ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ​! កម្ពុជា​អស់​ឱកាស​ឡើង​ទៅ​កាន់ការ​ប្រកួត​ជម្រុះ​ជុំ​ទី​៣ ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា អស់​ឱកាស​ឡើង​ទៅ​កាន់​ជុំ​ទី​៣ ការ​ប្រកួត​ជម្រុះ​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី AFC Asian Cup Saudi Arabia…

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា អស់​ឱកាស​ឡើង​ទៅ​កាន់​ជុំ​ទី​៣ ការ​ប្រកួត​ជម្រុះ​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី AFC Asian Cup Saudi Arabia ឆ្នាំ ២០២៧ បន្ទាប់​ពី​ចាញ់​ក្រុម​ភ្ញៀវ​ស្រី​លង្កា នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​២ ជើង​ទី​២ Play-Off ដោយ​ការ​ទាត់​បាល់​១១​ម៉ែត្រ​កាត់សេចក្តី កាលពី​យប់​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៤​។

ការ​ប្រកួត​ជើង​ទី​១ កាលពី​ថ្ងៃ​ទី​៥ ខែកញ្ញា នៅ​ឯ​កីឡដ្ឋាន Racecourse International ស្ថិត​ក្នុង​ទីក្រុង​កូ​ឡុំ​បូ ប្រទេស​ស្រី​លង្កា ក្រុម​ទាំង​ពីរ​បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើគ្នា គ្មាន​គ្រាប់​ស៊ុត​បញ្ចូល​ទី​។ លុះ​ការ​ប្រកួត​ជើង​ទី​២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា ក្រោយ​បញ្ចប់​ការ​ប្រកួត​រយៈពេល​៩០​នាទី​ពេញ និង​ម៉ោង​១៥​នាទី​២​ដង ម្ចាស់ផ្ទះ​កម្ពុជា​បាន​ត្រឹម​ស្មើ​ជាមួយនឹង​ស្រី​លង្កា​ដោយ​លទ្ធផល ២​ទល់​នឹង​២​។ ដូច្នេះ​ការ​ប្រកួត​ឈាន​ដល់​ការ​ទាត់​បាល់​១១​ម៉ែត្រ​កាត់សេចក្តី ដែល​ជា​លទ្ធផល​បញ្ចប់​ទៅ ក្រុម​ភ្ញៀវ​ស្រី​លង្កា​យកឈ្នះ​កម្ពុជា ដោយ​លទ្ធផល ៤​ទល់​នឹង​២​។

គួរ​ឱ្យ​ដឹងផង​ដែរ​ថា ការ​ប្រកួត​ជម្រុះ​ជុំ​ទី​២ Play-Off ដែល​ធ្វើ​ឡើង​២​ជើង សរុប​មាន​៦​ក្រុម ដោយនៅ​ក្នុង​នោះ កម្ពុជា​ប៉ះ​ស្រី​លង្កា ទី​ម័​រ​ខាងកើត​ប៉ះ​ម៉ុង​ហ្គោ​លី និង​ព្រុយ​ណេ​ប៉ះ​ម៉ា​កាវ ដោយ​លេង​នៅ​ក្នុង​ថ្ងៃ​ដំណាលគ្នា ដើម្បី​រក​៣​ក្រុម​ឈ្នះ​ឡើង​បន្ត​ទៅ​ការ​ប្រកួត​ជុំ​ទី​៣ ដែល​ជា​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​។

លទ្ធផល​សរុប​ទាំង​ពីរ​ជើង នៃ​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​២ Play-Off
-​ស្រី​លង្កា ២-២ (៤-២) កម្ពុជា
-​ទី​ម័​រ​ខាងកើត ៤-៣ ម៉ុង​ហ្គោ​លី (៤-១ ជើង​ទី​១)
-​ព្រុយ​ណេ ៤-០ ម៉ា​កាវ (៣-០ ជើង​ទី​១)

ដូច្នេះ​ស្រី​លង្កា ទី​ម័​រ​ខាងកើត និង​ព្រុយ​ណេ បាន​បន្ត​ឡើង​ទៅ​កាន់ការ​ប្រកួត​ជម្រុះ​ជុំ​ទី​៣ ដែល​ជា​ការ​ប្រកួត​សន្សំ​ពិន្ទុ​នៅ​ក្នុង​ពូ​ល ដែល​មាន​សរុប​២៤​ក្រុម ដើម្បី​ចម្រាញ់​យក​តែ​៦​ក្រុម​ប៉ុណ្ណោះ បន្ត​ឡើង​ទៅ​បង្គ្រប់​២៤​ក្រុម សម្រាប់​ការ​ប្រកួត​ជុំ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ AFC Asian Cup ឆ្នាំ ២០២៧ ដែល​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ធ្វើ​ជា​ម្ចាស់ផ្ទះ​៕ (​រូបភាព ៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ