ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាយ៨០០លានដុល្លារ! តើ Erik ten Hag បន្សល់ទុកអ្វីខ្លះសម្រាប់ Man United ?

3 អាទិត្យ មុន

ចក្រភពអង់គ្លេស ៖ ក្លិបបាល់ទាត់ Manchester United កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានប្រកាសបញ្ចប់តំណែងអ្នកចាត់ការទូទៅក្រុមឈុតធំរបស់លោក Erik…

ចក្រភពអង់គ្លេស ៖ ក្លិបបាល់ទាត់ Manchester United កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានប្រកាសបញ្ចប់តំណែងអ្នកចាត់ការទូទៅក្រុមឈុតធំរបស់លោក Erik ten Hag ជាផ្លូវការ បន្ទាប់ពីចំណាយពេល២ឆ្នាំកន្លះជាមួយគ្នា។

បើតាមប្រភពពីសារព័ត៌មាន AP បានឱ្យដឹងថា រយៈពេលដឹកនាំ២ឆ្នាំកន្លះកន្លងមកនេះ គ្រូបង្វឹកសញ្ជាតិហូឡង់វ័យ៥៤ឆ្នាំរូបនេះ បានចាយប្រាក់សរុប ៦១៥លានផោន ដែលស្មើនឹង ៨០០លានដុល្លារអាមេរិកលើទីផ្សារដោះដូរកីឡាករ ចាប់តាំងពីលោកមកដល់ទឹកដី Old Trafford កាលពីរដូវក្តៅឆ្នាំ ២០២២។ នៅក្របខណ្ឌ English Premier League មានតែក្លិប Chelsea ប៉ុណ្ណោះ ដែលចំណាយប្រាក់ដោះដូរកីឡាករច្រើនជាង Man United អំឡុងពេលនោះ។

បើទោះជាលោក Erik ten Hag ចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ក៏ពិតមែន ប៉ុន្តែកីឡាករនាំមកកាន់ទឹកដី Old Trafford នាំផលជោគជ័យតិចតួច ហើយភាគច្រើនគឺជាកីឡាករសញ្ជាតិហូឡង់ ដែលជាអតីតកូនក្រុមចាស់លោកកាលដឹកនាំនៅហូឡង់។ គិតត្រឹមទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ Man Utd បានចាយប្រហែល ២៤០លានដុល្លារលើកីឡាករចំណូលថ្មីចំនួន៥នាក់ ដែលពីរនាក់សញ្ជាតិហូឡង់គឺខ្សែប្រយុទ្ធ Joshua Zirkzee និងខ្សែការពារ Matthijs de Ligt និងខ្សែការពារម្នាក់ទៀត សញ្ជាតិម៉ារ៉ុក Noussair Mazraoui ដែលជាកូនក្រុមលោកចាស់កាលនៅក្លិប Ajax។

ចំណែកការនាំយកកីឡាករ Antony ដែលជាកូនក្រុមសំណព្វកាលនៅ Ajax ក្នុងតម្លៃ ៩៥លានដុល្លារ ពោលថ្លៃបំផុតក្រោមការដឹកនាំរបស់លោក Erik ten Hag ប៉ុន្តែបានលេងតិចតួចប៉ុណ្ណោះ ហើយត្រូវបានសារព័ត៌មានធំៗជាច្រើនហៅការនាំយកខ្សែបម្រើស្លាបប្រេស៊ីលរូបនេះថាជាកំហុសដ៏ធំបំផុតរបស់លោក។ រយៈពេល២ឆ្នាំកន្លះកន្លងមកនេះ លោក Erik ten Hag បានចុះហត្ថលេខាដោយមានទាំងទិញដាច់ ខ្ចីជើង និងគ្មានតម្លៃផ្ទេរ ឬ Free Agent កីឡាករសរុបចំនួន ២១នាក់។

ការចាប់ផ្តើមរដូវកាលនេះមិនបានល្អ គឺជាដើមចមនាំឱ្យក្លិបសម្រេចចែកផ្លូវជាមួយលោក Erik ten Hag ការដឹកនាំចុងក្រោយបានចាញ់លទ្ធផល ២-១ កាលពីថ្ងៃអាទិត្យសប្តាហ៍មុននៅទឹកដីក្រុម West Ham។ បច្ចុប្បន្ន Man United កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ១៤ តារាងក្របខណ្ឌ Premier League ជាមួយជ័យជម្នះត្រឹម៣ប្រកួតប៉ុណ្ណោះ ក្រោយឆ្លងកាត់៩សប្តាហ៍កន្លងមក។ Man United ក៏ធ្វើមិនបានល្អក្នុងការប្រកួតពានរង្វាន់អឺរ៉ុបក្រមិត២ UEFA Europa League ផងដែរ ដោយឈរចំណាត់ថ្នាក់លេខ២១ ចំណោម ៣៦ក្រុម នៃការប្រកួតទម្រង់ថ្មីជាលីគតែមួយ ក្រោយឆ្លងកាត់៣ប្រកួតកន្លងមក។

លោក Ruben Amorim

លោក Erik ten Hag ចូលរួមជាមួយ Man United កាលពីខែមេសា ឆ្នាំ២០២២ ដោយដឹកនាំ ១២៨ប្រកួត ឈ្នះ ៧០ប្រកួត ស្មើ ២៣ប្រកួត និងចាញ់ ៣៥ប្រកួត និងឈ្នះពានរង្វាន់ FA Cup និង League Cup។ ចាប់តាំងពី Sir Alex Ferguson ចូលនិវត្តន៍កាលពីឆ្នាំ ២០១៣ លោក Erik ten Hag គឺជាអ្នកចាត់ការទី៦ហើយ ដែលត្រូវបញ្ចប់តំណែង បន្ទាប់ពីលោក David Moyes, Louis van Gaal, Jose Mourinho, Ole Gunnar Solskjaer និងលោក Ralf Rangnick។ លោក Ruud van Nistelrooy ដែលចូលរួមជាមួយ Man United កាលពីរដូវក្តៅមុនក្នុងនាមជាជំនួយការលោក Erik ten Hag ត្រូវបានតែងតាំងជាអ្នកចាត់ការបណ្តោះអាសន្នរហូតក្លិបមានការជូនដំណឹងថ្មី។

យ៉ាងណាមិញ កាលពីថ្ងៃទី២៩ ខែតុលា លោក Fabrizio Romano អ្នកកាសែតកីឡាជនជាតិអ៊ីតាលីដ៏ល្បីបានរាយការណ៍ថា ក្លិប Man United ត្រៀមចំណាយ១០លានអឺរ៉ូ ដើម្បីបង់ដាច់កិច្ចសន្យាក្លិប Sporting CP របស់លោក Ruben Amorim ដើម្បីក្លាយជាអ្នកចាត់ការថ្មីរបស់ពួកគេ ខណៈដែលគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់វ័យ៣៩ឆ្នាំរូបនេះបានយល់ព្រមនឹងសំណើ Man United រួចរាល់ហើយ។ តាមការរំពឹងទុកកិច្ចព្រមព្រៀងរវាងក្លិបទាំងពីរអាចកើតឡើងនៅសប្តាហ៍នេះផ្ទាល់តែម្តង៕ (ប្រភព ៖ AP, BBC និង ESPN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ