រាជធានីភ្នំពេញា ៖ ក្មេងប្រុស២នាក់បងប្អូនជីដូនមួយនិងគ្នា បានជិះម៉ូតូ១គ្រឿងឌុបគ្នាចេញពីផ្ទះទៅចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅវិទ្យាល័យទួលអំពិល ប៉ុន្តែជាអកុសលបានជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរតាមផ្លូវ ។ ដោយបានទាក់ដៃចង្កូតគ្នាជាមួយម៉ូតូ១គ្រឿងទៀតដែលកំពុងឆ្លងផ្លូវ បណ្តាលឲ្យដួលខ្ទាតទៅកណ្ដាលផ្លូវ ស្របពេលនោះមានរថយន្ត១គ្រឿងទៅដល់ កិនបណ្ដាលឲ្យស្លាប់ ក្មេងប្រុសដែលជាប្អូន ចំណែកបងរងរបួសស្រាល ។
ឧប្បត្តិហេតុខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី១ ខែវិច្ចិកា ឆ្នាំ២០២៤ នៅតាមផ្លូវព្រៃស ស្ថិតនៅភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្មេងប្រុសដែលដែលស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ ហុង តាក់វណ្ណឆៃ អាយុ១៣ឆ្នាំ មុខរបរសិស្ស វិទ្យាល័យទួលអំពិល ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
បើតាមបុរសជាសន្តិសុខម្នាក់ដែលបានឃើញហេតុការណ៍នោះបាននិយាយថា នៅមុនកើតហេតុគាត់បានឃើញក្មេងប្រុសទាំង២នាក់ខាងលើ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CV-2304 ឌុបគ្នាធ្វើដំណើរតាមផ្លូវបេតុងព្រៃស ទិសដៅពីលិចទៅកើត ។ លុះមកដល់ត្រង់ចំណុចក៏បានទាក់ដៃចង្កូតជាមួយម៉ូតូម៉ាកហុងដាវ៉េវ១គ្រឿងកំពុងឆ្លងផ្លូវ បណ្ដាលឲ្យដួលខ្ទាតទៅមុខប្រមាណជាង១០ម៉ែត្រ ស្របពេលនោះក៏មានរថយន្ត១គ្រឿងម៉ាកតូយ៉ូតាព្រូសទៅដល់កិនស្លាប់ក្នេងប្រុសដែលជាប្អូនភ្លាមៗនៅនឹងកន្លែងតែម្ដង ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ចំណែកបងប្រុសដែលជាអ្នកឌុបបានរងរបួសស្រាល ហើយភាគីអ្នកជិះម៉ូតូវ៉េវដែលបើកឆ្លងផ្លូវនោះក៏រងរបួសស្រាលដែរ បន្ទាប់មករថយន្តម៉ាកតូយ៉ូតាព្រូស បានបើកគេចខ្លួនបាត់ទៅស្រមោល ។
ដោយឡែកស្រ្តីជាម្ដាយក្មេងប្រុសរងគ្រោះខាងលើបានយំផងនិយាយផងថា គាត់ជាកម្មការិនីរោងចក្រ ហើយគាត់មិនបានដឹងថាកូនជួបគ្រោះអកុសលបែបនេះទេ ខណៈដែលគាត់កំពុងតែធ្វើការសុខ ស្រាប់តែបងស្រីគាត់ខលទៅប្រាប់ថាកូនប្រុសគាត់ជាួបគ្រោះថ្នាក់ចរាចរ ។ ប៉ុន្តែបងស្រីគាត់មិនបានប្រាប់គាត់ដោយត្រង់ៗថាកូនប្រុសគាត់ស្លាប់ទេ ព្រោះដឹងថាគាត់មានជំងឺខ្សោយឧស្សាហ៍សន្លប់ ពេលនោះគាត់ក៏បានសុំប្រធានក្រុមចេញមកមើល ស្រាប់តែឃើញកូនប្រុសស្លាប់បាត់ទៅហើយ ។
ក្រោយកើតហេតុនគរបាលខណ្ឌដង្កោបានចុះទៅធ្វើការសម្រួលចរាចរ បន្ទាប់មកនគរបាលការិយាល័យចរាចរផ្លូវគោកនៃសង្នងការដ្ឋានរាជធានីភ្នំពេញ ចុះទៅធ្វើការវាស់វែងរួចនាំយកម៉ូតូទាំង២គ្រឿងទៅរក្សាទុករង់ចាំការដោះស្រាយ ។ ព្រមទាំងបន្តធ្វើការស្រាវជ្រាវរករថយន្តព្រូសដែលកំពុងរត់គេច និងបានប្រគល់សពជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ