ទីក្រុងវ៉ាស៊ីនតោន៖ លោកបៃដិនសង្ឃឹមថាអ៊ីស្រាអែលវាយអ៊ីរ៉ង់លើកនេះជាទឹកផ្ដាច់ព្រ័ត្រហើយ។ អំណឹះតទៅ ភាគីទាំងពីរនឹងអហោសិកម្មឱ្យគ្នាត្រឹមនេះចុះ ហើយលែងចងកម្មពៀរនឹងគ្នា ឬសងសឹកគ្នាតទៅទៀត។ លោកបៃដិនថ្លែងថាតាមមើលទៅ អ៊ីស្រាអែលប្រហែលជាលែងវាយប្រហារអ៊ីរ៉ង់តទៅទៀតហើយ ហើយម៉្យាងទៀតវាយទៅលើទីតាំងយោធាតែប៉ុណ្ណោះ។
អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកទៅលើមូលដ្ឋានយោធារបស់អ៊ីរ៉ង់យ៉ាងកក្រើកព្រះធរណីតាំងពីព្រឹកព្រលឹមថ្ងៃសៅរ៍។ លើកនេះ អ៊ីស្រាអែលមិនវាយប្រហារទីតាំងប្រេង និងនុយក្លេអ៊ែរទេ។ ចំណែកអ៊ីរ៉ង់ហាក់ដូចជារក្សាភាពស្ងប់ស្ងាត់ចំពោះរឿងនេះ។ ប៉ុន្តែអ៊ីរ៉ង់និយាយជាលក្ខណៈបង្ការខ្លួនទុកមុនថាខ្លួននៅតែមានសិទ្ធិធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពារអធិបតេយ្យភាពជាតិ និងសន្តិសុខជាតិរបស់ខ្លួន។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសអ៊ីរ៉ង់។
សារព័ត៌មានអ៊ីរ៉ង់ចុះផ្សាយថាគេស្ដាប់ឮសំឡេងផ្ទុះគ្រាប់បែកយ៉ាងកងរំពងរយៈពេលជាច្រើនម៉ោងនៅរដ្ឋធានីតេអេរ៉ង់ និងមូលដ្ឋានយោធានៅតំបន់ខ្សែក្រវាត់ទីក្រុងនេះ។ ពោលគឺការវាយប្រហារនេះចាប់ផ្ដើមឡើងត្រឹមតែបន្តិចប៉ុណ្ណោះក្រោយពេលនាឡិការបន្លឺម៉ោង២រំលងអធ្រាត្រឆ្លងចូលព្រឹកថ្ងៃសៅរ៍។ គ្រាប់បែកផ្ទុះយ៉ាងតិច៧ដងនៅទីក្រុងតេអេរ៉ង់ និងទីក្រុងខារ៉ាច (Karaj) ដែលស្ថិតនៅមិនឆ្ងាយពីគ្នាប៉ុន្មានឡើយ។
ក្រសួងការបរទេសអ៊ីរ៉ង់ចាត់ទុកថាទង្វើរបស់អ៊ីស្រាអែលជាការរំលោភច្បាប់អន្តរជាតិ។ អ៊ីរ៉ាក់, អារ៉ាប៊ីសាអូឌីត, កាតា, អេហ្ស៊ីប, អារ៉ាប់រួម និងប៉ាគីស្ថានប្រកាសថ្កោលទោសអ៊ីស្រាអែលខ្លាំងៗ ខណៈដែលអង់គ្លេស និងអាមេរិកមិនថ្កោលទោស និងមិនលើកទឹកចិត្តទេ ប៉ុន្តែស្នើសុំឱ្យភាគីទាំង២ឈប់សងសឹកគ្នាទៅវិញទៅមកដែលអាចនាំឱ្យមានភាពតានតឹង។
នៅប្រទេសអាមេរិក លោកស្រីហារីស ដែលជាអនុប្រធានាធិបតី និងក៏ជាបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យផងដែរនោះ បានអំពាវនាវយ៉ាងទទូចឱ្យពិភពលោកខិតខំបន្ធូរបន្ថយភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា។ លោកស្រីថ្លែងថាបំណងប្រាថ្នារបស់អាមេរិកចង់ឃើញការបន្ធូរបន្ថយកម្ដៅនយោបាយ និងការជៀសវាងមិនបង្កបញ្ហាបន្ថែមទៀត។
ចំណែកលោកបៃដិនថ្លែងថាអ៊ីស្រាអែលប្រហែលលជាមិនវាយប្រហារថែមទៀតទេ។ ដូច្នេះ អ្វីៗសន្មត់ថាបញ្ចប់ជាស្ថាពរត្រឹមនេះ។ អ៊ីស្រាអែលប្រកាសថាយន្តហោះចម្បាំងរបស់ខ្លួនវាយប្រហារបីលើកទៅលើរោងចក្រផលិតមីស៊ីល, ទីតាំងក្បែររដ្ឋធានីតេអេរ៉ង់ និងភាគខាងលិច។ អ៊ីស្រាអែលផ្ដាំទៅអ៊ីរ៉ង់ថាកុំវាយបកទៅអ៊ីស្រាអែលវិញឱ្យសោះដើម្បីកុំឱ្យមានរឿងវែងឆ្ងាយតទៅទៀត។
ប្រតិកម្មចំពោះបញ្ហានេះក៏មានផងដែរពីប្រទេសអាល្លឺម៉ង់។ អធិការបតីអាល្លឺម៉ង់ លោកអូឡាហ្វសូល អំពាវនាវឱ្យអ៊ីរ៉ង់កុំវាយប្រហារទៅអ៊ីស្រាអែលវិញឱ្យសោះ។ លោកយល់ថាមានតែការខាំមាត់សង្កត់ចិត្តតែប៉ុណ្ណោះទើបអាចជាមាគ៌ាឆ្ពោះទៅរកសុខសន្តិភាពនៅមជ្ឈិមបូព៌ា។ លោកសូលយល់ថាអ៊ីស្រាអែលមិនបានវាយប្រហារជាដុំកំភួនទេ។ អ៊ីស្រាអែលវាយល្មមៗដើម្បីគ្រាន់តែជាបង្គ្រប់កិច្ចតែប៉ុណ្ណោះ និងដើម្បីជាការឆ្លើយតបចំពោះអ៊ីរ៉ង់ដែលបានបាញ់មីស៊ីល២០០គ្រាប់ចូលទឹកដីអ៊ីស្រាអែលកាលពីដើមខែតុលា៕
ចែករំលែកព័តមាននេះ