រាជធានីភ្នំពេញ៖ ដើម្បីអបអរសាទរការបើកដំណើរការ សាខាបេឡាជាតិសន្តិសុខសង្គម និងមជ្ឈមណ្ឌលការងារ នៅផ្សារទំនើប AEON សែនសុខ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ និងសមាគមសហព័ន្ធសិស្សនិស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គាំទ្រដោយ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព អមដោយការបម្រើសេវាកាហ្វេរ៉ូបូត (Robot Coffee) រយៈពេល ៣ថ្ងៃ ជាប់គ្នា គឺនៅថ្ងៃទី១៦ ទី១៧ និងទី១៨ ខែសីហា ឆ្នាំ២០២៤ នៅក្នុងផ្សារទំនើប អ៊ីអន សែនសុខ ចាប់ពីម៉ោង ៩:០០នាទីព្រឹក ដល់ ៨:០០ នាទីយប់ ជាមួយឱកាសការងារជាង ៥ពាន់កន្លែង សម្រាប់ឱ្យយុវជន និងអ្នកស្វែងរកការងារអាច ដាក់ពាក្យស្វែងរកការងារដោយផ្ទាល់ និងធ្វើការសម្ភាសន៍ភ្លាមៗ ។
ពិព័រណ៍ការងារនេះ នឹងនាំមកនូវក្រុមហ៊ុនធំៗចំនួន ២០ ដែលនឹងផ្តល់ឱកាសការងារជាង ៥ពាន់ កន្លែងក្នុងវិស័យសំខាន់ៗ ដូចជា៖ វិស័យធនាគារ គ្រឹះស្ថានមីក្រូហិញ្ញវត្ថុ និងធានារាប់រង វិស័យអចលនវត្ថុ វិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច វិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍ វិស័យលក់ដុំនិងលក់រាយ វិស័យសេវាកម្មផ្សេងៗ និងវិស័យឧស្សាហកម្ម ។
កញ្ញា ម៉េច សុជាតា ប្រធានផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន EFG បានលើកឡើងថាការចូលរួមពិព័រណ៌ការងារ នៅផ្សារទំនើប AEON ខាងមុខនេះ នឹងផ្តល់លទ្ធភាពដល់ក្រុមហ៊ុនមានឱកាសទាក់ទាញបេក្ខជនដែលមានទេពកោសល្យ ពិសេសអាចបង្ហាញពីកិត្តិនាមរបស់ក្រុមហ៊ុនទៅកាន់សាធារណជនទូទៅ និងអាចបង្កើតបណ្តាញទំនាក់ទំនងល្អជាមួយក្រុមហ៊ុន ដែលនឹងចូលរួមក្នុងពិព័រណ៌ការងារនេះផងដែរ ។
កញ្ញា បន្ថែមទៀតថា ការរៀបចំពិព័រណ៌ការងារ ក៏ដូចជាការបង្កើតឲ្យមានមជ្ឈមណ្ឌលការងារនៅតាមផ្សារទំនើបនេះ គឺយុទ្ធសាស្ត្រមួយថ្មីបន្ថែមទៀតរបស់ NEA ក្នុងការផ្តល់ភាពកាន់តែងាយស្រួលថែមទៀតសម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ក្នុងការដាក់ពាក្យស្វែងរកការងារនៅទីតាំងដែលមានប្រជាប្រិយភាពនៅផ្សារទំនើប អ៊ីអន នេះ។ កញ្ញាស្រីបញ្ជាក់ថា៖ «នាងខ្ញុំពិតជាសរសើរ NEA ណាស់ ដែលបានរកគ្រប់វិធីសាស្ត្រជាច្រើនសំដៅជួយដល់យុវជនឱ្យបានស្គាល់ពីក្រុមហ៊ុន ពិសេសបានដឹងពីព័ត៌មានឱកាសការងារជាច្រើននៅកម្ពុជា» ។
ជាមួយគ្នានេះដែរ លោក រ៉េត សាគា ប្រធានផ្នែកជ្រើសរើសបុគ្គលិក និងផ្សព្វផ្សាយក្រុមហ៊ុន ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី បានលើកឡើងថា៖ «ខ្ញុំមើលឃើញថាពិព័រណ៌ការងារនៅតាមផ្សារទំនើបនេះ ពិសេសផ្សារទំនើប AEON គឺជារបត់ថ្មីមួយទៀត ក្នុងការនាំយកឱកាសការងារដល់កន្លែងមួយ ដែលផ្តល់ភាពកាន់តែងាយស្រួលសម្រាប់យុវជន និងសាធារណជនទូទៅក្នុងការមកទទួលសេវាផ្សេងៗពី NEA» ។
គួរបញ្ជាក់ផងដែរថា នៅក្នុងពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពរយៈពេល បី ថ្ងៃនេះ យុវជននិងសាធារណជន ក៏អាចទទួលបានការផ្តល់សេវាកាហ្វេ Robot Coffee ដ៏ភ្ញាក់ផ្អើល ដែលបង្កើតដោយស្នាដៃកូនខ្មែរ ព្រមទាំងអាចចុះឈ្មោះចូលរៀន ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសណាមួយ ដែលជាកម្មវិធីអាទិភាពមួយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាទៀតផង ។ លើសពីនេះ យុវជន និងសាធារណជនទូទៅ ដែលមានគ្រប់លក្ខខណ្ឌអាចមកចុះឈ្មោះធ្វើប័ណ្ណ ប.ស.ស. នៅសាខា ប.ស.ស. នៅជាន់ទី២ និងអាចដាក់ឯកសារទូទាត់សំណងអត្ថប្រយោជន៍របបសន្តិសុខសង្គមបាន នៅសាខា ប.ស.ស. ព្រមទាំងអាចចូលរួមកំសាន្តជាមួយក្រុមតន្ត្រីនាពេលល្ងាច ជាមួយឱកាសទទួលបានរង្វាន់ជាច្រើនពីការឆ្លើយសំណួរងាយៗ ក្នុងព្រឹត្តិការណ៍នេះផងដែរ ។
ហេតុដូចនេះ សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ដែលចង់ស្វែងរកការងារ សូមរៀបចំ CV ដើម្បីត្រៀមដាក់ពាក្យ និងសម្ភាសភ្លាមៗ ជាមួយតំណាងក្រុមហ៊ុនធំៗទាំង២០ ដើម្បីអាចទទួលបានលទ្ធផលទទួលបានការងារភ្លាមៗតែម្តង ។ ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ Hotline ១២៩៧ ១២៨៦ ឬ 016 78 66 55 ឬ 077 23 23 78 (Telegram) ៕
ចែករំលែកព័តមាននេះ