ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង​គម្រោង​ស្តី​ពី «​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជំនាញ​បដិសណ្ឋារកិច្ច និងឯកទេស​ធ្វើ​នំ​»

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោកស្រី ចាន់ សុទ្ធា…

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោកស្រី ចាន់ សុទ្ធា នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា នៃ​អង្គការ​ប្ល៊ូ​ម អេ​ស៊ា (Bloom Asia) បាន​អញ្ជើញ​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​គម្រោង​ស្តី​ពី «​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជំនាញ​បដិសណ្ឋារកិច្ច និង​ឯកទេស​ធ្វើ​នំ​»​ ។

កិច្ចព្រមព្រៀង​រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយ​អង្គការ ប្ល៊ូ​ម អេ​ស៊ា (Bloom Asia) ដែល​ត្រូវ​បាន​ចុះហត្ថលេខា នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​រសៀល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ ​២០២៤​នេះ មាន​រយៈពេល ៣​ឆ្នាំ លើ​ទំហំ​ថវិកា​គម្រោង​សរុប​ចំនួន ១ ៩៣០ ០០០ ដុល្លារ​អាម៉េរិក សម្រាប់​គម្រោង​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដល់​ក្រុម​គោលដៅ​ចំនួន ៧០​នាក់ ដែល​មាន​ប្រភព​មក​ពី​គ្រួសារ​ក្រីក្រ និង​ជា​ស្ត្រី​ងាយ​រង​ហានិភ័យ​ដោយសារ​ការ​ជួញដូរ​មនុស្ស​ ។​ 

ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា កិច្ចព្រមព្រៀង​នេះ​នឹង​រួមចំណែក​យ៉ាង​សំខាន់ មិន​ត្រឹមតែ​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការ​អភិវឌ្ឍ​នូវ​ជំនាញ​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច និង​ធ្វើ​នំ​សម្រាប់​ក្រុម​គោលដៅ​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ផ្តល់​ឱកាស​ការងារ​សមរម្យ ព្រមទាំង​ការ​ថែទាំ និង​ព្យាបាល​បញ្ហា​ផ្លូវចិត្ត​ដល់​ពួក​គាត់​ទៀត​ផង​ ។ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​ស្នើ​ដល់​អង្គការ​ប្ល៊ូ​ម អេ​ស៊ា ពិចារណា​ពង្រីក​ជំនាញ​ក្នុង​វគ្គ​បណ្តុះបណ្តាល​របស់​ខ្លួន​ទៅ​កាន់​ក្រុម​ងាយ​រង​ហានិភ័យ​ផ្សេង​ទៀត ដូច​ជា​ជន​មាន​ពិការ​ភាព​ផង​ដែរ​ ។

ឯកឧត្តម​រដ្ឋមន្ត្រី លើក​ឡើង​ថា កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ​របស់​អង្គការ​ប្ល៊ូ​ម អេ​ស៊ា (Bloom Asia) គឺជា​ការ​គាំទ្រ​ដល់​ក្រសួង​ផង​ដែរ ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​ក្នុង​ការ​បណ្តុះបណ្តាល​យុវជន​ប្រមាណ ១,៥​ លាន​នាក់ ដែល​មក​ពី​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ ។ ជាក់ស្តែង កម្មវិធី​បណ្តុះបណ្តាល​នេះ ក៏​ស្រប​តាម​អភិក្រម​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី គឺ «​រៀន​ឱ្យ​ចប់ ឱ្យ​ចេះ ឱ្យ​មានការ​ងារ​ធ្វើ​» ៕ អត្ថបទសហការ