បណ្តាទីផ្សារនៅរាជធានី ដែលធ្លាប់តែរស់រវើកមានមនុស្សចេញចូលរកផ្លូវដើរសឹងតែមិនបាន ឥឡូវនេះកំពុងប្រឈមមុខនឹងការធ្លាក់ចុះយ៉ាងខ្លាំងដោយទីផ្សារប្រែជាស្ងាត់ ហើយការលក់ក៏ធ្លាក់ចុះខ្លាំង ដែលគប្បីបងប្អូនអាជីវករ គួរស្វែងរកវិធីសាស្ត្រនៃការកែសម្រួលការធ្វើអាជីវកម្មជាប្រពៃណីចេញ ។
និន្នាការនៃការប្រែប្រួលនេះត្រូវបានគេសង្កេតឃើញកើតមាន នៅកម្ពុជាតាំងពីការចាប់ផ្តើមនៃការរាតត្បាតនៃជំងឺកូវីដ-១៩មក ហើយនៅពេលនេះទោះបីជាសេដ្ឋកិច្ចបើកចំហហើយ ទីផ្សារក៏បើកឲ្យមានសកម្មភាពជាប្រក្រតីក៏ពិតមែន ប៉ុន្តែដោយសារកំណើនយ៉ាងឆាប់រហ័សនៃអាជីវកម្មតាមអនឡាញបានធ្វើឲ្យបងប្អូនអាជីវករនៅតាមផ្សារកាន់តែប្រឈមឡើងថែមទៀត រហូតដល់មានការបិទទ្វារជាបន្តបន្ទាប់ ។
ទីផ្សារដ៏មមាញឹកដែលធ្លាប់ជាចង្វាក់បេះដូងរបស់សហគមន៍មូលដ្ឋានបានស្ងប់ស្ងាត់ ហើយអ្នកលក់ដូរជាច្រើនបានកំពុងតែត្អូញត្អែរ ចំពោះការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៃអតិថិជន ។ ដើម្បីរស់រានមានជីវិតនៅក្នុងបរិយាកាសដ៏លំបាកបែបនេះ អ្នកលក់ និងទីផ្សារក្នុងស្រុកចាំបាច់ត្រូវសម្របខ្លួន និងច្នៃប្រឌិត ហើយមិនអាចពឹងផ្អែកនៅលើគំរូអាជីវកម្មតត្រកូលបានទៀតឡើយ ។
ចូរសាកល្បងយន្តការខ្លះៗខាងក្រោម ក្រែងអាចស្តារមុខរបរឡើងវិញបានខ្លះ?
ទីមួយ ៖ បងប្អូនអាជីវករគួរតែទទួលយកបរិបទនៃការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីសង្គ្រោះអាជីវកម្មប្រចាំគ្រួសារ ។ ស្របពេលដែលសង្គមជីវភាពរស់នៅកំពុងតែប្រែប្រួល ការទិញទំនិញតាមអ៊ីនធឺណិត អាចហាក់ដូចជា ការគំរា.មកំហែ.ងមួយសម្រាប់យើងដែលជាអាជីរករស់ដោយសារ តែអាជីវកម្មតាមគំរូពីគ្រួសារតត្រកូលតែវាក៏បង្ហាញពីឱកាសសម្រាប់អ្នកលក់ក្នុងស្រុក ដើម្បីឈានដល់អតិថិជនទូលំទូលាយបន្ថែមលើអតិថិជនចាស់ដែលយើងមានស្រាប់ ។ អ្នកលក់អាចចាប់ផ្តើម ដោយបង្កើតទម្រង់ប្រព័ន្ធផ្សព្វផ្សាយសង្គម ឬចូលរួមនៅក្នុង អនឡាញក្នុងស្រុក ដើម្បីផ្សព្វផ្សាយផលិតផល និងជំរុញការលក់ផលិតផលរបស់ខ្លួនតាមអនឡាញដែរ ។
ទីពីរ ៖ បងប្អូនអាជីវករអាចរក្សាទម្រង់បែបបទនៃការធ្វើអាជីវកម្មតាមប្រពៃណីដដែល ប៉ុន្តែចាំបាច់ធ្វើបច្ចុប្បន្នភាពជំនាញបន្ថែមតាមការការបង្កើនបទពិសោធន៍ និងលើកកម្ពស់ការផ្សព្វផ្សាយ ដើម្បីទាក់ទាញអតិថិជនឱ្យត្រឡប់ទៅទីផ្សារវិញ ។ យុទ្ធសាស្ត្រនៃការលក់នេះ អាចពាក់ព័ន្ធនឹងការរៀបចំកម្មវិធីពិសេសខ្លះៗដូចជា ផ្តល់ការបញ្ចុះតម្លៃ ឬបង្កើតបរិយាកាសទីផ្សារកាន់តែមានភាពស្វាហាប់ និងរស់រវើក ពោលបង្ហាញពីភាពលេចធ្លោរនៃគុណប្រយោជន៍នៃការមកទីផ្សារដោយផ្ទាល់ ។
ក្រៅពីនេះ គំរូនៃការសហការជាក្រុមជាមួយអ្នកលក់ផ្សេងទៀត ដើម្បីបង្កើតកិច្ចព្រមព្រៀងជាកញ្ចប់ គួរតែរិះគិត ។ លើសពីនេះ បងប្អូនអាជីវរកក៏អាចចូលរួមក្នុងការផ្សព្វផ្សាយតាមសហគមន៍ និងស្វះស្វែងរកភាពជាដៃគូជាមួយសាលារៀន អង្គការ ឬអ្នកមានឥទ្ធិពលខាងអាជីវកម្មក្នុងតំបន់ ដើម្បីលើកកម្ពស់ការយល់ដឹង និងលើកទឹកចិត្តចលនាមហាជនឲ្យចាប់អារម្មណ៍ និងទីផ្សារឡើងវិញ ។
សរុបសេចក្តីមក ប្រសិនបើយើងនៅតែបន្តរឹងត្អឹងនឹងគំរូអាជីវកម្មជាប្រពៃណីបន្តពីគ្រួសារដោយគ្មានការធ្វើបច្ចុប្បន្នភាពទេនោះ ទោះថ្ងៃនេះមិនស្លា.ប់តែថ្ងៃស្អែកខានស្អែកនឹងស្លា.ប់ដោយចៀសមិនរួច ។ ដូច្នេះដើម្បីរក្សាទីតាំង និងមូលដ្ឋានឈរជើងនៅក្នុងទីផ្សារបានបន្តទៀត គឺមានតែត្រូវតែធ្វើបច្ចុប្បន្នភាព ជាពិសេស គឺជំរុញ និងរៀនប្រើប្រាស់បច្ចេកវិទ្យាបង្កើនបទពិសោធន៍ផ្ទាល់ និងជំរុញទំនាក់ទំនងសហគមន៍ ៕
ចែករំលែកព័តមាននេះ