ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើគ្មាន​អ្នក​ដាក់​ថ្នាំ​.ស.ម្លា.ប់.ទេ​…គគីរ​ទាំង៤​ដើម​​​មិន​ងា.ប់​.ព្រមគ្នាទេ!

8 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ គេមិនទាន់ឃើញមានប្រតិកម្មពីមន្ត្រី​ពាក់ព័ន្ធ ឬ​អាជ្ញាធរក្រុង ឬ​អាជ្ញាធរខេត្ត​បន្តិចណានៅឡើយទេ គិតត្រឹម​ថ្ងៃទី​០៨ តុលា នេះ ចំពោះដើមគគីរដែលមានទំហំធំៗ​មានអាយុកាលរាប់សិបឆ្នាំចំនួន០៤ដើម​នៅខាងមុខសាលាខេត្ត ដែលគេសង្ស័យថា…

ខេត្តបាត់ដំបង ៖ គេមិនទាន់ឃើញមានប្រតិកម្មពីមន្ត្រី​ពាក់ព័ន្ធ ឬ​អាជ្ញាធរក្រុង ឬ​អាជ្ញាធរខេត្ត​បន្តិចណានៅឡើយទេ គិតត្រឹម​ថ្ងៃទី​០៨ តុលា នេះ ចំពោះដើមគគីរដែលមានទំហំធំៗ​មានអាយុកាលរាប់សិបឆ្នាំចំនួន០៤ដើម​នៅខាងមុខសាលាខេត្ត ដែលគេសង្ស័យថា ត្រូវជនមិនស្គាល់អត្តសញ្ញាណ​លួចចាក់ទឹកថ្នាំស្រោចគល់បណ្ដាលឲ្យងាប់ព្រមៗគ្នា​ក្នុងចេតនាទុច្ចរិត ។

ដើមគគីរ​ទាំង០៤ដើមនោះ ស្ថិតនៅខាងមុខសំណង់ផ្ទះល្វែងដែលកំពុងសាងសង់ និង​នៅជ្រុងខាងកើត ឈៀង​ខាងត្បូង​នៃអគារដ្ឋបាលខេត្តបាត់ដំបង ។ ដើមគគីរដែ​លងាប់យ៉ាងអាថ៌កំបាំងទាំង០៤ដើម ស្ថិតក្នុងចំណោមដើមគគីររាប់រយដើមទៀត ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ១ ស្ថិតនៅជុំវិញតំបន់អគាររដ្ឋបាលខេត្ត ។ ដើមគគីទាំងនេះ មានទំហំធំៗ និង​មានអាយុរាប់សិបឆ្នាំ ដែលសេសសល់ពីសម័យដើម បន្សល់ទុកដល់សព្វថ្ងៃនេះ ដែលជានិមិ្មតរូបសម្រាប់លម្អរក្រុងបាត់ដំបង និង​លំអអគារសាលាខេត្ត ដែលមានវ័យចំណាស់មួយនេះ ។

​បើតាមការកត់សម្គាល់​លើស្ថានភាពជាក់ស្ដែង ដើមគគីរចំនួន០៤ដើមខាងលើនេះ បានងាប់ព្រមៗគ្នា ស្របពេលដែលអាជ្ញាធរខេត្ត​ប្រកាសយុទ្ធនាការ «ផ្ទះមួយខ្នង ដើមឈើមួយដើម» ។ មន្រ្តីតូចតាចដែលបានដឹង​បានឃើញដើមគគីរងាប់​បានត្រឹមខ្សឹប​ខ្សៀវគ្នាតាមតុកាហ្វេ ឬ​នៅកន្លែងធ្វើការ តែមិនហ៊ាននិយាយឮៗទេ​ព្រោះខ្លាចមេៗឮ ។ ពួកគេបានលួចផ្ដល់ដំណឹង និង​ជម្រុញឲ្យអ្នក​សារព័ត៌មានជួយផ្សព្វផ្សាយទម្លាយរឿងនេះ ។

ពាក់ព័ន្ធនឹងរឿងដើមគគីរចំនួន០៤ដើម​ដែលងាប់ព្រមគ្នា នៅខាងមុខសំណង់ផ្ទះល្វែងខាងលើនេះ មានប្រភពជាច្រើន​រាប់ទាំងមន្រ្តីរដ្ឋបាលក្រុម និង​ខេត្តផង បានផ្ដល់ព័ត៏មាន និង​សុំឲ្យកោះ​សន្តិភាព ជួយផ្សព្វផ្សាយ ដើម្បីជួយលាតត្រដាងពីអំពើអាក្រក់របស់មនុស្ស ។ បើតាមប្រភពខ្លះបានសន្និដ្ឋានចំៗ ទៅលើជនទុច្ចរិតថា ដើមគគីរទាំង០៤ដើមដែលងាប់នោះ អាចត្រូវគេយកទឹកថ្នាំ (ទឹកថ្នាំបាញ់ស្មៅ) ចាក់ស្រោចគល់ ទើបធ្វើឲ្យដើមគគីរដែលមានអាយុរាប់សិបឆ្នាំនោះងាប់ព្រមគ្នាបែបនេះ ក្នុងចេតនា«ជីកស្មៅ ត្រូវជីកទាំងឬស» ខណៈដើមគគីរជាច្រើនដើមទៀតនៅក្បែរៗនោះ នៅរស់រានមានជីវិតនៅឡើយ ។

ប្រភពខ្លះទៀតបានលើកឡើង និង​ចោទជាសំនួរថា ដើមគគីរទាំង០៤ដើមនេះ អាចត្រូវជនទុច្ចរិត​ប្រើវិធីសាស្រ្តធ្វើឲ្យងាប់ ដើម្បីកំទេច និង​ដកចោលទាំងឬសឲ្យផុតស្រឡះកុំឱ្យ​ទើស​មុខ​ចេញពីខាងមុខផ្ទះល្វែង ។ ដើម​​គគីរ​ដែលមានអាយុរាប់សិបឆ្នាំ​រាប់រយដើមនៅជុំវិញសាសាខេត្ត នៅតែមានជីវិតរហូតមកដល់ពេលនេះ ម៉េច​ក៏​មិន​ងាប់​ដែរទៅ? ចុះហេតុអ្វីបានជាងាប់ត្រឹមតែ០៤ដើម នៅខាងមុខផ្ទះល្វែង ដែលកំពុងសាងសង់ ? រីឯអាជ្ញាធរខេត្ត ក្រុង និង​មន្រ្តីជំនាញក៏បែរជាមិន​ប្រតិកម្ម​សូម្បីប៉ុនក្រចក សង្ស័យ​មើល​ឃើញ​ផល​ប្រយោជន៍​ធំ​ទេ​ដឹង ។

បើគេចង់ស្រាវជ្រាវរកមុខឃាតករ​សម្លាប់ដើមគគីរទាំង០៤ដើមខាងលើនេះ ងាយស្រួលដូចបកចេកយក​ដី​គល់​ទៅ​ពិសោធន៍​ឃើញ​ភ្លាម​មិន​ខាន តែសំខាន់តើអាជ្ញាធរមានឆន្ទៈឈឺឆ្អាល​ចង់រកមុខអ្នកបំផ្លាញដើមគគីរទាំង០៤ដើមនេះឬអត់ ? កាលពីជាងមួយខែមុននេះ អាជ្ញាធរខេត្ត​បានប្រកាសបើកយុទ្ធនាដាំដើមឈើទូទាំងខេត្ត ក្រោមប្រធានបទ «ផ្ទះមួយខ្នង​ដើមឈើមួយដើម»។

ក្នុងយុទ្ធនាការនេះ គេសង្កេតឃើញទាំងមន្រ្តីរាជការ ទាំងប្រជាពលរដ្ឋ មិនថា នៅតាមបណ្ដាស្រុក ឬ​ក្រុងទេ បាននាំគ្នាដាំដើមឈើព្រោងព្រាត​នៅខាងមុខផ្ទះ ។ ដោយឡែក នៅក្នុងក្រុងបាត់ដំបង គេឃើញប្រជាពលរដ្ឋដាំដើមឈើព្រោងព្រាតលម្អរខាងមុខផ្ទះ ។ ប៉ុន្តែផ្ទុយទៅវិញ បែរជាគេឃើញដើមគគីចំនួន០៤ដើម ដែលមានទំហំធំៗ មានអាយុរាប់សិបឆ្នាំបានងាប់ក្រោមស្នាដៃជនទុច្ចរិតទៅវិញ ?

ពាក់ព័ន្ធនឹងរឿងដើមគគីរ០៤ដើម ដែលងាប់ព្រមៗគ្នានៅខាងមុខផ្ទះល្វែងខាងលើនេះ អភិ​បាលក្រុងបាត់ដំបង លោក​លាង វាសនា ហាក់មិនបានដឹងឮរឿងនេះឡើយ ហើយលោកអភិបាលក្រុងរូបនេះ បែរអស់ចំណើចនៅពេលកោះសន្តិភាពសួរនាំអំពីមូលហេតុ​ ដែលនាំឲ្យដើមគគីរងាប់ព្រមៗគ្នារហូតដល់០៤ដើម។

តើលោកបានដឹងពីមូលហេតុដែលដើមគគី០៤ដើមដែលងាប់នៅមុខក្លឹប​ជ័យជំនះដែរឬទេ​? លោក លាង វាសនា បានអស់សំណើច (សើច) មុននឹងផ្ដល់ចម្លើយ ។ លោកបានផ្ដល់ចម្លើយ ក្រោយពីអស់សំណើច យ៉ាងដូច្នេះថា «ខ្ញុំកំពុងតែឆ្ងល់ដែរ» ។ លោកបានសន្យាថា «ខ្ញុំនឹងធ្វើការស្រាវជ្រាវលើករណីនេះ ពេលខ្ញុំត្រឡប់ទៅវិញ តែពេលនេះ ខ្ញុំកំពុងជាប់មកបុណ្យនៅភ្នំពេញ» ។ មិនថា ប្រជាពលរដ្ឋ ឬមន្រ្តីរាជការ តែដែលបានបញ្ចេញមតិរិះគន់ចំពោះការងាប់ដើមគគីរទាំង០៤ដើមខាងលើនេះ តែគេមិនឃើញអាជ្ញាធខេត្ត ឬ​មន្រ្តីជំនាញបញ្ចេញប្រតិកម្មបន្តិចឡើយ។

មតិមហាជនបានលើកឡើងប្រហាក់ប្រហែលគ្មានថា «ដើមគគីរទាំង០៤ដើម ដែលងាប់ព្រមគ្នានៅខាងមុខផ្ទះល្វែងខាងលើនេះ ប្រាកដជាត្រូវជនទុច្ចរិតប្រើវិធីសាស្ត្រ(អាចប្រើថ្នាំបាញ់ស្មៅចាក់ស្រោចគល់) ធ្វើឲ្យងាប់តែតែម្ដង ។ ព្រោះដើមគគីរទាំងនេះ មានអាយុកាលរាប់សិបឆ្នាំកន្លងមកហើយ ស្រាប់តែនៅរស់សុខៗបែរជាងាប់យ៉ាងអាថ៌កំបាំង ។ គេរង់ចាំតាមដានមើលថា តើអាជ្ញាធរក្រុង ខេត្ត និង​មន្ត្រី​ជំនាញ អាចស្វែងរកពីមូលហេតុ ដែលធ្វើឲ្យដើមគគីចំនួន០៤ដើម ដែលងាប់ខាងលើនេះឃើញដែរឬអត់ ?​ ពេលណា​មានព័ត៌​មាន​ប្លែក​ យើង​នឹង​ផ្សាយជូនបន្ត ។

​ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ