ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហជីព​នៅ​កម្ពុជា​ប្រកាស​គាំទ្រ​ យ៉ាង​ពេញទំហឹង​ ចំពោះ​ការ​ដកខ្លួន​ចេញ ពី​តំបន់​អភិវឌ្ឍន៍ ​CLV-DTA

3 ខែ មុន

រាជធានីភ្នំពេញ​៖​ សហជីព​ធំ​ៗ ​ដែល​ជា​អ្នកតំណាង​កម្មករនិយោជិត​នៅ​កម្ពុជា បាន​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការសម្រេចចិត្ត​ដ៏​ឈ្លាសវៃ ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​សម្ដេច​មហា​បវរ​ធិ​បតី…

រាជធានីភ្នំពេញ​៖​ សហជីព​ធំ​ៗ ​ដែល​ជា​អ្នកតំណាង​កម្មករនិយោជិត​នៅ​កម្ពុជា បាន​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការសម្រេចចិត្ត​ដ៏​ឈ្លាសវៃ ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដកខ្លួន​ចេញពី​គម្រោង​ អភិវឌ្ឍ​តំបន់ត្រីកោណ​ កម្ពុជា​-​ឡាវ​-​វៀតណាម ​(CLV) ​។

លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​ បាន​ចូលរួម​អបអរសាទរ​ចំពោះ​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​ប្រមុខ រាជរដ្ឋាភិបាល ដោយសារ​កន្លង​មក​ក្រុម​ជ្រុលនិយម​មួយ​ចំនួន​ បាន​យក​ករណី CLV ធ្វើ​ជា​លេស ​ក្នុង​ការ​ប៉ុនប៉ង ផ្ដួលរំលំ រាជរដ្ឋាភិបាល និង​មាន​បំណង​បង្កចលាចល​នៅ​ក្នុង​សង្គម ​។

លោក​បន្ត​ថា ក្រុម​ជ្រុលនិយម​ទាំងនោះ ​ថែម​ទាំង​បាន​ញុះញង់​ឱ្យ​ពលរដ្ឋ និង​ពលករ​នៅ​ក្រៅប្រទេស​ប្រឆាំង នឹង​រាជរដ្ឋាភិបាល​តាម​រយៈ​ការ​ប្រើប្រាស់​ហេតុផល CLV ប៉ុន្ដែ​ពេល​នេះ​ពួក​គេ​បាន​ខកចិត្ត​វិញ ដោយសារ​ការ​សម្រេច ចិត្ត​ដ៏​ឈ្លាសវៃ​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ ។

មេ​សហជីព​រូប​នេះ​បញ្ជាក់​ថា​៖ «​ក្នុង​នាម​ខ្ញុំ​ជា​ថ្នាក់ដឹកនាំ​សហជីព ខ្ញុំ​ក៏​ដូច​ជា​កម្មករនិយោជិត​ដែរ គឺ​សូម​ប្រកាស​គាំទ្រ ចំពោះ​ការ​សម្រេចចិត្ត​របស់​សម្ដេច​ អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ព្រោះ​កម្ពុជា​មិន​បាន​ខាតបង់​អ្វី​នោះ​ទេ​ ។ ម្យ៉ាងទៀត យើង​នៅ​តែ​បន្ត​កសាង​ហេ​ដ្ឋា​រចនា​ព្រំដែន ​របស់​យើង​ដដែល​» ​។

លោក សំ សឿ​ន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា បាន​លើក​ឡើង​ថា កន្លង​ទៅ​នេះ​ក្រុម​ជ្រុលនិយម បាន​ចាប់​យក​ចំណុច​នេះ​ ធ្វើ​ជា​អាវុធ​នយោបាយ ដើម្បី​មួលបង្កាច់ និង​វាយប្រហារ​ចំពោះ​រាជរដ្ឋាភិបាល ដោយ​ការ​ភូត​កុហក​ឥត​ឈប់​ឈរ​ ធ្វើ​ឱ្យ​ប្រជាជន​មួយ​ចំនួន​មានការ​ភាន់ច្រឡំ​ ។

លើស​ពី​នេះ​លោក​ថា ពួក​គេ​បាន​ធ្វើការ​ចោទ​ប្រា​ជ​រដ្ឋាភិបាល​ថា​ បាន​កាត់​ទឹកដី​នៃ​ខេត្ត​ទាំង ៤ នៃ​ភាគ​ឦសាន ​ឱ្យទៅ​បរទេស​ហើយ​ចុង​ក្រោយ​នេះ​ ក៏​បាន​ប្រើ​រឿង​នេះ​ដើម្បី​ញុះញង់ និង​បំផុសបំផុល​ប្រជាជន​ ឱ្យ​ចូលរួម​អនុវត្ត​នូវ​ផែនការ ១៨ សីហា ក្នុង​ការ​ប៉ុនប៉ង​អុកឡុក​បង្ក​អ​ស្ថិរភាព​ដល់​សង្គម​ជាតិ ​។

លោក​និយាយ​ថា​៖ «​ក្នុង​នាម​ខ្ញុំ​ជា​មេដឹកនាំ​សហជីព សូម​គាំទ្រ​ទាំងស្រុង​នូវ​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​នេះ ព្រោះ​ការ​សម្រេចចិត្ត​របស់​ថ្នាក់ដឹកនាំ ពិតជា​បាន​ពិចារណា​យ៉ាង​ច្បាស់លាស់ និង​ប្រកាន់​ជំហរ​សាមគ្គីភាព បូរណភាព​ទឹកដី​របស់​យើង​» ។

សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​នាម​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ព្រមទាំង​ថ្នាក់ដឹកនាំ​ផ្សេង​ៗ​ទៀត ​នៅ​យប់​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៤​ នេះ បាន​ប្រកាស​ពី​ការ​សម្រេច​របស់​កម្ពុជា ក្នុង​ការ​បញ្ចប់​ការ​ចូលរួម ​ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពី​ថ្ងៃ​២០ ខែកញ្ញា ឆ្នាំ​២០២៤​នេះ​តទៅ​។​ការ​បញ្ចប់​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សង្កត់ធ្ងន់​ថា ដើម្បី «​ដក​អាវុធ​ចេញពី​ដៃ​ពួក​ជ្រុលនិយម​» កុំ​ឲ្យ​មាន​លទ្ធភាព​ញុះញង់​បោកប្រាស់​ប្រជាជន​កម្ពុជា​តទៅ​ទៀត ​៕ អត្ថបទសហការ