ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

យុវជន​ ៖ ជំនាញ​ម៉ាស៊ីន​ស្វ័យប្រវត្តិកម្ម និង​ជំនាញ​សំណង់​ស៊ីវិល មាន​សក្តានុពល​លើ​ទីផ្សារ​កម្ពុជា

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ បេក្ខជន​ដែល​បាន​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​កម្ពុជា លើក​ទី​ ៩ ឆ្នាំ​ ២០២៤ បង្ហាញ​ថា​ជំនាញ​ម៉ាស៊ីន​ស្វ័យប្រវត្តិកម្ម (Automation) និង​សំណង់​ស៊ីវិល…

រាជធានី​ភ្នំពេញ​ ៖ បេក្ខជន​ដែល​បាន​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​កម្ពុជា លើក​ទី​ ៩ ឆ្នាំ​ ២០២៤ បង្ហាញ​ថា​ជំនាញ​ម៉ាស៊ីន​ស្វ័យប្រវត្តិកម្ម (Automation) និង​សំណង់​ស៊ីវិល (Civil engineering) ជា​ជំនាញ​ដែល​មាន​សក្តានុពល​លើ​ទីផ្សារ​ការងារ​នៅ​កម្ពុជា ពីព្រោះ​ជំនាញ​មួយ​នេះ​មាន​ទីផ្សារ​ខ្ពស់​នៅ​ប្រទេស​កម្ពុជា ជា​ពិសេស​ក្នុង​វិស័យ​ឧស្សាហកម្ម នៅ​តាម​បណ្តា​រោងចក្រ​នៅ​ក្នុងស្រុក ដែល​សុទ្ធសឹងតែ​ជា​ការងារ​មាន​ប្រាក់​ចំណូល​ខ្ពស់ ​។

យុវជន អុល សុភា​រម្យ ជា​និស្សិត​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស (NTTI) និង​ជា​បេក្ខជន​ចូលរួម​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​កម្ពុជា​លើក​ទី ​៩ ឆ្នាំ​ ២០២៤ លើ​ជំនាញ ម៉ាស៊ីន​ស្វ័យប្រវត្តិកម្ម (Automation) ​លើក​ឡើង​ថា ខ្លួន​បាន​ជ្រើសរើស​ជំនាញ Automation នេះ​មក​ចូលរួម​ប្រកួតប្រជែង ព្រោះ​ជា​ជំនាញ​ដែល​ខ្លួន​រំពឹង​ខ្ពស់​ក្នុង​ការ​ទទួល​បាន​លទ្ធផល​គាប់ប្រសើរ ដើម្បី​បន្ត​ទៅ​ប្រកួតប្រជែង​នៅ​ថ្នាក់​អន្តរជាតិ ជា​ពិសេស​ការ​ប្រឡងប្រជែង​ជំនាញ​ថ្នាក់​អាស៊ាន​នៅ​ប្រទេស​ហ្វី​លី​ពី​ន​ឆ្នាំ​២០២៥ ដើម្បី​លើកមុខ​មាត់​ជូន​ជាតិ ពីព្រោះ​ខ្លួន​បាន​ត្រៀមខ្លួន​រួចរាល់​ពេញលេញ និង​មានការ​ណែនាំ​ពី​សំណាក់​សាស្ត្រាចារ្យ​នៅ​ក្នុង​ថ្នាក់​គ្រប់​ជ្រុងជ្រោយ​លើ​ជំនាញ​នេះ ​។

ដោយឡែក យុវតី ដូរ ស្រ​ណុ​ច មក​ពី​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស (NTTI) បាន​លើក​ឡើង​ថា ជំនាញ​សរសេរ​កម្មវិធី​កុំព្យូទ័រ​ធុរកិច្ច ជា​ជំនាញ​ដែល​ខ្លួន​ជ្រើសរើស​យក​មក​ធ្វើការ​ប្រកួតប្រជែង​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​កម្ពុជា​លើក​ទី​ ៩ ឆ្នាំ​ ២០២៤​ ។ មូលហេតុ​ដែល​ខ្លួន​ជ្រើសរើស​ជំនាញ​នេះ​មក​ប្រកួត ពីព្រោះ​វា​ជា​ជំនាញ​ដែល​ពេញ​និយម​នៅ​ក្នុងស្រុក ងាយស្រួល​រក​ការងារ​ធ្វើ ក្នុង​នោះ​ដែរ​តាម​រយៈ​ការ​ប្រឡងប្រជែង​នេះ​នឹង​ធ្វើ​ឱ្យ​ខ្លួន​កាន់តែ​មាន​ភាព​លេចធ្លោ ទទួល​បាន​បទ​ពិសោធន៍​ថ្មី ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ផ្តល់​ឱកាស​ខ្ពស់​លើ​រូបគេ ​។

យុវតី​រូប​នេះ​បន្ថែម​ថា បើ​ទោះបី​លទ្ធផល​ប្រឡង​ថ្នាក់​ជាតិ​បែប​ណា​ក៏​ដោយ តែ​យុវជន​រូប​នេះ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ជំនាញ​សរសេរ​កម្មវិធី​កុំព្យូទ័រ​ធុរកិច្ច នឹង​អាច​យក​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​ទទួល​បាន​លទ្ធផល​ល្អ បន្ទាប់​ពី​មានការ​ត្រៀមខ្លួន​គ្រប់​ជ្រុងជ្រោយ ពេញលេញ​នៅ​មុន​ការ​ប្រកួត​ ។​ ​អ្វី​ដែល​សំខាន់​នោះ ប្រសិនបើ​ខ្លួន​ទទួល​បាន​ជ័យ​លា​ភី​ល្អ​ប្រសើរ បណ្តា​ក្រុមហ៊ុន​ឯកជន​នឹង​សម្លឹង​មើលឃើញ​រូបគេ ដែល​ជា​បេក្ខជន​ឆ្នើម​ក្នុង​ការ​ប្រឡង​កម្មវិធី​លំដាប់ថ្នាក់​ជាតិ និង​អន្តរជាតិ​មួយ​នេះ​ ។​ 

គួរ​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​កម្ពុជា លើក​ទី ​៩ ឆ្នាំ ​២០២៤ បាន​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ​២១ ដល់​ថ្ងៃ​ទី ​២៥ ខែតុលា ឆ្នាំ ​២០២៤ នៅ​ក្នុង​សួន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​រាជធានី​ភ្នំពេញ (TVET Park Phnom Penh) ត្រូវធ្វើ​ឡើងជា​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង ដែល​ជា​ព្រឹត្តិការណ៍​សម្រាប់​សិស្ស និស្សិត​ឆ្នើម និង​អ្នកជំនាញ​វ័យក្មេង​មក​ពី​បណ្តា​សហគ្រាស​គ្រឹះស្ថាន ដើម្បី​បង្ហាញ​ពី​ទេព​កោសល្យ ភាព​ច្នៃប្រឌិត និង​ចំណង់​ចំណូលចិត្ត​ក្នុង​អាជីព​រៀង​ៗ​ខ្លួន​ ។

កម្មវិធី​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​កម្ពុជា លើក​ទី ​៩ ឆ្នាំ ​២០២៤ មាន​បេក្ខជន​សរុប​ចំនួន ​៩៣ ​រូប (​ស្រី ១២​រូប​) មក​ពី​គ្រឹះស្ថានសិក្សា​ចំនួន ​១៦ ចូលរួម​ប្រកួតប្រជែង​លើ​ជំនាញ ​៖  ជំនាញ​ត​បណ្តាញ​អគ្គិសនី​, ជំនាញ​រៀប​ឥដ្ឋ​,  ជំនាញ​ផ្សារ​,  ជំនាញ​សរសេរ​កម្មវិធី​កុំព្យូទ័រ​ធុរកិច្ច​, ជំនាញ​រចនា​គេហទំព័រ​, ជំនាញ​រចនា​ក្រាហ្វិក​, ជំនាញ​រៀប​ការ៉ូ​, ជំនាញ​ម៉ាស៊ីន​ស្វ័យប្រវត្តិកម្ម​, ជំនាញ Information Network Cabling (Demo) ៕ អត្ថបទសហការ