ថ្នាក់ដឹកនាំក្រសួងការងារ បានចុះសួរសុខទុក្ខកម្មករនិយោជិត បានចំនួន ៧៩ រោងចក្រ
រាជធានីភ្នំពេញ ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកឡើងថា ចាប់ពីថ្ងៃទី ២២…
រាជធានីភ្នំពេញ ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកឡើងថា ចាប់ពីថ្ងៃទី ២២…
រាជធានីភ្នំពេញ ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកឡើងថា ចាប់ពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២៤នេះ ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះពិនិត្យស្ថានភាពការងារ និងសួរសុខទុក្ខកម្មករនិយោជិតបានចំនួន ៧៩ រោងចក្រ ដែលមានកម្មករនិយោជិតកំពុងបំពេញការងារសរុបប្រមាណ ១៦ ម៉ឺននាក់ ។ ការចុះពិនិត្យស្ថានភាពការងារ សាកសួរសុខទុក្ខ និងហូបបាយជាមួយកម្មករនិយោជិតនេះ ធ្វើឡើងក្រោមការណែនាំរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។
ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់បន្ថែមថា តាមរយៈការចុះពិនិត្យស្ថានភាពការងារ សាកសួរសុខទុក្ខកម្មករនិយោជិតនេះដែរ ថ្នាក់ដឹកនាំនៃក្រសួងការងារក៏បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋបាល តំណាងនិយោជក និងបានត្រួតពិនិត្យលើការអនុវត្តលក្ខខណ្ឌការងាររបស់រោងចក្រផងដែរ មានដូចជា ប្រាក់ឈ្នួលគោលអប្បបរមា, ការផ្តល់អត្ថប្រយោជន៍ផ្សេងៗ ពីនិយោជកជូនបងប្អូនកម្មករនិយោជិតស្របតាមច្បាប់ការងារ, ការផ្តល់ប្រាក់រង្វាន់ធ្វើការងារទៀងទាត់, ប្រាក់រង្វាន់អតីតភាពការងារ, ថ្លៃស្នាក់នៅ, សោហ៊ុយធ្វើដំណើរ, ប្រាក់ថ្លៃបាយថ្ងៃត្រង់, ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ,លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ រួមនិងបរិយាកាសកន្លែងការងារ កន្លែងហូបបាយ អាហារដ្ឋានជាដើម ។
ឯកឧត្តមរដ្ឋលេខាធិការ សង្កេតឃើញថា បណ្តារោងចក្រ សហគ្រាសទាំងនោះ បានអនុវត្តច្បាប់ស្តីពីការងារ លក្ខខណ្ឌការងារ និងផ្តល់អត្ថប្រយោជន៍បានពេញលេញ ដល់បងប្អូនកម្មករនិយោជិត ។ ជាពិសេសរោងចក្រ សហគ្រាសមួយចំនួនថែមទាំងផ្តល់អត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិតលើសពីគោលការណ៍ ក្នុងច្បាប់ការងារទៀតផង ។
ឯកឧត្តមរដ្ឋលេខាធិការលើកឡើងថា ការចុះជួបផ្ទាល់ជាមួយបងប្អូនកម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស គឺជាការគិតគូរយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅលើបងប្អូនកម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាសទាំងអស់នៅទូទាំងប្រទេស ធ្វើយ៉ាងណាផ្សារភ្ជាប់ ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងរាជរដ្ឋាភិបាល ជាមួយបណ្តាម្ចាស់រោងចក្រ សហគ្រាស ជាពិសេសគឺធានានូវភាពសុខដុមរមនា រវាងបងប្អូនកម្មករនិយោជិត ជាមួយភាគីនិយោជក ។
ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ថ្នាក់ដឹកនាំនៃក្រសួងការងារ នឹងបន្តចុះសាកសួរសុខទុក្ខ ហូបបាយ ជាមួយបងប្អូនកម្មករនិយោជិត និងពិភាក្សាការងារជាមួយបណ្តាម្ចាស់រោងចក្រ សហគ្រាសនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗទៀត ដើម្បីស្វែងយល់ពីស្ថានភាពការងារ និងតម្រូវការរបស់បងប្អូនកម្មករនិយោជិត ដែលជាកិច្ចការងារអាទិភាពរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងយកចិត្តទុកដាក់អនុវត្ត ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការ សូមអំពាវនាវ និងលើកទឹកចិត្តដល់ភាគីនិយោជករោងចក្រ សហគ្រាស បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវបទដ្ឋានច្បាប់ស្តីពីការងារនៅកម្ពុជា ដើម្បីផ្តល់អត្ថប្រយោជន៍ឱ្យបានពេញលេញ ដល់កម្មករនិយោជិត ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ