ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ហេង សួរ ​បើក «​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​ ២០២៤» ដែល​ជាឱកាសការងារ​ជាង ៣​ ម៉ឺន​កន្លែង​សម្រាប់​យុវជន

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​ ២០២៤ រយៈពេល​ ២​ថ្ងៃ ត្រូវ​បាន​បើក​ដំណើរ​ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី…

រាជធានីភ្នំពេញ​ ៖ ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​ ២០២៤ រយៈពេល​ ២​ថ្ងៃ ត្រូវ​បាន​បើក​ដំណើរ​ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី ​២៦ ខែតុលា​នេះ នៅ​អគារ​ពិព័រណ៍​កោះ​ពេជ្រ ក្រោម​អធិបតីភាព​ដ៏​ខ្ពស់​ខ្ពស់​របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ បាន​ក្លាយជា​ព្រឹត្តិការណ៍​ការងារ​ដ៏​ធំ​ជាងគេ​នៅ​កម្ពុជា​។ ជាក់ស្តែង សម្រាប់​ឆ្នាំ ២០២៤ ​នេះ មាន​ក្រុមហ៊ុន សហគ្រាស និង​ស្ថាប័ន​ចំនួន ១៥០ បាន​ចូលរួម​ដោយ​ផ្តល់​ឱកាស​ការងារ​ជាង ៣​ម៉ឺនកន្លែង​សម្រាប់​យុវជន​ ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ជួយ​យុវជន​, អ្នក​ស្វែងរក​ការងារ​, និយោជក និង​អ្នក​ផ្តល់​ការ​អប់រំ​បណ្តុះបណ្តាល​ឱ្យ​មានការ​យល់​ដឹង និង​ទទួល​បាន​ព័ត៌មាន ចំណេះដឹង បទ​ពិសោធន៍ និង​ទស្សនវិស័យ​អំពី​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី​ៗ សារៈសំខាន់​នៃ​ការ​លើកកម្ពស់​ផលិតភាព​និង​សហគ្រិនភាព ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ​លើក​ទី​ ១៤ ​នេះ ក៏​បាន​រៀបចំ​ឱ្យ​មាន​សិក្ខាសាលា​ស្តី​អំពី “​ការ​បង្កើន​ផលិតភាព ​៖ ជំនាញ និង​កំណើន​ប្រកបដោយ​ចីរភាព​” និង​ “​ការ​លើក​ស្ទួយ​សហគ្រិនភាព​យុវជន ដើម្បី​កំណើន​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​” ​។

ឯកឧត្តម ហេង សួរ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ពិព័រណ៍​ឆ្នាំ ​២០២៤ ​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ដាក់​តាំង​បង្ហាញ​នូវ​បញ្ជរ​ផ្តល់​សេវា​សាធារណៈ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ដែល​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ផ្តល់​សេវា​នានា​របស់​ក្រសួង​ដល់​សាធារណជន និង Robot Coffee ដែល​បង្កើត​ឡើង​ដោយ​ស្នាដៃ​សិស្ស​-​និស្សិត​របស់ TVET ​។ តាម​រយៈ​ស្នាដៃ​ថ្មី​ទាំង​ពីរ​នេះ រួម​ផ្សំ​ជាមួយ​ឱកាស​ការងារ​ជាង ៣ ម៉ឺន​កន្លែង ក្រសួង​រំពឹង​ថា នឹង​មាន​អ្នកចូលរួម​ពិព័រណ៍​នេះ​ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ ដោយ​អាច​នឹង​ទាក់ទាញ​យុវជន​សិស្ស​/​និស្សិត អ្នក​ស្វែងរក​ការងារ និង​សាធារណជន សរុប​ប្រមាណ ១០​ម៉ឺន​នាក់ ដោយ​អ្នកចូលរួម​ដោយ​ផ្ទាល់​ប្រមាណ​ជាង ៤​ម៉ឺន​នាក់ និង​អ្នកចូលរួម​តាម​រយៈ​អន​ឡាញ ប្រមាណ​ ៦​ម៉ឺន​នាក់ ក្នុង​រយៈពេល​ពីរ​ថ្ងៃនេះ​ ។

គួរ​បញ្ជាក់​ថា ពិព័រណ៍​ការងារ និង​ផលិតភាព​ឆ្នាំ ​២០២៤ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ​, សមាគម​វាយ​ន​ភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​នៅ​កម្ពុជា (TAFTAC), មូលនិធិ​អភិវឌ្ឍន៍​ជំនាញ និង​មានការ​គាំទ្រ​ដោយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) រួម​និង​ដៃគូ​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត ​។

សូម​ជម្រាប​ថា បន្ថែម​ពី​ការ​រៀបចំ​នៅ​ទីតាំង​កោះ​ពេជ្រ​ផ្ទាល់ ពិព័រណ៍​ការងារ​នេះ​ក៏​ត្រូវ​បាន​រៀបចំ​ជា online ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ផង​ដែរ តាម​រយៈ​គេហទំព័រ www.careerfair.nea.gov.kh ដែល​អនុញ្ញាត​ឱ្យ​យុវជន​របស់​យើង ដែល​កំពុង​រស់នៅ​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ក៏​អាច​ទទួល​បាន​នូវ​ឱកាស​ដូច​គ្នា​ក្នុង​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ធ្វើការ និង​ធ្វើការ​សម្ភាសន៍​ជាមួយនឹង​សហគ្រាស ក្រុមហ៊ុន ដែល​កំពុង​មាន​តម្រូវ​ការងារ​នៅ​ក្នុង​ពិព័រណ៍​ការងារ​នេះ ដូច​យុវជន​ដែល​មក​ផ្ទាល់​ផង​ដែរ​ ។ ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​លេខ 017 467 423 ឬ លេខ Hotline 1297 ឬ 1286 ៕ អត្ថបទសហការ