ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតាវៀតណាម! តាក់ស៊ីលើអាកាសដំបូងបំផុតគ្រោងដាក់ឱ្យចរចរណ៍នៅខេត្តBinh Dinh

3 អាទិត្យ មុន

បរទេស ៖ ខេត្ត Binh Dinh ជា​ខេត្ត​ជាប់មាត់​សមុទ្រ មា​នទី​តាំងនៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម ដែល​មាន​ល្បីល្បាញ​ក្នុង​នាម​ជា​ទឹកដី​នៃ​សិល្បៈ​ក្បាច់គុន ល្ខោន​បុរាណ និង​ជា​មជ្ឈមណ្ឌល​នៃ​ដំណាំ​ដូង​ដ៏​ធំ…

បរទេស ៖ ខេត្ត Binh Dinh ជា​ខេត្ត​ជាប់មាត់​សមុទ្រ មា​នទី​តាំងនៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម ដែល​មាន​ល្បីល្បាញ​ក្នុង​នាម​ជា​ទឹកដី​នៃ​សិល្បៈ​ក្បាច់គុន ល្ខោន​បុរាណ និង​ជា​មជ្ឈមណ្ឌល​នៃ​ដំណាំ​ដូង​ដ៏​ធំ បូក​ផ្សំ​ជាមួយ​ធនធានធម្មជាតិ​ចម្រុះ និង​បរិស្ថាន​បៃតង​ស្រស់នោះ កំពុង​ស្នើ​ឱ្យ​សុំ​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​វៀតណាម ដើម្បី​ដាក់​ឱ្យ​ដំណើ​ការ​សាកល្បង​សេវា​តាក់ស៊ីលើ​អាកាស​គ្មាន​មនុស្ស​បើក​ក្នុង​ទីក្រុង eVTOL ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន VN Express នៅ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៤ បានឱ្យ​ដឹង​ថា គោល​គំនិត​ចម្បង​នៅ​ពីក្រោយ​ផែនការ​ដាក់​ឱ្យ​ចរាចរណ៍​សេវា​តាក់ស៊ី​លើ​អាកាស ក្នុង​ទីក្រុង​ត្រូវ​បាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត Binh Dinh អះអាង​ថា តាក់ស៊ី​ហោះ eVTOL មាន​លក្ខណៈ​ពិសេស ច្នៃប្រឌិត និង​លើកកម្ពស់​បទ​ពិសោធន៍​ទេសចរណ៍​ក៏​ដូច​ជា រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​ថែរក្សា​បរិស្ថាន​បៃតង ។ កាលពី​ថ្ងៃ​ទី​២៩ ខែតុលា គណៈកម្មាធិការ​ប្រជាជន​ខេត្ត Binh Dinh បាន​ដាក់​ស្នើ​ផែនការ​នេះ ទៅ​កាន់​រដ្ឋមន្ត្រីក្រសួង​ដឹក​ជញ្ជូន​វៀតណាម ដើម្បី​ត្រួតពិនិត្យ និង​ផ្តល់​អនុសាសន៍ មុន​ពេល​រាយការណ៍​ជូន​នាយក​រដ្ឋមន្ត្រី ដើម្បី​អនុម័ត​គម្រោង​សាកល្បង​សេវា​តាក់ស៊ី​លើ​អាកាស​គ្មាន​មនុស្ស​បើក​ក្នុង​ខេត្ត​មួយ​នេះ ។

គណៈកម្មាធិការ​ប្រជាជន​ខេត្ត Binh Dinh បញ្ជាក់​ថា តាក់ស៊ី​ហោះ​នេះ អាច​ផ្ទុក​មនុស្ស​បាន​ពី​៤ ទៅ​៥​នាក់ ទាំង​ការ​ហោះ​ឡើង​ចុះ គឺ​មាន​លក្ខណៈ​បញ្ឈរ ដោយ​ថាមពល​អគ្គិសនី មិន​តម្រូវ​ឱ្យ​មាន​អាកាសយានដ្ឋាន​សម្រាប់​ចុះ​ចត ឬ​ផ្លូវ​រត់ ដើម្បី​ហោះ​ឡើង​ទេ គឺ​ពួក​គេ​ហោះ​ឡើង​និង​ចុះ​ថត​ស្រ​ដៀង​គ្នា​ទៅ​នឹង​ឧទ្ធម្ភាគចក្រ​ដែរ តែ​មាន​កម្រិត​សំឡេង​រំខាន​ទាប​ជាង​យន្តហោះ​ធម្មតា ។

យោង​លើ​ចំណុច​ពិសេស​ទាំងនេះ​វា​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ក្លាយជា​មធ្យោបាយ​ដឹក​ជញ្ជូន​ដ៏​ល្អ​សម្រាប់​ភ្ញៀវ​ទេសចរ​ទស្សនា និង​គយគន់​សម្រស់​ធម្មជាតិ​ពីលើ​អាកាស ។

ថ្នាក់ដឹកនាំ​ខេត្ត​ក៏​បាន​វា​.​យ​តម្លៃ​សេវា​ដឹក​ជញ្ជូន​ថ្មី​នេះ​ថា ពោរពេញ​ទៅ​ដោយ​ភាព​ច្នៃប្រឌិត ងាយស្រួល​ផ្លាស់​ទី និង​មិន​បញ្ចេញ​សារធាតុ​គ្រោះថ្នាក់​ដូច​ជា​រថយន្ត រថភ្លើង​…​បូក​ផ្សំ​ចេញ​ជា​ពាក្យ​៣​មាត់​ថា «​បៃតង ថ្មី ប្លែក​» ហើយ​គុណសម្បត្តិ​ទាំងនេះ គឺ​ស័ក្តិសម​សម្រាប់​តម្រូវការ​អភិវឌ្ឍ​ទេសចរណ៍​របស់​ខេត្ត Binh Dinh និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ។ ដោយ​សម្លឹង​ឃើញ​នូវ​គុណប្រយោជន៍​ទាំងនេះ គណៈកម្មាធិការ​ប្រជាជន​ខេត្ត Binh Dinh ជឿជាក់​ថា នឹង​ទទួល​បានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ក្រសួង​ជំនាញ និង​រដ្ឋាភិបាល ហើយ​អ្វី​ដែល​ត្រូវការ​ជា​ចាំបាច់​នោះ គឺ​ផែនការ​ហោះហើរ​សាកល្បង​, ផែនទី​បង្ហាញផ្លូវ និង​លិខិត​ច្បាប់​គតិយុត្តិ ដើម្បី​ឈាន​ទៅ​ដាក់​ឱ្យ​ដំណើរការ​ប្រើប្រាស់​សេវា​តាក់ស៊ី​លើ​អាកាស​គ្មាន​មនុស្ស​បើក​ក្នុង​ទីក្រុង​ជា​ផ្លូវការ ។

គួរ​កត់​សម្គាល់ថា សេវា​តាក់ស៊ី​លើ​អាកាស​គ្មាន​មនុស្ស​បើក​ក្នុង​ទីក្រុង eVTOL លេច​ចេញ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​២០០៩ ខណៈ​ដែល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ប្រទេស​ជា​ច្រើន​បាន​ស្រាវជ្រាវ និង​បង្កើត​យានជំនិះ​ប្រភេទ​នេះ​សម្រាប់​កម្មវិធី​ដឹក​ជញ្ជូន រួម​មាន​ប្រទេស​ចិន សហរដ្ឋអាមេរិក អា​ល្លឺ​ម៉​ង់ ចក្រភព​អង់គ្លេស សិង្ហ​បុរី កូរ៉េ​ខាងត្បូង និង​ប្រទេស​ឥ​ណ្ឌ​នេ​ស៊ី​ជាដើម ។ តែ​ក្នុង​ចំណោម​ប្រទេស​ទាំងនោះ គឺ​មហា​យក្ស​ចិន​បាន​ឈានមុខ​គេ ដោយ​បាន​ប្រកាស​ដាក់​ឱ្យ​ដំណើ​ការ សេវា​តាក់ស៊ី​លើ​អាកាស​ក្នុង​ទីក្រុង​ដំបូង​គេ​បំផុត​នៅ​លើ​ពិភពលោក កាលពី​ចុងខែ​កុម្ភៈ​ឆ្នាំ​២០២៤​កន្លង​ទៅ ក្រោយ​ពី​ចិន​បាន​បញ្ចប់​ការ​ហោះហើរ​សាកល្បង​ដោយ​ជោគជ័យ ក្នុង​ខេត្ត​ក្វា​ង​ទុង ភាគ​ខាងត្បូង​ប្រទេស ។

«​តាក់ស៊ី​ហោះ​» ឬ «​តាក់ស៊ី​លើ​អាកាស​» របស់​ចិន ដំណើ​ការ​ដោយ​យន្តហោះ​ស្វ័យប្រវត្តិ eVTOL ឈ្មោះ​ថា «Prosperity» ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ AutoFlight ហើយ​ក្រៅពី​ការ​បម្រើសេវា​ក្នុង​ខេត្ត ចិន​គ្រោង​នឹង​ដាក់​មាន​សេវា​តាក់ស៊ី​តាម​ផ្លូវអាកាស​ដំណើរការ​ពេញលេញ​នៅ​ទូ​ទាំង​តំបន់ និង​បណ្តា​ទីក្រុង​ធំ​ៗ​ទូ​ទាំង​ប្រទេស​ចិន រួម​ទាំង​ម​ហិ​ច្ច​តា​ពង្រីក​ការ​ហោះហើរ​ឆ្លង​ទ្វីប ទៅ​កាន់​ទីក្រុង​ជា​ច្រើន​ទូ​ទាំង​ពិភពលោក ៕

កែសម្រួលដោយ