រាជធានីភ្នំពេញ ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោស ឈ្មួញគ្រឿងញៀន ២នាក់ ម្នាក់ដាក់ពន្ធនាគារកំណត់ពី៣០ឆ្នាំ និង២៥ឆ្នាំ និងពិន័យប្រាក់ក្នុងម្នាក់ៗ ៨០លានរៀល ក្រោមការចោទប្រកាន់ពីបទ.រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន និងសម្អាតប្រាក់ ។
ជនជាប់ចោទម្នាក់ឈ្មោះ ហួរ លាងហាក់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅ ភូមិក្រោលគោ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣០ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៨០លានរៀល ។ និងម្នាក់ឈ្មោះ គួង កន្និថា ភេទស្រី អាយុ៣២ ឆ្នាំ មុខរបរមិនពិត ប្រាកដ មានទីលំនៅ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធា នីភ្នំពេញ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ២៥ឆ្នាំ ពិន័យជាប្រាក់ចំនួន ៨០លានរៀល ពីបទ. រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
សាលក្រមប្រកាសជាសាធារណៈ ដោយទុកសិទ្ធិឲ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ក្នុងករណីជនជាប់ចោទមិនសុខចិត្តចំពោះការកាត់ក្តីនេះ ។
សូមរំលឹកថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំជនត្រូវចោទ ទាំង២នាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ.រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រមាណជាង ២គីឡូ និងបទសម្អាតប្រាក់ ។
ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការរដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន ទាំង២នាក់ ។
បើតាមសមត្តកិច្ចឲ្យដឹងថា ជនសង្ស័យជាឈ្មួញជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅរាជធានីភ្នំពេញ និងនាំទៅចែកចាយតាមបណ្តាខេត្ត ដោយប្រើល្បិចធ្វើជាផ្ញើអីវ៉ាន់តាមរយៈក្រុមហ៊ុនដឹកជញ្ចូន ជាបន្តបន្ទាប់កន្លងមក ។ ហើយនៅថ្ងៃកើតហេតុ បន្ទាប់ពីទទួលបានព័ត៌មាននោះភ្លាម កម្លាំងនគរបាលផ្នែកគ្រឿងញៀនខណ្ឌច្បារអំពៅ ក៏បានចុះទៅដល់ទីតាំងក្រុមហ៊ុន ទទួលបញ្ញើ នឹងធ្វើការដកហូតកញ្ចប់គ្រឿងប្រមាណជាង ២គីឡូក្រាម ទើបស្រាវជ្រាវឈានទៅចាប់ខ្លួនឈ្មួញគ្រឿងញៀន ទាំង២នាក់ នៅចំណុចផ្ទះលេខ២F ផ្លូវលេខ១៩២ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ក្នុងកិច្ចបង្ក្រាបករណីជួញដូរគ្រឿងញៀនខាងលើនេះ សមត្ថកិច្ចក៏បានធ្វើការដកហូតរថយន្តម៉ាកឡិចស៊ិស៤៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2L-5587 មួយគ្រឿងផងដែរ ៕
ចែករំលែកព័តមាននេះ