ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

យុវជន សិស្ស​និស្សិត​ថា ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ គឺជា​ឱកាស ​ក្នុង​ការ​ស្វែងរក​ការងារ ​ក្នុង​ក្តី​ស្រមៃ​របស់​ពួក​គេ

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​៖ យុវជន សិស្ស​និស្សិត​ដែល​ចូលរួម​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០២៤ លើក​ឡើង​ថា ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​រៀង​រាល់​ឆ្នាំ​ ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គឺជា​ឱកាស​មាស​ …

រាជធានីភ្នំពេញ​៖ យុវជន សិស្ស​និស្សិត​ដែល​ចូលរួម​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០២៤ លើក​ឡើង​ថា ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​រៀង​រាល់​ឆ្នាំ​ ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គឺជា​ឱកាស​មាស​  និង​ជា​ស្ពាន​ចម្លង​អនាគត​ សម្រាប់​យុវជន សិស្ស​និស្សិត សាធារណជន ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ​ក្នុង​ក្តី​ស្រមៃ ខណៈ​កម្មវិធី​ពិព័រណ៍​ថ្នាក់​ជាតិ​ឆ្នាំ​២០២៤​ នៅ​ពេល​នេះ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍ យុវជន សិស្ស​និស្សិត​រាប់​ពាន់​នាក់​ មក​ទស្សនា​ត្រឹម​ថ្ងៃ​ទី​មួយ ​។

យុវតី ទេព ដា​រ៉ា​លី​ដា ជា​និស្សិត​រៀន​ជំនាញ​ធនាគារ មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច លើក​ឡើង​ថា ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០២៤ គឺជា​កម្មវិធី​ដែល​ខ្លួន​មាន​ចំណាប់អារម្មណ៍​ខ្លាំង​បំផុត ពីព្រោះ​ពិព័រណ៍​រយៈពេល​ពីរ​ថ្ងៃមួយ​នេះ បាន​នាំ​មក​នូវ​ឱកាស​ការងារ​ច្រើន​កន្លែង ដែល​ខ្លួន​រំពឹង​រង​ចាំ​ជា​យូ​មក​ហើយ ដើម្បី​មានឱកាស​ក្នុង​ការ​ដាក់​ពាក្យ​ធ្វើការ​នៅ​បណ្តា​ក្រុមហ៊ុន​ឯកជន​នានា​ ដែល​ខ្លួន​ពេញចិត្ត​ ។​ 

យុវតី​រូប​នេះ​បន្ថែម​ថា ខ្លួន​បាន​ដាក់​ពាក្យសុំ​ចូល​បម្រើ​ការងារ​ នៅ​ធនាគារ LOLC  ហើយ​ក្រុមហ៊ុន​បាន​សម្ភាសន៍​រូបគេ​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០២៤ បន្ទាប់​ពី​បាន​ដាក់​ពាក្យ​ត្រឹមតែ​រយៈពេល ​មិន​ប៉ុន្មាន​នាទី​ផង ​។ យុវតី​ថា​រូប​នេះ​ថា ការ​ដាក់​ប្រវត្តិរូប​សុំ​ចូល​បម្រើ​ការងារ ហើយ​ត្រូវ​បាន​សម្ភាស​ភ្លាម​ៗ​ ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​ គឺ​មាន​អត្ថប្រយោជន៍​ណាស់​សម្រាប់​យុវជន និង​សិស្ស​និស្សិត ពីព្រោះ​ការ​ធ្វើ​បែប​នេះ​គឺ​ផ្តល់​ភាព​ងាយស្រួល ចំណាយពេល​តិច ដោយ​មិន​ចាំបាច់​ដាក់​ពាក្យ​នៅ​ក្រុមហ៊ុន​ផ្ទាល់ ​។  

ដូច​គ្នា​នេះ​ដែរ យុវតី ប៊​ន់ ស្រី​ពេជ្រ ជា​និស្សិត​មក​ពី​សកល​វិទ្យាល័យ​ធនធានមនុស្ស ក៏​បាន​លើក​ឡើង​ដែរ​ថា ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០២៤ គឺជា​កម្មវិធី​មួយ​ដែល​ធ្វើ​ឱ្យ​ខ្លួន អាច​ស្វែងរក​ឱកាស​ការងារ​ដែល​ខ្លួន​ស្រមៃ ហើយ​ស្រប​តាម​ជំនាញ​សិក្សា​នៅ​មហាវិទ្យាល័យ ខណៈ​មាន​ស្តង់​ប្រកាស​ពី​ឱកាស​ការងារ​ជា​ច្រើន​កន្លែង​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​នៅ​ពេល​នេះ​ ។ សម្រាប់​ថ្ងៃនេះ​ដែរ យុវតី​រូប​នេះ​បាន​ដាក់​ប្រវត្តិរូប​ធ្វើការ​ នៅ​ធនាគារ ABA ខណៈ​ក្រុមហ៊ុន​ក៏​បាន​ធ្វើការ​សម្ភាស​ភ្លាម​ៗ​បន្ទាប់​ពី​ដាក់​ពាក្យ​នៅ​នឹង​កន្លែង​ផង​ដែរ​ ។

ដោយឡែក យុវតី ម៉េ​ង​ហាក់ ល​ក្ខិ​ណា ដែល​ជា​និស្សិត​មក​ពី​សកល​វិទ្យាល័យ CUS បាន​វាយតម្លៃ​ខ្ពស់​លើ​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​២០២៤​ នេះ ហើយ​ថា​កម្មវិធី​នេះ​គឺជា​ស្ពាន​ចម្លង និង​ជា​ឱកាស​មាស​សម្រាប់​យុវជន សិស្ស​និស្សិត សាធារណជន ដែល​កំពុង​រៀន និង​បញ្ចប់​នៅ​មហាវិទ្យាល័យ ក្នុង​ការ​ស្វែងរក​ឱកាស​ការងារ ​ដ៏​សម​ស្រប​មួយ​សម្រាប់​ខ្លួន ដើម្បី​សម្រេច​ក្តី​ស្រមៃ​របស់​ពួក​គេ ពីព្រោះ​ពិព័រណ៍​ការងារ​ បាន​នាំ​មក​នូវ​ឱកាស​ការងារ​ជា​ច្រើន​មុឺ​ន​កន្លែង ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​ជា​រៀង​រាល់​ឆ្នាំ ​។​ 

យុវតី​រូប​នេះ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ នឹង​បន្ត​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ហើយនឹង​ក្លាយទៅជា​ដៃគូ និង​ជា​អ្នក​ប្រឹក្សា​ដ៏​ល្អ​មួយ​សម្រាប់​យុវជន សិស​និស្សិត សាធារណជន​នៅ​កម្ពុជា ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០២៤ កំពុង​តែ​ដំណើរការ រយៈពេល​២​ថ្ងៃ​  ចាប់ពី​ថ្ងៃ​ទី​២៦-២៧ ខែតុលា​នេះ នៅ​អគារ​ពិព័រណ៍​កោះ​ពេជ្រ ​។ បន្ថែម​ពី​ការ​រៀបចំ​នៅ​ទីតាំង​កោះ​ពេជ្រ​ផ្ទាល់ ពិព័រណ៍​ការងារ​នេះ​ក៏​ត្រូវ​បាន​រៀបចំ​ជា online ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ផង​ដែរ តាម​រយៈ​គេហទំព័រ www.careerfair.nea.gov.kh ដែល​អនុញ្ញាត​ឱ្យ​យុវជន​របស់​យើង ដែល​កំពុង​រស់នៅ តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ ក៏​អាច​ទទួល​បាន​នូវ​ឱកាស​ដូច​គ្នា​ ក្នុង​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ធ្វើការ និង​ធ្វើការ​សម្ភាស​ ជាមួយនឹង​សហគ្រាស ក្រុមហ៊ុន​ដែល​កំពុង​មាន​តម្រូវ​ការងារ​ នៅ​ក្នុង​ពិព័រណ៍​ការងារ​នេះ ដូច​យុវជន ​ដែល​មក​ផ្ទាល់​ផង​ដែរ ​។

ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​លេខ 017 467 423 ឬ លេខ Hotline 1297 ឬ 1286 ៕ អត្ថបទសហការ