ប្រសិនបើសហរដ្ឋអាមេរិក នៅតែមើលឃើញតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសំខាន់នៅក្នុងយុទ្ធសាស្ត្រការទូត និងយោធារបស់ខ្លួន អាមេរិកត្រូវតែធ្វើការជាមួយនឹងរដ្ឋាភិបាលកម្ពុជាជាចាំបាច់ ។
ហេតុផល គឺដោយសារតែកម្ពុជា នៅពេលនេះ គឺកំពុងតែជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧ ខាងមុខឯណោះ ។ ម្យ៉ាងទៀតទោះបីជានៅក្នុងកែវភ្នែកអាមេរិកចោទប្រកាន់កម្ពុជាថា ជាប្រទេសដែល លម្អៀងទៅចិនក៏ដោយ ក៏អាមេរិកនៅតែបន្តធ្វើការជាមួយនឹងកម្ពុជា ដើម្បីបន្តសម្របសម្រួលជាមួយនឹងចិន តាមយន្តការកុងសង់ស៊ីស នៅក្នុងអាស៊ាន ។
ពាក់ព័ន្ធនឹងស្ថានភាពនេះនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១២ នៅវៀងច័ន្ទន៍ សម្តេចធិបតីបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អាមេរិក ។ សម្តេចមហាបវរធិបតី បានបង្ហាញនូវក្តីសោមនស្សចំពោះវឌ្ឍនភាពដ៏ធំដែលសម្រេចបានក្នុងការអនុវត្តផែនការសកម្មភាពបច្ចុប្បន្ន និងឧបសម្ព័ន្ធផែនការនេះ ហើយទន្ទឹងរង់ចាំការតាក់តែងផែនការសកម្មភាពអាស៊ាន-អាមេរិកថ្មី ២០២៦-២០៣០ ដែលនឹងនាំផ្លូវឲ្យភាគីទាំងពីរឆ្ពោះទៅសម្រេចបាននូវសក្តានុពលពេញលេញនៃភាពជាដៃគូយុទ្ធស្រាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់រយៈពេល៥ឆ្នាំខាងមុខ ។
ក្រោមការសម្របសម្របដោយកម្ពុជា កិច្ចប្រជុំនេះ ក៏បានអនុម័តសេចក្តីថ្លៃងការណ៍ប្រមុខដឹកនាំអាស៊ាន-អាមេរិកស្តីពីការជំរុញបញ្ញាសិប្បនិម្មិតដែលមានសុវត្ថិភាពប្រកបដោយសន្តិសុខ និងទំនុកចិត្តដែលបញ្ជាក់ជាថ្មីនូវការប្តេជាចិត្តរួមគ្នាក្នុងការសម្រេចបាបនូវសក្តានុពលដ៏សំខាន់នៃបញ្ញាសិប្បនិម្មិត ដើម្បីកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរបស់អាស៊ាន-អាមេរិក ។
សម្តេចមហាបវរធិបតី បានបន្តថា សេចក្តីថ្លែងការណ៍រួមអាស៊ានតំណាងឲ្យអាស៊ានអមដោយសេចក្តីថ្លៃងការណ៍ជាតិ ហើយបានសង្កត់ធ្ងន់ថា ពាណិជ្ជកម្ម និងការវិនិយោគបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់កាន់តែស៊ីជម្រៅ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ។ នៅក្នុងន័យនេះអាស៊ាន-អាមេរិកគួរតែពង្រឹងទំនាក់ទំនងទាំងនេះដោយធ្វើការអនុវត្តនូវកិច្ចព្រមព្រៀងផងស្តីពីក្របខ័ណ្ឌពាណិជ្ជកម្ម និងវិនិយោគអាស៊ាន-អាមេរិក ២០២៤-២០២៥ និងផែនការការងារពង្រឹកទំនាក់ទំនងសេដ្ឋកិច្ច ។
សម្តេចមហាបវរធិបតី ក៏បានស្វាគមន៍កិច្ចសហប្រតិបត្តិការកាន់តែរឹងមាំពីសំណាក់អាមេរិកតាមរយៈផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ និងផែនការមេឌីជីថលអាស៊ាន ២០២៥ ។ សម្តេចមហាបវរធិបតី បានជំរុញឲ្យអាមេរិកផ្តល់ការគាំទ្រដល់កិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ានដែលនឹងត្រូវអនុម័តនៅឆ្នាំក្រោយ ។ សម្តេចមហាបវរធិបតីក៏បាន ថ្លែងកោតសរសើរការគាំទ្ររបស់អាមេរិកចំពោះការអភិវឌ្ឈធនធានមនុស្សអាស៊ាន និងការជួយជ្រោមជ្រែងអាជីវកម្មខ្នាតតូចៗរបស់អាស៊ានឲ្យកាន់តែមានផលិតភាព ភាពធន់ និងភាពប្រកួតប្រជែងបន្ថែមទៀត ។
សម្តេចមហាបវរធិបតី បានបញ្ចប់សេចក្តីថ្លែងការដោយគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញារចិត្តយ៉ាងមុតមាំនិងការត្រៀមខ្លួនជាស្រេចរបស់កម្ពុជា ដើម្បីសហការយ៉ាងជិតស្និទ្ធជាមួយនឹងបណ្តាប្រទេសសមាជិកអាស៊ាន និងសសហរដ្ឋអាមេរិក ក្នុងការលើកកម្ពស់ភាពជាដៃគូ និងជំរុញផលប្រយោជន៍ទៅវិញទៅមកក្នុងតួនាទីសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អាមេរិក។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយច្រកនៃការប្តេជ្ញាចិត្តរបស់កម្ពុជា ដើម្បីធ្វើការជាមួយនឹងសហរដ្ឋអាមេរិកក៏អាចពាក់ព័ន្ធនឹងអទិភាពនៃគោលនយោបាយការរបទេស និងយោធារបស់មហាអំណាចកំពូលនេះដែរពីព្រោះថា នៅពេលនេះគេនៅមិនទាន់ដឹងថា តើនរណានឹងចូលមកកាន់កាប់តំណែងនៅសេតវិមានដែលតំណាងឲ្យអំណាចកំពូលកណ្តាលរបស់មហាអំណាចនេះនៅឡើយ ។
រវាងលោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាមេរិកបច្ចុប្បន្ន និងលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតី គឺត្រូវជួបគ្នានៅក្នុងការបោះឆ្នោតនៅខែក្រោយ ។
នៅក្នុងករណីដែលលោកស្រី កាម៉ាឡា ហារីស ជាប់ហើយចូលមកកាន់ការដឹកនាំរដ្ឋបាលរបស់អាមេរិក នោះច្រក និងសេចក្តីសម្រេចជាគោលដែលកម្ពុជាបានប្រុងប្រៀបនឹងធ្វើការជាមួយនឹងអាមេរិកទំនងជានៅដដែលដោយសារតែលោកស្រី គឺជាមនុស្សនៅក្នុងរដ្ឋបាលលោក ប្រធានាធិបតីបៃដិនស្រាប់ ហើយម្យ៉ាងទៀតលោកស្រីក៏ធ្លាប់បាន ដឹកនាំគណប្រតិភូអាមេរិកចូលរួមកិច្ចប្រជុំកំពូលនេះនៅឥណ្ឌូនេស៊ីកាលពីឆ្នាំ២០២៣ ស្រាប់ដែរ ។ ប៉ុន្តែប្រសិនបើលោក ដូណាល់ ត្រាំ ឈ្នះវិញនោះកម្ពុជានៅក្នុងតួនាទីនេះអាចលំបាក និងរៀបចំគោលនយោបាយថ្មីពីព្រោះលោក ត្រាំ ត្រូវបានគេដឹងថា ហាក់មិនសូវខ្វល់ខ្វាយនឹងអាស៊ាន ក៏ដូចជា តំបន់ ឥណ្ឌូប៉ាស៊ីហ្វិកខ្លាំងឡើយ ។ ដោយនៅរដ្ឋបាលមុនរដ្ឋបាលរបស់លោកបានទម្លាក់ទំនាក់ទំនងជាមួយ នឹងអាស៊ានយ៉ាងទាបបំផុត ដោយបានបញ្ជូនត្រឹមតែមន្ត្រីការទូតមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នាខែវិច្ឆិកា ឆ្នាំ២០១៩នៅថៃ ហើយនៅពេលនោះមេដឹកនាំអាស៊ានជាច្រើន ដោយរួមទាំងមេដឹកនាំកម្ពុជា បានធ្វើពហិកាមិនចូលរួម កិច្ចប្រជុំកំពូលនេះ ដោយបញ្ជូនតែត្រឹមរដ្ឋមន្ត្រីការបរទេសប៉ុណ្ណោះ ។
ក្រោយមក លោកត្រាំ ក៏សន្យា ស្តារទំនាក់ទំនងនេះ តែមិនបានសម្រេចដោយសារតែការរីករាលដាលនៃមេរោគកូវីដ ១៩ ។
មកដល់ឆ្នាំ២០២២ នៅក្នុងនាមជាប្រធានអាស៊ាន កម្ពុជាជាប្រទេសតូចតែអាចសម្របសម្រួលនិងជំរុញ ការស្តារទំនាក់ទំនងអាស៊ាន-អាមេរិកងើបឡើងវិញ ដោយលោក ចូ បៃដិន បានមកចូលរួមកិច្ចប្រជុំ កំពូលនៅអាស៊ាន នៅទីក្រុងភ្នំពេញ រួមជាមួយនឹងមេដឹកនាំកំពូលរបស់ប្រទេសជាច្រើនទៀត ។
សរុបមកវិញក្រោមគោលនយោបាយការបរទេសដែលមិនប្រកាន់យកនរណាជាសត្រូវ ហើយបើកចំហរ តាមយន្តការពហុភាគីនិយមដែលកម្ពុជាបានអនុវត្តជាបន្តបន្ទាប់ នៅក្នុងអំឡុងពេលនេះដល់ ២០២៧ និងទៅថ្ងៃអនាគត ស្ថានភាពនិងកិត្យានុភាពកិច្ចការទូតកម្ពុជានឹងកាន់តែទូលំទូលាយ ហើយកម្ពុជាក៏សង្ឃឹមថា នឹងអាចធ្វើការជាមួយនឹងមហាអំណាចនានា ដែលមានប៉ូលនយោបាយខុសៗគ្នា ក្រោមគោលការណ៍សន្តិសហវិជ្ជមាន នាំមកនូវវិបុលភាព និងវឌ្ឍនភាពសង្គម សេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាពិសេស គឺទំនាក់ទំនងការទូតកាន់តែប្រសើរ ៕
ចែករំលែកព័តមាននេះ