រាជធានីភ្នំពេញ ៖ សម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានណែនាំមាតាបិតា អ្នកអាណាព្យាបាលចូលរួមតាមដានលទ្ធផលសិក្សា អត្តចរិត សីលធម៌ និងសុជីវធម៌ របស់កូនចៅ ទាំងនៅក្នុងគ្រួសារ និងក្នុងសហគមន៍ ព្រមទាំងជួយបង្រៀនកូនបន្ថែមទៀត ។
តាមរយៈសារលិខិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២៤-២០២៥ សម្ដេចបវរធិបតី ក៏បានណែនាំក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តអនុវត្ត កំណែទម្រង់វិស័យអប់រំ ដូចដែលបានដាក់ចេញរួចហើយ ជាពិសេស ការរៀបចំយន្តការគាំទ្រ និងយន្តការវាយតម្លៃសាលារៀនគំរូ ឆ្ពោះទៅពង្រឹង និងពង្រីក ការអនុវត្តស្តង់ជាសាលារៀនគំរូ ចាប់ពីមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា។
សម្ដេចបវរធិបតីបន្ដថា គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវអនុវត្តកម្មវិធីសិក្សាផ្លូវការឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ជាពិសេស ត្រូវរិះរកវិធី ដើម្បីអនុវត្តកម្មវិធីក្រៅម៉ោងសិក្សាក្នុងគោលដៅបន្ថែម២ម៉ោងសិក្សាយ៉ាង តិចក្នុងមួយថ្ងៃដោយផ្តោតលើការបន្ថែមម៉ោងសម្រាប់មុខវិជ្ជាសិក្សាគោល និងការពង្រឹងវិន័យសីលធម៌ និងឥរិយាបថ។
ទន្ទឹមនឹងនេះ គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវរៀបចំបរិស្ថានសាលារៀនស្អាត គ្មានសំរាម សាលា រៀន បៃតងឱ្យសក្តិសម ជាទីកន្លែងផ្តល់ការអប់រំ និងបណ្តុះគំនិតស្អាតស្អំ ឥរិយាបថល្អ និងគ្មានការញាំញីផ្លូវចិត្ត និងផ្លូវកាយ។
សម្ដេចបវរធិបតីបន្ថែមថា លោកគ្រូ អ្នកគ្រូទាំងអស់ បន្តដើរតួនាទីជាបុគ្គលនាំមុខ ជាឪពុកម្តាយទី២ ជា មគ្គុទ្ទេសក៍ជាអ្នកស្រាវជ្រាវជាទីប្រឹក្សានិងជាអ្នកច្នៃប្រឌិតដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ ខ្លួនជា ប្រចាំទាំងផ្នែកចំណេះដឹងនិងវិធីសាស្ត្របង្រៀនរួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរ ទេស ផងដែរ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «មាតាបិតា អ្នកអាណាព្យាបាល សូមចូលរួមតាមដា នលទ្ធផលសិក្សា អត្តចរិត សីលធម៌ និងសុជីវធម៌ របស់កូនចៅ ទាំងនៅក្នុងគ្រួសារនិងក្នុងសហគមន៍ ព្រមទាំង ជួយបង្រៀនកូនបន្ថែម ឬបង្កលក្ខណៈឱ្យកូនបានសិក្សាបន្ថែមពេលនៅផ្ទះ ជាពិសេសការចូលរួមអានសៀវ ភៅជា មួយកូន ដើម្បីហ្វឹកហាត់ទាំងនៅសាលារៀន និងនៅផ្ទះ ចូលរួមគាំទ្រដល់ការអភិវឌ្ឍសាលារៀន និងគាំ ទ្រដល់ គ្រូបង្រៀនតាមគ្រប់លទ្ធភាព»។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានប្រាប់ក្មួយៗ សិស្សានុសិស្ស យុវជន យុវនារីទាំងអស់ បន្ត ខិតខំ រៀនសូត្រ និងស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួននិងចូលរួមធ្វើអំពើល្អ ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និង ប្រទេសជាតិទាំងមូល ។ ជាមួយគ្នានេះដែរ ក្មួយៗចងចាំជានិច្ចថា «បើយើងស្រឡាញ់ខ្លួន ស្រឡាញ់ឪពុកម្តាយ និង ចង់បានអនាគតរុងរឿង គឺត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ»៕
ចែករំលែកព័តមាននេះ