សិស្សសាលារៀនសហគមន៍ ២១ សាខាសន្ទុក ខេត្តកំពង់ធំ ប្រមាណ ១០០ នាក់ទទួលវិញ្ញាបនបត្របញ្ចប់ភូមិសិក្សា និងរង្វាន់លើកទឹកចិត្ត
ខេត្តកំពង់ធំ ៖ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៤ កន្លងមកនេះ សាលារៀនសហគមន៍ ២១ សាខាសន្ទុក…
ខេត្តកំពង់ធំ ៖ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៤ កន្លងមកនេះ សាលារៀនសហគមន៍ ២១ សាខាសន្ទុក…
ខេត្តកំពង់ធំ ៖ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៤ កន្លងមកនេះ សាលារៀនសហគមន៍ ២១ សាខាសន្ទុក ខេត្តកំពង់ធំបានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ភូមិសិក្សាកម្រិតមត្តេយ្យខ្មែរ និងអង់គ្លេស បណ្ណសរសើរ និងរង្វាន់ដល់សិស្សពូកែគ្រប់កម្មវិធីសិក្សាប្រមាណ ១០០នាក់ ប្រចាំឆ្នាំសិក្សា២០២៣-២០២៤ ។
អ្នកស្រី ឡេក ដាឡែន នាយិកាសាលារៀនសហគមន៍ ២១ សាខាសន្ទុកបានឱ្យដឹងថា “ការសិក្សាក្នុងវ័យកុមារមានសារៈសំខាន់ និងផ្តល់បទពិសោធន៍ដ៏មានតម្លៃបំផុតសម្រាប់កុមារគ្រប់រូប ។ ព្រោះនៅក្នុងវ័យនេះកុមារគ្រប់រូបចាប់ផ្តើមបង្កើតនូវការគិត ទម្លាប់ និងកសាងនូវអត្តសញ្ញាណប្រចាំខ្លួន ។ ម្យ៉ាងទៀត ការចាប់ផ្តើមជាមួយនឹងភាពជោគជ័យនៃការសិក្សា ក្នុងវ័យយកុមារ ផ្តល់នូវមោទកភាព និងទំនុកចិត្តខ្ពស់ ដល់កុមារក្នុងការសិក្សា ក៏ដូចជាការសម្រេចការងារផ្សេងទៀត នៅពេល ពួកគេរីកចម្រើនពេញវ័យ ។ អ្នកស្រីបានបញ្ជាក់ថា “ពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ភូមិសិក្សានៅថ្ងៃនេះ បញ្ជាក់ឱ្យឃើញនូវលទ្ធផលប្រកបដោយជោគជ័យ ការខិតខំ តស៊ូព្យាយាម រៀនសូត្រដោយយកចិត្តទុកដាក់ពីសំណាក់សិស្សានុសិស្សនៃគ្រប់កម្មវិធីសិក្សា ។”
ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានមានប្រសាសន៍ថា “សាលារៀនសហគមន៍ ២១ មានគុណភាពអប់រំ និងកម្មវិធីសិក្សាអមផ្តោតលើបំណិនជីវិតសតវត្សរ៍ទី ២១ ដូចជាកម្មវិធីទម្លាប់ល្អទាំង ៧ សម្រាប់បុគ្គលិកឆ្នើម កម្មវិធីបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបំណិនបច្ចេកវិទ្យានិងឌីជីថល ដូចនឹងសាលារៀនវ៉េស្ទឡាញន៍ផងដែរ។ ប៉ុន្តែយើងព្យាយាមបន្ធូរបន្ថយតម្លៃសិក្សាឱ្យទាបជាងសាលារៀនវ៉េស្ទឡាញន៍ពីរទៅបីដង ដើម្បីសម្រួលដល់លទ្ធភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាផ្តល់ឱកាសដល់សិស្សានុសិស្សទទួលបានសិក្សានៅសាលារៀនសហគមន៍ ២១ ” ។ លោកឧកញ៉ាបានស្នើដល់អ្នកអាណាព្យាបាលសិស្សត្រូវចូលរួមឈ្វេងយល់ពីកម្មវិធីសិក្សារបស់សាលារៀនឱ្យបានច្បាស់លាស់ជាជាងផ្តោតតែលើលទ្ធផលសិក្សា និងបន្តកិច្ចសហការជាមួយសាលារៀន ឬគ្រូបង្រៀនជាប្រចាំ ដើម្បីតាមដានការសិក្សាក៏ដូចជាការអភិវឌ្ឍអាកប្បកិរិយាកូនៗ ។
សាលារៀនសហគមន៍ ២១ គឺជាបណ្តាញគ្រឹះស្ថានអប់រំមួយក្នុងចំណោមបណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល របស់ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប រូមមាន៖ សាលារៀនវ៉េស្ទឡាញន៍ សាលារៀនណត្សឡាញន៍ វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំEDI មជ្ឈមណ្ឌលភាសាចិនឆាងចឹង សាលាភាសាអង់គ្លេសលីដឺលែន និងសាលាអន្តរជាតិហ្វរ៉េសហីល ។ គិតត្រឹមឆ្នាំ ២០២៤ នេះ សាលារៀនសហគមន៍ ២១ មានចំនួន ៧ សាខា ៖ សាលារៀនសហគមន៍ ២១ សាខាក្រាំងធ្នង់ សាខាព្រែកអញ្ចាញ សាខាផ្សារគគី សាខាកំបូល សាខាសន្ទុក សាខាបឹងធំ សាខាពញាឭ និងសាខាឬស្សីកែវ ។
សូមជម្រាបថា សាលារៀនសហគមន៍ ២១ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២២ ដែលមានបេសសកម្មចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងទិសដៅរួមចំណែកអភិវឌ្ឍវិស័យអប់រំ និងវិស័យសេដ្ឋកិច្ចសហគមន៍តាមរយៈការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈដល់សិស្សានុសិស្ស ចាប់តាំងពីថ្នាក់វិទ្យាល័យ។ សាលារៀនសហគមន៍ ២១ អនុវត្តកម្មវិធីអប់រំចំណេះទូទៅខ្មែរចាប់ផ្តើមពីកម្រិតមត្តេយ្យសិក្សា ដល់ថ្នាក់ទី ១២ តាមស្តង់ដាគុណភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា និងអនុវត្តកម្មវិធីអប់រំភាសាអង់គ្លេសតាមកម្មវិធីសិក្សាអាមេរិកាំង ពីកម្រិតមត្តេយ្យ ដល់កម្រិតខ្ពស់ ។
លើសពីនេះទៅទៀត សាលារៀនបានដាក់បញ្ចូលកម្មវិធី សិក្សាបន្ថែម ជាច្រើនទៀត នឹងជួយផ្តល់ឲ្យសិស្សានុសិស្សនូវជំនាញនៃសតវត្សរ៍ទី ២១ លើកម្មវិធីសិក្សាគោល រួមមាន ៖ (១) កម្មវិធី Money Tree មកពីប្រទេសសឹង្ហបូរី ផ្តល់នូវចំណេះដឹងហិរញ្ញវត្ថុ ដែលផ្តោតលើការគ្រប់គ្រង និងការប្រើប្រាស់លុយកាក់ បានត្រឹមត្រូវ និងការការពារខ្លួនពីសម្ពាធសម្ភារនិយមក្នុងសង្គម ។ (២) កម្មវិធី The Leader_In_Me មកពីសហរដ្ឋអាមេរិក សិក្សាពីទម្លាប់ទាំង ៧ របស់បុគ្គលឆ្នើម ដែលនឹងដឹកនាំ សិស្សានុសិស្សឱ្យមានចំណេះដឹង និងជំនាញក្នុងការត្រិះរិះពិចារណា ការប្រាស្រ័យទាក់ទងគ្នា ការដោះស្រាយបញ្ហា គំនិតច្នៃប្រឌិត និងការបង្កើតថ្មី ការសហប្រតិបត្តិការ ការធ្វើការងារជាក្រុម មានសីលធម៌ សុជីវធម៌ល្អ មានផ្នត់គំនិត ឈានមុខគេ និងមានភាពជាអ្នកដឹកនាំ ។ (៣) កម្មវិធីសិក្សាកុំព្យូទ័រ ផ្តល់នូវជំនាញបច្ចេកវិទ្យា និងជួយឱ្យសិស្សចេះប្រើប្រាស់ចំណេះដឹងកុំព្យូទ័រមូលដ្ឋាន សម្រាប់ការសិក្សា រួមមានការយល់ដឹងពីសមាសភាគកុំព្យូទ័រ ការរៀបចំអត្ថបទ ការធ្វើបទបង្ហាញ ការស្រាវជ្រាវឯកសារ និងការប្រើប្រាស់អ៉ីនធឺណែត អ៉ីម៉ែលជាដើម ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ