន​សាធារណៈ និង​វិស័យ​ឯកជន​ ។

២- កិច្ច​សហប្រតិបត្តិការ​អាស៊ាន​-​ជប៉ុន បាន​និង​កំពុង​ជួយ​លើកកម្ពស់​សុវត្ថិភាព និង​សុខភាព​ការងារ (Occupational Safety and Health – OSH) នៅ​កម្ពុជា ក៏​ដូច​ជា​ប្រទេស​ជា​សមាជិក​អាស៊ាន​ដទៃ​ទៀត ពិសេស​លើ​វិស័យ​សំណង់ ដែល​នេះ​មិន​ត្រឹមតែ​ជួយ​បង្កើន​សុវត្ថិភាព​នៅ​កន្លែងធ្វើការ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​នាំ​មក​នូវ​បច្ចេកវិទ្យា​ថ្មី​ៗ​ទៀត​ផង​ដែរ​ ។

៣- ភាព​ជា​ដៃគូ​ជាមួយ​សាធារណរដ្ឋ​កូរ៉េ ក្រោម​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ បាន​និង​ជំរុញ​វិស័យ​បណ្តុះបណ្តាល​បច្ចេកទេស (TVET) នៅ​កម្ពុជា ពិសេស​លើ​ផ្នែក​ឌី​ជី​ថ​ល​ភាវូបនីយកម្ម ដែល​ធ្វើ​ឱ្យ​កម្លាំង​ពលកម្ម​នៅ​ក្នុង​តំបន់​អាស៊ាន​កាន់​នៅ​តែ​មាន​ភាព​ប្រកួតប្រជែង ស្រប​តាម​បរិបទ​ការងារ​សកល​បច្ចុប្បន្ន ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ រដ្ឋមន្ត្រី​ការងារ​នៃ​បណ្ដា​ប្រទេស​អាស៊ាន និង​ប្រទេស​អាស៊ាន​បូក​បី​ទាំងអស់ បាន​អនុម័ត​នូវ “​សេចក្តីថ្លែងការណ៍​រួម (Joint Statement) នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការងារ​អាស៊ាន​បូក​បី លើក​ទី​ ១៣ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​” ដែល​ជា​ឯកសារ​គោល​ក្នុង​ការ​អនុវត្ត​ការងារ​បន្ដ​ក្នុង​រយៈពេល ២​ឆ្នាំទៅ​មុខ​ ៕ អត្ថបទសហការ