ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បឹងទន្លេសាបមាន«ជើងកាង»ចាប់អ្នកនេសាទបង់​ខែ

10 ម៉ោង មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ជន​ត្រូវ​ចោទ​(​លួច​)​ជនជាតិ​វៀតណាម​ម្នាក់​ហៅ​ថា​«​ជើងកាង​» ត្រូវ​បាន​សមត្ថ កិច្ច​សហការ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ដោយ​ឃាត់ខ្លួន​បាន​កាលពី​ល្ងាច​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២៤ ត្រង់​ចំណុច​ផ្ទះ​ផែបណ្ដែត​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ស្ថិត​នៅ​ភូមិ​៥…

ខេត្តពោធិ៍សាត់ ៖ ជន​ត្រូវ​ចោទ​(​លួច​)​ជនជាតិ​វៀតណាម​ម្នាក់​ហៅ​ថា​«​ជើងកាង​» ត្រូវ​បាន​សមត្ថ កិច្ច​សហការ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ដោយ​ឃាត់ខ្លួន​បាន​កាលពី​ល្ងាច​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២៤ ត្រង់​ចំណុច​ផ្ទះ​ផែបណ្ដែត​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ស្ថិត​នៅ​ភូមិ​៥ ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

ការ​អនុវត្ត​ដីកាចាប់ខ្លួន​នេះ ប្រជា​នេសាទ​នៅ​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​សាទរ​ខ្លាំង​ណាស់ ព្រោះ​ចោរ​វៀតណាម​រូប​នេះ​ល្បីល្បាញ និង​សាហាវ ដែល​តម្រូវ​ដាច់ខាត​ឱ្យ​ប្រជា​នេសាទ​ត្រូវ​បង់លុយ​ឲ្យ​១​ឆ្នាំ​២​ដង​ទើប​នេសាទ​បាន ។ ការ​កំណត់​បែប​នេះ ធ្វើ​ហាក់ដូចជា​ជនជាតិ​វៀតណាម​នេះ​ជា​ម្ចាស់​បឹង​ទន្លេសាប​យក​ទន្លេសាប​ជា​របស់​ខ្លួន ។

ប្រភព​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ជើងកាង​ជនជាតិ​វៀតណាម​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លេខ​៨១ ច​ខ​/២៤ ចុះ​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៤ ចេញ​ដោយ​លោក គង់ រ៉ា​វន ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តពោធិ៍សាត់ ។

យោង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ខាងលើ ជន​ត្រូវ​ចោទ​ឈ្មោះ ហួ​ន ហ៊ា​ង ភេទ​ប្រុស កើត​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​១៩៩២ ជនជាតិ​វៀតណាម សញ្ជាតិ​វៀតណាម កើត​នៅ​ស្រុក​ខ្មែរ​ភូមិ​៥ ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន ស្នាក់​នៅ ភូមិ​-​ឃុំ​កើតហេតុ មាន​ប្រពន្ធ​ឈ្មោះ ង្វៀ​ង ធី​គី​វ ឪពុក​ឈ្មោះ ហួ​ន ធី ម្ដាយ​ឈ្មោះ ង្វៀ​ង ធី​អេ​ម ។

ក្នុង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន បាន​ចោទប្រកាន់​ពី​បទ​លួច​ទូក​បា​ឡា​ស្មាច់ ប្រព្រឹត្ត​នៅ​ភូមិ​៥ ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៤ ហើយ​បាន​គេច​បាត់​ពី​មូលដ្ឋាន ។

ដើម្បី​ធានា​ស៊ើបសួរ​ឲ្យ​បាន​ពេញលេញ គប្បី​សម្រេច​ឲ្យ​ចាប់ខ្លួន​ឈ្មោះ ហួ​ន ហ៊ា​ង ភេទ​ប្រុស មក​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ ដើម្បី​សួរ​យក​ចម្លើយ​ពាក់ព័ន្ធ​ក្នុង​រឿង​ក្ដី​នេះ ។

ប្រភព​ផ្សេង​ៗ​ពី​ប្រជា​នេសាទ​នៅ​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប បាន​ទូរស័ព្ទ និង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​តេ​ឡេ​ក្រាម​យ៉ាងច្រើន កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២៤ ថា ពួក​គាត់​អាច​នាំ​គ្នា​ធ្វើ​ពាក្យបណ្ដឹង​ទៅ​អភិបាលខេត្ត ឬ​សាលាដំបូង​ខេត្ត ព្រោះ​កន្លង​ទៅ ជន​នេះ​សាហាវ​លើស​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ទៅ​ទៀត គឺ​ពួក​វា​មាន​កាណូត​ធំ​ៗ​ សម្រាប់​ទៅ​លួច​ស្រាវ​ដឹក​យក​សាច់​មង សាច់​អួន ទូក កាណូត សម្ភាៈ​នេសាទ​គ្មាន​សល់ រួច​ជម្រិត​ទារ​លុយរាប់​សិប​លាន​រៀល ធ្វើ​ឲ្យ​ពួក​គាត់​បង្ខំចិត្ត​យក​លុយ​ទៅ​លោះ បើ​មិន​ទៅ​លោះ​ទេ គឺ​វា​លួច​រហូត ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ត្រូវ​បង់លុយ​ឲ្យ​ក្នុង​១​រដូវ ឬ​១​ឆ្នាំ​ច្រើន​ជាង​សមត្ថកិច្ច ឬ​ស្ថាប័ន​ជំនាញ​ទៅ​ទៀត ។

ប្រភព​ព័ត៌មាន​បញ្ជាក់​បន្ថែម​ទៀត​ថា មេចោរ​ធំ​ជាងគេ​នៅ​បឹង​ទន្លេសាប មិនមែន​មាន​តែ​ម្នាក់​នេះ​ទេ គឺ​មាន​បងប្រុស​របស់​គាត់​២​នាក់ ទៀត គឺ​ឈ្មោះ ហួ​ន គឿ​ង និង​ឈ្មោះ ហួ​ន ទុង ។ មេចោរ​ជើងកាង​បឹង​ទន្លេសាប​ទាំង​៣​នាក់​បងប្អូន​នេះ​ល្បីល្បាញ​យូរ​ឆ្នាំ​មក​ហើយ ដោយ​ឈ្មោះ ហួ​ន ហ៊ា​ង ធ្វើ​សកម្មភាព​នៅ​បឹង​ទន្លេសាប ទិស​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ឬ​មួយ​ផ្នែក​នៅ​ខេត្តកំពង់ឆ្នាំង ។

ចំណែក​បងប្រុស​ឈ្មោះ ហួ​ន ទុង ធ្វើ​សកម្មភាព​នៅ​បឹង​ទន្លេសាប ទិស​ស្រុក​បាកាន ខេត្តពោធិ៍ សាត់ និង​មួយ​ផ្នែក​ទៀត​នៅ​ខេត្តបាត់ដំបង ។ ចំណែក​បងប្រុស​ម្នាក់​ទៀត​ឈ្មោះ ហួ​ន គឿ​ង ធ្វើ​សកម្មភាព​នៅ​បឹង​ទន្លេសាប​ដូច​គ្នា នៅ​ទិស​ខេត្តកំពង់ធំ និង​ខេត្តសៀមរាប ។

ក្រុម​បងប្អូន​មេចោរ​បឹង​ទន្លេសាប​ជនជាតិ​វៀតណាម​ទាំង​៣​នាក់​នេះ ក្រុម​អ្នកនេសាទ​និយាយ​ថា បើសិនជា​សមត្ថកិច្ច​បង្ក្រាប​បាន​យ៉ាងច្រើន​១​ខែ ឬ​២​ខែ​ចេញ​មក​វិញ​ហើយ ព្រោះ​មាន​ឪពុក​ឈ្មោះ ហួ​ន ធី ជា​អ្នក​ចាំ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ