ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​រ៉ា​ប៊ី​សា​អូឌីត​បង្ហាញ​គម្រោង​ដ៏​មហាសាល កីឡដ្ឋាន​ទាំង​១៥ ត្រៀម​សម្រាប់ World Cup 2034

3 ខែ មុន

ទីក្រុង​រី​យ៉ា​ដ ៖ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត បាន​បង្ហាញ​គម្រោង​កីឡដ្ឋាន​ចំនួន ១៥ ស្ថិត​នៅ​ក្នុង​ទីក្រុង​ចំនួន ៥ ដែល​ត្រៀម​សម្រាប់​រៀបចំ​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក​ឆ្នាំ ២០៣៤ ឬ…

ទីក្រុង​រី​យ៉ា​ដ ៖ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត បាន​បង្ហាញ​គម្រោង​កីឡដ្ឋាន​ចំនួន ១៥ ស្ថិត​នៅ​ក្នុង​ទីក្រុង​ចំនួន ៥ ដែល​ត្រៀម​សម្រាប់​រៀបចំ​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក​ឆ្នាំ ២០៣៤ ឬ FIFA World Cup 2034 ពោល​គឺ​សល់​រយៈពេល​១០​ឆ្នាំ​ទៀត​។

ការ​ប្រកួត​ព្រឹត្តិការណ៍​បាល់ទាត់​ធំ​បំផុត​របស់​ពិភពលោក​មួយ​នេះ នឹង​វិល​ត្រឡប់​ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា​សា​ជា​ថ្មី ក្រោយ​ភាព​ជោគជ័យ កាលពី​ឆ្នាំ ២០២២ នៅ​ប្រទេស​កា​តា​។ អា​រ៉ា​ប៊ី​សា​អូឌីត​គឺជា​ប្រទេស​តែ​មួយ​គត់ ដែល​បាន​ដាក់​សំណើ​ដេញថ្លៃ​ទាន់​ពេល ដើម្បី​ធ្វើ ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ World Cup 2034 ខណៈ​ដែល​កាលបរិច្ឆេទ​ដេញថ្លៃ​ផុតកំណត់​របស់​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA កាលពី​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៣​។

អា​រ៉ា​ប៊ី​សា​អូឌីត​នឹង​ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​ធ្វើ​ម្ចាស់ផ្ទះ​តែឯង​នៃ​ព្រឹត្តិការណ៍ World Cup ក្រោម​ទម្រង់​ថ្មី​របស់ FIFA ដែល​បង្កើន​ចំនួន​ក្រុម​ចូលរួម​រហូត​ដល់​៤៨​ក្រុម ផ្ទុយ​ពី​៣២​ក្រុម​ទម្រង់​ចាស់​។ ដ្បិត​ព្រឹត្តិការណ៍​នៅ​ឆ្នាំ ២០២៦ កា​ណា​ដា ម៉ិ​ក​ស៊ិ​ក និង​សហរដ្ឋអាមេរិក​ធ្វើ​ម្ចាស់ផ្ទះ​រួម​គ្នា ក៏​ដូច​ជា​ព្រឹត្តិការណ៍​នៅ​ឆ្នាំ ២០៣០ នឹង​ត្រូវ​រៀបចំ​ឡើង​ក្នុង​ប្រទេស​ចំនួន ៦ នៅ​៣​ទ្វីប​ផ្សេង​គ្នា រួម​មាន អា​មេ​រិ​ក​ខាងត្បូង អឺរ៉ុប និង​អាហ្វ្រិក​។

ប្រទេស​អេ​ស្ប៉ា​ញ ព័រ​ទុ​យ​ហ្គា​ល់ និង​ម៉ា​រ៉ុ​ក ត្រូវ​បាន​ប្រកាស​ធ្វើ​ជា​ម្ចាស់ផ្ទះ​រួម​គ្នា ខណៈ​ការ​ប្រកួត​បើក​ឆាក​ចំនួន​៣​ប្រកួត នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​អ៊ុយ​រ៉ា​ហ្គា​យ អា​ហ្ស​ង់​ទី​ន និង​ប៉ា​រ៉ា​ហ្គា​យ ដែល​នៅ​ទ្វីបអាមេរិក​ខាងត្បូង ដើម្បី​ប្រារព្ធ​ខួប​១​សតវត្ស​នៃ​ព្រឹត្តិការណ៍ World Cup ព្រោះ​នឹង​មាន​រយៈពេល​១០០​ឆ្នាំ ចាប់តាំងពី​ការ​ប្រកួត​លើក​ដំបូង​បាន​រៀបចំ​ឡើង​ក្នុង​ទីក្រុង​ម៉ុ​ន​តេ​វី​ដេ​អូ (Montevideo) ប្រទេស​អ៊ុយ​រ៉ា​ហ្គា​យ កាលពី​ឆ្នាំ ១៩៣០​។

នៅ​អា​រ៉ា​ប៊ី​សា​អូឌីត កីឡដ្ឋាន​មួយ​ចំនួន​មាន​រួច​ស្រាប់ ហើយនឹង​ត្រូវ​កែ​លម្អ​ឡើង​វិញ​។​បច្ចុប្បន្ន​កីឡដ្ឋាន​មួយ​ចំនួន​កំពុង​ត្រូវ​បាន​សាងសង់ និង​កីឡដ្ឋាន​ផ្សេង​ទៀត​ស្ថិត​នៅ​ក្នុង​គម្រោង​។ ខាងក្រោម​នេះ គឺជា​គម្រោង​កីឡដ្ឋាន​ទាំង ១៥ របស់​អា​រ៉ា​ប៊ី​សា​អូឌីត ត្រៀម​សម្រាប់​ព្រឹត្តិការណ៍ World Cup 2034 ផ្អែក​លើ​គេហទំព័រ saudi2034bid ៖

១-King Salman International នៅ​ទីក្រុង​រី​យ៉ា​ដ កំពុង​សាងសង់ គ្រោង​បញ្ចប់​នៅ​ឆ្នាំ ២០២៩ ផ្ទុក​អ្នក​ទស្សនា​បាន​ជាង ៩២,០០០​នាក់

២-King Fahad Sports City ទីក្រុង​រី​យ៉ា​ដ គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ ២០២៦ ផ្ទុក​អ្នក​ទស្សនា​បាន​ជាង ៧០,០០០​នាក់

៣-Prince Mohammed Bin Salman ទីក្រុង​រី​យ៉ា​ដ គ្រោង​បញ្ចប់​កា​សាងសង់​នៅ​ឆ្នាំ ២០២៩ ផ្ទុក​អ្នក​ទស្សនា​បាន ៥០,០០០​នាក់

៤-New Murabba ទីក្រុង​រី​យ៉ា​ដ គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ ២០៣២ ផ្ទុក​អ្នក​ទស្សនា​បាន ៤៦,០០០​នាក់

៥- Roshn ទីក្រុង​រី​យ៉ា​ដ គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ ២០៣២ ផ្ទុក​អ្នក​ទស្សនា​បាន ៤៦,០០០​នាក់

៦-Prince Faisal Bin Fahad Sports City ទីក្រុង​រី​យ៉ា​ដ គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ ២០២៧ ផ្ទុក​អ្នក​ទស្សនា​បាន​ជាង ៤៦,០០០​នាក់

៧-South Riyadh ទីក្រុង​រី​យ៉ា​ដ គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ ២០៣២ ផ្ទុក​អ្នក​ទស្សនា​បាន​ជាង ៤៧,០០០​នាក់

៨-King Saud University ទីក្រុង​រី​យ៉ា​ដ កីឡដ្ឋាន​មាន​ស្រាប់ គ្រោង​បញ្ចប់​ការ​កែ​លម្អ​នៅ​ឆ្នាំ ២០៣២ ផ្ទុក​អ្នក​ទស្សនា​បាន​ជាង ៤៦,០០០​នាក់

៩-King Abdullah Sports City ទីក្រុង​យេ​ដ​ដា កីឡដ្ឋាន​មាន​ស្រាប់ ផ្ទុក​អ្នក​ទស្សនា​បាន​ជាង ៥៨,០០០​នាក់

១០-Qiddiya Coast ទីក្រុង​យេ​ដ​ដា គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ ២០៣២ ផ្ទុក​អ្នក​ទស្សនា​បាន​ជាង ៤៦,០០០​នាក់

១១-Jeddah Central Development ទីក្រុង​យេ​ដ​ដា គ្រោង​បញ្ចប់​ការ​សាង់សង់​នៅ​ឆ្នាំ ២០២៧ ពុំ​ទាន់​បញ្ជាក់​ចំនួន​កៅអី​អ្នក​ទស្សនា​នៅឡើយ

១២-King Abdullah Economic City ទីក្រុង​យេ​ដ​ដា គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ ២០៣២ ផ្ទុក​អ្នក​ទស្សនា​បាន​ជាង ៤៥,០០០​នាក់

១៣-Aramco ទីក្រុង​អាល់​ខូ​បា គ្រោង​បញ្ចប់​ការ​សាង់សង់​នៅ​ឆ្នាំ ២០២៦ ផ្ទុក​អ្នក​ទស្សនា​បាន​ជាង ៤៦,០០០​នាក់

១៤-King Khalid University ទីក្រុង​អា​បា កីឡដ្ឋាន​មាន​ស្រាប់ គ្រោង​បញ្ចប់​ការ​កែ​លម្អ​នៅ​ឆ្នាំ ២០៣២ ផ្ទុក​អ្នក​ទស្សនា​បាន​ជាង ៤៥,០០០​នាក់

១៥-NEOM តំបន់​ទីក្រុង​វៃឆ្លាត NEOM គឺជា​កីឡដ្ឋាន​ទំនើប​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក ខ្ពស់​ពី​ផ្ទៃដី​រហូត​ដល់ ៣៥០​ម៉ែត្រ ដែល​ផ្ទុក​អ្នក​ទស្សនា​បាន​ជាង ៤៦,០០០​នាក់ ប៉ុន្តែ​ពុំ​បញ្ជាក់​អំពី​កាលបរិច្ឆេទ​បញ្ចប់​ការ​សាងសង់​នៅឡើយ​ទេ​៕ ប្រភព ៖ Goal.com

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ