ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ហេង សួរ​ ៖ ភាគី​កម្មករនិយោជិត ភាគី​និយោជក ភាគី​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍ គឺជា​តួអង្គ​សំខាន់​ក្នុង​ការ​ផ្តល់​ធាតុ​ចូល ​ដើម្បី​លើកកម្ពស់​សុវត្ថិភាព​មធ្យោបាយ​ដឹក​ជញ្ជូន​កម្មករនិយោជិត

2 ថ្ងៃ មុន

ខេត្ត​សៀមរាប​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​គូសបញ្ជាក់​ថា ទាំង​ភាគី​កម្មករនិយោជិត ភាគី​និយោជក…

ខេត្ត​សៀមរាប​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​គូសបញ្ជាក់​ថា ទាំង​ភាគី​កម្មករនិយោជិត ភាគី​និយោជក និង​ដៃគូ​អភិវឌ្ឍន៍ ត្រូវ​ចូលរួម​ជាមួយ​ភាគី​រាជរដ្ឋាភិបាល​ជា​បន្តបន្ទាប់​ទៀត ដើម្បី​ស្វែងរក​វិធីសាស្ត្រ​ក្នុង​ការ​លើកកម្ពស់​សុវត្ថិភាព​មធ្យោបាយ​ដឹក​ជញ្ជូន​កម្មករនិយោជិត តាម​រយៈ​ការ​ផ្លាស់​ប្តូរ​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​កម្មករនិយោជិត​បណ្តើរ​ៗ​ដោយ​អាច​រក្សា​បាន​នូវ​ការងារ និង​ផលប្រយោជន៍​របស់​អ្នកបើកបរ​បច្ចុប្បន្ន​ ។ ការ​ថ្លែង​បញ្ជាក់​នេះ គឺ​ក្នុង​ពេល​ដែល ឯកឧត្តម​រដ្ឋមន្ត្រី បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​សិក្ខាសាលា​ស្តី​ពី «​សុវត្ថិភាព​មធ្យោបាយ​ដឹក​ជញ្ជូន​កម្មករនិយោជិត និង​សុខដុម​នី​យ​កម្ម​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា​» នៅ​សណ្ឋាគារ Royal Angkor Resort ក្នុង​ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃ​ទី​ ១២ ខែតុលា ឆ្នាំ​២០២៤ ដោយ​មានការ​ចូលរួម​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ ដូច​ជា​តំណាង​ភាគី​កម្មករនិយោជិត តំណាង​ភាគី​និយោជក និង​តំណាង​ភាគី​រាជរដ្ឋាភិបាល ប្រមាណ​ជាង ៣០០​នាក់​ ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា មធ្យោបាយ​ដឹក​ជញ្ជូន​កម្មករនិយោជិត ត្រូវ​កែ​ការ​ការ​សម្រួល​ឲ្យ​មាន​ភាពសមរម្យ និង​ធានា​បាន​នូវ​សុវត្ថិភាព​សម្រាប់​កម្មករនិយោជិត ក្នុង​ន័យ​នេះ​គឺ​មិន​ចាំបាច់​ទាល់តែ​ត្រូវ​តែ​ផ្លាស់​ប្តូរ​រថយន្ត​ដឹក​កម្មករនិយោជិត​បច្ចុប្បន្ន​ទាំងស្រុង​នោះ​ទេ គឺ​គ្រាន់តែ​កែសម្រួល​រថយន្ត​ឲ្យ​មាន​កន្លែង​កៅ​អង្គុយ​សមរម្យ ជំនួស​ឲ្យ​រថយន្ត​ណា​ដែល​តម្រូវ​ឲ្យ​កម្មករនិយោជិត​ត្រូវ​ឈរ​ជិះ​លើ​រថយន្ត​នា​ពេល​បច្ចុប្បន្ន​ ។ ទន្ទឹម​នេះ ក៏​ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត​ជា​ប្រចាំ ជា​ពិសេស​ត្រូវ​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​លើ​រថយន្ត​កែ​ច្នៃ​ខុស​បច្ចេកទេស ដែល​មិន​អាច​យក​ធ្វើ​ជា​រថយន្ត​ដឹក​កម្មករនិយោជិត​បាន​នោះ​ឡើយ ។

ឯកឧត្តម​រដ្ឋមន្ត្រី ថ្លែងអំណរគុណ​ដល់​ការ​ផ្តល់​ជា​ធាតុ​ចូល​យ៉ាង​សំខាន់​ពី​ភាគី​ពាក់ព័ន្ធ​នានា ដូច​ជា​តំណាង​ភាគី​និយោជិត តំណាង​ភាគី​និយោជក និង​ដៃគូ​អភិវឌ្ឍន៍ ដែល​បាន​ចូលរួម​ផ្តល់​ជា​មតិ និង​សំណើ​កែ​លម្អ​នានា ដើម្បី​ក្រុមការងារ​អាចយ​កមក​បញ្ចូល​ក្នុង​គោលនយោបាយ​ស្តី​ពី សុវត្ថិភាព​មធ្យោបាយ​ដឹក​ជញ្ជូន​កម្មករនិយោជិត ដែល​ជា​ការងារ​អាទិភាព​មួយ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​និង​កំពុងធ្វើការ​ងារ​យ៉ាង​សកម្ម​លើ​កិច្ចការ​នេះ​ ។

ឯកឧត្តម​រដ្ឋមន្ត្រី សង្ឃឹម​យ៉ាង​មុតមាំ​ថា បណ្តា​ភាគី​ពាក់ព័ន្ធ​នឹង​មាន​កិច្ច​ពិភាក្សា​រួម​គ្នា​យ៉ាង​សុ​ី​ជម្រៅ គ្រប់​ជ្រុងជ្រោយ ផ្អែក​លើ​តថភាព​ជាក់ស្តែង ដើម្បី​ជា​ធាតុ​ចូល​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​កែប្រែ​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​បងប្អូន​កម្មករនិយោជិត​នៅ​កម្ពុជា​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង ធ្វើ​យ៉ាងណា​ឱ្យ​មធ្យោបាយ​ធ្វើ​ដំណើរ​ប្រកបដោយ​បទដ្ឋាន​បច្ចេកទេស សុវត្ថិភាព ផាសុកភាព ដល់​កម្មករនិយោជិត​នៅ​កម្ពុជា និង​ជៀសវាង​ការ​បង្ក​គ្រោះថ្នាក់​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ធ្វើការ និង​ត្រលប់​មក​កន្លែង​ស្នាក់​នៅ​វិញ​ ។

គួរ​បញ្ជាក់​ថា គិត​ត្រឹម​ឆ្នាំ ២០២៤​នេះ មាន​កម្មករនិយោជិត​ប្រមាណ​ជិត ២៣ មុ​ឺ​ន​នាក់​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​ដឹក​កម្មករនិយោជិត​សម្រាប់​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​ធ្វើការ និង​ត្រលប់​មក​ពី​ធ្វើការ​វិញ​។ ក្នុង​នោះ​មាន​រថយន្ត​មួយ​ចំនួន​មិន​ទាន់​មាន​កៅអីអង្គុយ​ត្រឹមត្រូវ​នោះ​ទេ ដែល​កត្តា​ទាំងនេះ​អាច​បង្ក​ហានិភ័យ​គ្រោះថ្នាក់​ដល់​កម្មករនិយោជិត​អំឡុង​ពេល​ធ្វើ​ដំណើរ​។ រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​គោលដៅ​បំបាត់​ទាំងស្រុង​នូវ​រថយន្ត​ដែល​គ្មាន​កៅអីអង្គុយ​ត្រឹមត្រូវ គ្មាន​បទដ្ឋាន​សុវត្ថិភាព និង​គ្មាន​ផាសុកភាព​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី​៕ អត្ថបទសហការ