រដ្ឋមន្ត្រីទេសចរណ៍ដូរទៅកាន់តំណែងរដ្ឋមន្ត្រីអធិការកិច្ច ខណ:រដ្ឋមន្ត្រីអធិការកិច្ចមកកាន់តំណែងរដ្ឋមន្ត្រីទេសចរណ៍វិញ។ នេះគឺជាលទ្ធផលនៃកិច្ចប្រជុំរដ្ឋសភា នៅថ្ងៃទី២០ ខែកញ្ញា
នេះ។
ការផ្លាស់ប្តូរនេះ ត្រូវគេគិតថា ជាផ្នែកមួយដើម្បីធ្វើអោយកាន់តែមានប្រសិទ្ធភាពការងាររបស់ក្រសួងពាក់ព័ន្ធ និងរដ្ឋាភិបាលទាំងមូលផងដែរ។
រដ្ឋសភាកម្ពុជាបានអនុម័តគាំទ្រទាំងស្រុងហើយ លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួន២រូប ដោយក្នុងនោះ លោក ហួត ហាក់ មកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ រីឯលោក សុខ សូកេន មកកាន់ជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ។
ការអនុម័តរបស់រដ្ឋសភា បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំវិសាមញ្ញ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ដោយមានសំឡេងសមាជិកសភាគាំទ្រ១០៦/១០៦។
ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនេះ ធ្វើឡើងតបតាមសំណើរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះគឺជាការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល លើកដំបូងហើយ សម្រាប់នីតិកាលទី៧នៃរដ្ឋសភា ដែលបានធ្វើដំណើររយៈពេលជាង១ឆ្នាំកន្លងមកនេះ៕
ចែករំលែកព័តមាននេះ