នៅក្នុងយុគសម័យឌីជីថល នាពេលបច្ចុប្បន្ននេះការកើនឡើងនៃប្រព័ន្ធផ្សព្វផ្សាយសង្គមបានបើកច្រកឲ្យមនុស្សគ្រប់វ័យប្រើប្រាស់ ហើយសកម្មភាពមួយចំនួនដែលកំពុងតែផ្ទុះ ដែលគួរតែចាប់ហ្វ្រាំងនោះ គឺកំណើននៃការអួតដែលភាសាក្មេងៗសម័យឥឡូវគេនិយាយថា show off ។
សម្រាប់ពលរដ្ឋកម្ពុជា មិនថា តែយុវវ័យទេ សូម្បីតែមនុស្សវ័យកណ្តាល និងមនុស្សវ័យរាងជ្រេបន្តិចក៏ដោយ ក៏តែងតែប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញរូបភាពនៃជីវិត និងជីវភាពរំលេចដោយទ្រព្យសម្បត្តិ រូបសម្បត្តិ ភាពហ៊ឺហារ ព្រោងព្រាត ។ ប៉ុន្តែសូមកុំភ្លេចគិតពីផលប៉ះពាល់ និងភាពអវិជ្ជមាននៃទស្សនៈ show off នេះផង ។
សកម្មភាពទាំងនេះ ភាគច្រើនមើលទៅជាសកម្មភាពសប្បាយៗ និងជាការចែករំលែកភាពរីករាយ ពោល គឺគ្មានការបង្កគ្រោះថ្នាក់អ្វីទាំងអស់ ប៉ុន្តែការសិក្សាបានបង្ហាញថា ផលប៉ះពាល់នៃអាកប្បកិរិយានេះ គឺកាន់តែស្មុគ្រស្មាញ ។
សូមគិតឲ្យច្បាស់វិភាគឲ្យដិតដល់សកម្មភាព show off របស់អ្នកទាំងអស់គ្នា ត្រូវអ្នកសង្គមវិទ្យានិងចិត្តវិទ្យានានានៅលើពិភពលោកអះអាងថា វាបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សង្គម និងផ្លូវចិត្តអ្នកដទៃដែលពួកគេមិនមានលទ្ធភាពនៅក្នុងការសម្រេចបាននូវសកម្មភាព show off បែបនេះ ។
ស្ថានភាពបែបនេះផ្ទុះឡើងខ្លាំង នៅលើបណ្តាញសង្គមគ្រប់ច្រកនៅកម្ពុជា មិនថា តាមហ្វេសបុក តេឡេក្រាម អ៊ីនស្តាក្រាម ឬតិកតក់នោះទេ ។ និន្នាការកើនឡើងនៃសកម្មភាពនេះ ទាមទារឱ្យមានការឆ្លុះបញ្ចាំង និងថ្លឹងថ្លែងឲ្យមែនទែន ។
សម្ពាធ ដើម្បីបង្ហាញពីជីវិតដ៏ល្អឥតខ្ចោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមជារឿយៗកើតឡើងដោយសារតម្រូវការសម្រាប់សុពលភាពសង្គម និងការទទួលស្គាល់ពីមិត្តភក្តិ និងអ្នកគាំទ្រ ។ ប៉ុន្តែផ្ទុយទៅវិញវាអាចដុះខាត់ និងបង្កើនគំនិត និងទស្សនៈច្រណែន និងចងកំហឹ.ងនៅក្នុងចំណោមបុគ្គលមួយចំនួន ។
សកម្មភាពបែបនេះអាចបង្កើតវប្បធម៌នៃការប្រៀបធៀបមិនល្អនៅក្នុងសង្គមកើនឡើង ។ ការសិក្សាបង្ហាញថា show off អាចផ្តល់គុណតម្លៃក្នុងរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែវាអាចនាំឱ្យមានផលវិបាក និងទស្សនៈអវិជ្ជមាន នៅក្នុងរយៈពេលដ៏វែង ។ ក្នុងចំណោមនោះផលប៉ះពាល់ដ៏គួរឱ្យព្រួយបារម្ភបំផុត គឺនៅពេលដែលអ្នកដែលមិនអាចធ្វើតាមការ show off នេះបាន ហើយពួកគេគ្រប់គ្រងអារម្មណ៍លែងបានផលវិបាក គឺមានច្រើន ហើយអាចពិបាកប៉ាន់ស្មាន ។
សម្រាប់អ្នកខ្លះអាចមានជំងឺពាក់ព័ន្ធនឹងផ្លូវចិត្តដែលនាំឲ្យពួកគេមានអារម្មណ៍ឯកោ និងភាពតានតឹង និងបង្កវិនាសសកម្មតែខ្លួនឯងទេ ប៉ុន្តែអ្នកខ្លះអាចមានភាពអវិជ្ជមានចំពោះសង្គមហើយការគុំគួននឹងកើតមានឡើង ។ នោះហើយ គឺជាផលវិបាកដែលពិបាក និងកាត់ស្មានតម្លៃ ។ នៅក្នុងប្រទេសកម្ពុជា តម្លៃនៃការបន្ទាបខ្លួន និងការគោរពគ្នាត្រូវបានអោយតម្លៃតាំងពីយូរយារណាស់មកហើយ ។ តែការកើនឡើងនៃវប្បធម៌ show off បង្ហាញពីបញ្ហាប្រឈមមួយនៅក្នុងការកាត់ផ្តាច់ទំនាក់ទំនងនេះ ។
តាមរយៈការទទួលយកឥរិយាបទឌីជីថលថ្មីទាំងនេះ ពលរដ្ឋកម្ពុជាកំពុងតែដាក់ខ្លួននៅក្នុងស្ថានភាពដ៏ប្រថុយនឹងការបាត់បង់ការមើលឃើញតម្លៃសំខាន់ៗទាំងនេះ ។ ជំនួសឱ្យការខិតខំស្វែងរកសុពលភាពពីខាងក្រៅ យើងគួរតែលើកទឹកចិត្តពលរដ្ឋយើងឱ្យផ្តោតលើការបំពេញអ្វីដែលជាតម្លៃនៃសង្គម ។
ផលប៉ះពាល់ដ៏គ្រោះថ្នាក់ ជាពិសេសមួយនៃសកម្មភាព show off នេះ គឺការពង្រឹងស្តង់ដារភាពស្រស់ស្អាតដែលមិនប្រាកដប្រជាតាមវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលពោរពេញទៅដោយរូបភាពបោកបញ្ឆោត ។ សកម្មភាពនេះ នេះមិនត្រឹមតែបង្ខូចការយល់ឃើញរបស់ពលរដ្ឋចំពោះភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបរិយាកាសមិនល្អដែលតម្លៃខ្លួនត្រូវភ្ជាប់ទៅនឹងរូបរាង ។
ទម្លាប់នៃការ show off នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអាចជះឥទ្ធិពលអវិជ្ជមានជាច្រើនលើបុគ្គលម្នាក់ៗដូចជា ការច្រណែន ការស្អប់ ការមិនពេញចិត្ត ការប្រៀបធៀបដែលមិនល្អ បង្កើនភាពតានតឹង និងការថប់អារម្មណ៍ បង្កើតសម្ពាធនៃការប្រកួតប្រជែងបង្កើនការបែងចែកវណ្ណៈនៃសង្គម ជាដើម។ល។
សរុបមក ទម្លាប់នៃការ show off លើកកម្ពស់ការបញ្ជាក់ពីខាងក្រៅលើការបំពេញខាងក្នុងដែលអាចផ្តល់ផលអាក្រក់ដល់សុខុមាលភាពបុគ្គល និងភាពសុខដុមរមនាក្នុងសង្គម ។ នៅពេលដែលប្រទេសកម្ពុជា បន្តទទួលយកយុគសម័យឌីជីថល យើងក៏ត្រូវតែប្រកាន់ខ្ជាប់នូវសារៈសំខាន់នៃសុខុមាលភាពផ្លូវចិត្ត និងសង្គមផងដែរ ។
តាមរយៈការជំរុញវប្បធម៌ដែលឱ្យតម្លៃលើភាពត្រឹមត្រូវ និងតម្លៃខ្លួនឯងលើសពីអេក្រង់ឌីជីថល យើងអាចជួយពលរដ្ឋរបស់យើងអភិវឌ្ឍទំនាក់ទំនងដ៏ល្អ និងមានប្រយោជន៍ក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយធ្វើអោយសង្គមក្លាយជាកន្លែងរស់នៅពោរពេញដោយសាមគ្គី និងសុភមង្គល ៕
ចែករំលែកព័តមាននេះ