នៅក្នុងតំបន់អាស៊ានទាំងមូលប្រទេសដែលបានស្វែងរកទំនាក់ទំនងជាមួយនឹង BRICS គឺមានដល់ទៅ៥ ប្រទេស ហើយសុទ្ធសឹងតែជាប្រទេសដែលមានប្រជាជនច្រើន និងដើរតួនាទីសំខាន់នៅក្នុងប្លុក ។ ប៉ុន្តែ កម្ពុជាហាក់មិនទាន់បង្ហើបនៅឡើយទេអំពីប៉ូលនៃចំណងសហប្រតិបត្តិការមួយនេះ ។…
នៅក្នុងតំបន់អាស៊ានទាំងមូលប្រទេសដែលបានស្វែងរកទំនាក់ទំនងជាមួយនឹង BRICS គឺមានដល់ទៅ៥ ប្រទេស ហើយសុទ្ធសឹងតែជាប្រទេសដែលមានប្រជាជនច្រើន និងដើរតួនាទីសំខាន់នៅក្នុងប្លុក ។ ប៉ុន្តែ កម្ពុជាហាក់មិនទាន់បង្ហើបនៅឡើយទេអំពីប៉ូលនៃចំណងសហប្រតិបត្តិការមួយនេះ ។
កម្ពុជាមកដល់ពេលនេះហាក់ស្ងប់ស្ងាត់ និងទំនាក់ទំនងអន្តរជាតិតាមយន្តការ BRICS ដែលដាក់ឈ្មោះជាអក្សរកាត់ ( Brazil, Russia, India, China and South Affrica) និងត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០០៩ ។ ការដែលកម្ពុជារក្សាភាពស្ងប់ស្ងាត់បែបនេះវាអាចដោយសារតែកម្ពុជាកំពុងរង់ចាំសិក្សាពីប្លុកនេះ ហើយក៏អាចថា ជាការរង់ចាំស្ទាបស្ទង់មួយ ។
ម្យ៉ាងវិញទៀត នៅក្នុងចំណោមសមាជិក BRICS ក្រៅពីចិន ឥណ្ឌា និងរុស្ស៊ី កម្ពុជានៅមិនទាន់មានទំនាក់ទំនងសកម្មនៅឡើយ ស្របពេលដែលយន្តការការទូតទ្វេភាគីជាមួយនឹងមហាអំណាចទាំង៣ គឺរឹងមាំស្រាប់ ។ ហេតុផលមួយទៀតដែលកម្ពុជាមានឥរិយាបទស្ងប់ស្ងាត់ អាចដោយសារតែកម្ពុជានៅមិនទាន់មានធនធានសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្នុងការធ្វើពិពិធកម្មពាណិជ្ជកម្មជាមួយក្រុមប្រទេសផ្សេងៗនៅក្នុង ប្លុកនេះនៅឡើយក៏ថាបាន ។
ប្រទេសនៅអាស៊ានដែលបានស្វះស្វែងរកទំនាក់ទំនងជាមួយនឹង BRICS គឺមានឥណ្ឌូនេស៊ី វៀតណាម ថៃ ម៉ាឡេស៊ី និងឡាវ ដែលបានក្លាយជាប្រទេសចុងក្រោយដែលបានប៉ុនប៉ងចូលរួមជាមួយនឹង BRICS។ នៅក្នុងកិច្ចប្រជុំកំពូល BRICS ដែលរៀបចំនៅទីក្រុងកាហ្សាន់ នៃប្រទេសរុស្ស៊ីកាលពីសប្តាហ៍មុននេះ ប្រទេសទាំង៥នេះ គឺសុទ្ធតែបានបញ្ជូនតំណាងចូលរួមកិច្ចប្រជុំកំពូលនេះដោយឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ បានបញ្ជូន រដ្ឋមន្ត្រីការបរទេសចូលរួម ខណៈដែលវៀតណាម គឺតំណាងដោយនាយករដ្ឋមន្ត្រី ហើយឡាវ គឺប្រធានាធិបតីតែម្តង ។
នៅក្រោយពេលដែលចូលរួមប្រជុំកំពូលនេះ សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ប្រទេស៤ ដែលរួមមាន ឥណ្ឌូនេស៊ី វៀតណាម ថៃ និងម៉ាឡេស៊ី និងប្រទេស៩ផ្សេងទៀតដែលរួមមាន អាល់ហ្សេរី បូលីវី គុយបា កាហ្សាក់ស្ថាន នីហ្សេរីយ៉ា តួកគី អ៊ូហ្គង់ដា និងអ៊ូបេគីស្ថានដែលបានក្លាយជាប្រទេសដៃគូថ្មីរបស់ BRICS ។ ប្រទេសទាំង១៣នេះ មិនទាន់ក្លាយជាសមាជិក BRICS នេះនៅឡើយទេ ដោយសមាជិកពេញសិទ្ធិរបសប្លុកនេះ គឺនៅតែប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្វ្រិកខាងត្បូង អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម ដដែលទេ ។
ក្រោយការប្រជុំកំពូលនេះ យោងតាមកាសែត Laotiane Times បានឲ្យដឹងថា លោក ថងលួង ស៊ីសូលីត ប្រធានាធិបតីឡាវបានបញ្ជាក់ និងបង្ហាញនូវចំណាប់អារម្មណ៍ជាផ្លូវការនៅក្នុងការចូលរួមជាមួយនឹង BRICS ។ លោក ថងលួង ស៊ីសូលីត បានលើកឡើងថា BRICS គឺជាច្រកការទូត និងពាណិជ្ជកម្មមួយសម្រាប់ឡាវ បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ ថាមពលបៃតង និងការអភិវឌ្ឍ ប្រកបដោយចិរភាព ហើយក៏អាចនឹងជួយប្រជាជាតិដីគោកគ្មានសមុទ្រនេះ សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព នៅក្នុងឆ្នាំ២០៣០ខាងមុខ ។
ផ្អែកនៅលើមូលដ្ឋាននេះ ការដែលប្រទេសទាំង៤ផ្សេងទៀតនៅអាស៊ានចាប់អារម្មណ៍នឹង BRICS ដែរនោះ គឺដោយសារតែ ប្រទេសទាំងនេះចង់ធ្វើពិពិធកម្មទីផ្សារ ពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ ទោះបីជាក្រុម ប្រទេសដ៏សកម្មនិងមានសេដ្ឋកិច្ចធំនៅអាស៊ានទាំងនេះ ត្រូវបានគេមើលឃើញថា ជាការប្រឆាំងនឹងលោកខាងលិចក៏ដោយចុះ ។
សរុបសេចក្តីទៅ សម្រាប់ BRICS គឺជាទីផ្សារធំ ដែលមានសក្តានុពលសេដ្ឋកិច្ចមានទំហំរហូតដល់ទៅ ២៨,៥ ទ្រីលានដុល្លារ ឬប្រហែលជា២៨ភាគរយនៃទំហំសេដ្ឋកិច្ចពិភពលោក ។ តំបន់នេះមានប្រជាពលរដ្ឋសរុប គឺ៣,២ ពាន់លាននាក់ ប៉ុន្តែការដែលកម្ពុជាស្ងប់ស្ងាត់ គឺថាអាចកម្ពុជាដកឃ្លាពង្រឹងជំហខ្លួនសិន ស្របពេលដែលកម្ពុជាកំពុងតែរវល់នឹងទំនួលខុសត្រូវរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំងនៅឆ្នាំ២០២៦ ។ កម្ពុជាក៏អាចដកឃ្លាពង្រឹងសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួន ពីព្រោះថា បើចូលពេលនេះក៏កម្ពុជានៅមិនទាន់ចំណេញដែរ ៕
ចែករំលែកព័តមាននេះ