ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួង​ធនធានទឹក ជួប​ពិភាក្សា​ការងារជាមួយ ​លោក​ជំទាវ Jyotsana Varma នាយិកា​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ​ប្រចាំ​ប្រទេស​កម្ពុជា

5 ខែ មុន

រាជធានីភ្នំពេញ ៖ នៅ​ទីស្ដីការក្រសួង នា​ព្រឹក​​ថ្ងៃ​ទី ​១៤ ខែសីហា ឆ្នាំ ​២០២៤​ នេះ ឯកឧត្តម…

រាជធានីភ្នំពេញ ៖ នៅ​ទីស្ដីការក្រសួង នា​ព្រឹក​​ថ្ងៃ​ទី ​១៤ ខែសីហា ឆ្នាំ ​២០២៤​ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ទទួល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ធនាគារអភិវឌ្ឍន៍អាស៊ី ​(ADB) ដឹកនាំ​ដោយ​លោក​ជំទាវ Jyotsana Varma នាយិកា​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា ​។ សូម​ជម្រាប​ថា ក្រោម​ហិរញ្ញប្បទាន​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB) ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​និង​កំពុង​អនុវត្ត​គម្រោង​ចំនួន​ពីរ​គឺ គម្រោង​កែ​លម្អ​វិស័យ​ធារាសាស្ត្រ​កសិកម្ម​(IAIP) និង​គម្រោង​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​ប្រកបដោយ​ភាតរ​បរិស្ថាន ​(CFACVS)​ ។

ក្នុង​កិច្ច​ជំនួប​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ​ធនាគារអភិវឌ្ឍន៍អាស៊ី ​(ADB) និង​បាន​ថ្លែងអំណរគុណ ​ចំពោះ​ការ​រួមចំណែក​យ៉ាង​ធំធេង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុង​ការ​អភិវឌ្ឍ និង​ការ​រីក​ចម្រើន​នៃ​សង្គម​សេដ្ឋកិច្ច​កម្ពុជា ជា​ពិសេស​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​វិស្វកម្ម​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក ដើម្បី​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​ឡើងក​ម្តៅ​នៃ​ភព​ផែនដី ឆ្លើយ​តប​ទៅ​នឹង​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​ ១ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​ ៧ នៃ​រដ្ឋសភា ​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ស្នើ​ដល់​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB) បន្ត​ការ​វិនិយោគ​បន្ថែម​ទៀត​លើ​វិស័យ​គ្រប់គ្រង​ធនធានទឹក និង​ឧតុនិយម ដើម្បី​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ហានិភ័យ​នៃ​គ្រោះ​ធម្មជាតិ​នានា និង​បាន​ជំរុញ​ឱ្យ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី​ធ្វើការ​កែ​លម្អ​ផែនការ​រយៈពេល​វែង ដើម្បី​ឈាន​ទៅ​កាត់​បន្ថយ​បានជា​អតិបរមា​នូវ​ជំនន់​គ្រប់​ប្រភេទ និង​ហានិភ័យ​នៃ​គ្រោះ​រាំង​ស្ងួត បង្កើន​ជា​អតិបរមា​នូវ​បរិស្ថាន​បៃតង និង​អេកូ​ទេសចរណ៍ ​។

លោក​ជំទាវ​នាយិកា​បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី ដែល​បាន​អនុញ្ញាត​ឱ្យ​លោក​ជំទាវ និង​សហការី​បាន​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ ដើម្បី​បន្ត​រួមចំណែក​ជួយ​ដល់​រាជរដ្ឋាភិបាល ក្នុង​ការ​ជំរុញ​កំណើន​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​មាន​សន្ទុះ​ឈាន​ឡើង​ប្រកបដោយ​ចីរភាព ។

ជាមួយ​គ្នា​នេះ លោក​ជំទាវ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដែល​សម្រេច​បាន​នា​ពេល​កន្លង​មក និង​បញ្ជាក់​ពី​ការ​ពង្រីក​បន្ថែម​ទុន​វិនិយោគ​រយៈពេល​ពីរ​ឆ្នាំ​ទៀត​របស់​ធនាគារ​ADB លើ​គម្រោង​កែ​លម្អ​វិស័យ​ធារាសាស្ត្រ​កសិកម្ម​(IAIP) ដើម្បី​ឱ្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ធ្វើ​ទំនើប​កម្ម​វិស្វកម្ម​លើ​ប្រព័ន្ធ​ធារាសាស្ត្រ និង​ពង្រីក​លើ​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ទឹក បញ្ជា​ទឹក និង​ប្រើប្រាស់​ទឹក​ ។

សូម​បញ្ជាក់​ថា ក្រោម​ការ​គាំទ្រ​ហិរញ្ញប្បទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វ​ត្តុ គម្រោង​កែ​លម្អ​វិស័យ​ធារាសាស្ត្រ​កសិកម្ម (IAIP) ដែល​គ្រោង​បញ្ចប់​ប្រតិបត្តិការ​ក្នុង​ឆ្នាំ​២០២៥ នឹង​ត្រូវ​បន្ត​រយៈពេល​អនុវត្ត ២​ឆ្នាំ​បន្ថែម​ទៀត ដើម្បី​ឱ្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បង្កើន​ការ​ធ្វើ​ទំនើប​កម្ម​វិស្វកម្ម​លើ​ប្រព័ន្ធ​ធារាសាស្ត្រ​ក្នុង​ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តតាកែវ និង​ខេត្តកំពង់ធំ និង​ការ​បំពាក់​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ចុង​ក្រោយ ប្រកបដោយ​ស័ក្តិសិទ្ធិ​ភាព​នៅ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​ទិន្នន័យ​ធនធានទឹក​(NWRMDC) ៕ អត្ថបទសហការ