ថ្នាក់ដឹកនាំក្រសួងការងារ ចុះសួរសុខទុក្ខ និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិត រោងចក្រក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៤ នេះ ថ្នាក់ដឹកនាំចំនួន ៣…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៤ នេះ ថ្នាក់ដឹកនាំចំនួន ៣…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៤ នេះ ថ្នាក់ដឹកនាំចំនួន ៣ រូប ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ ទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិត និងពិភាក្សាការងារជាមួយតំណាងនិយោជករោងចក្រចំនួន ៣ ទីតាំង ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ។
កម្មវិធីចុះសំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតនេះរោងចក្រ COMO APPAREL CO.,LTD ដឹកនាំដោយឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, និងរោងចក្រ C.F.C GARMENT PTY CO.,LTD. ដឹកនាំដោយ ឯកឧត្តម សាន គឹមហុង អនុរដ្ឋលេខាធិការ និងរោងចក្រ SUNICON (CAMBODIA) APPAREL CO.,LTD ដឹកនាំដោយ ឯកឧត្តម វិត សុវណ្ណឧត្តម អនុរដ្ឋលេខាធិការ ។
នៅក្នុងការចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពការងាររបស់បងប្អូនកម្មករនិយោជិតជាង ១ ៨០០នាក់ ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ COMO APPAREL CO.,LTD. ស្ថិតក្នុង ខណ្ឌកំបូល ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការនៃក្រសួងការងារ បានជួបពិភាក្សាការងារជាមួយតំណាងនិយោជករោងចក្រ និងបានសំណេះសំណាលផ្ទាល់ជាមួយបងប្អូនកម្មករនិយោជិតតាមផ្នែកនីមួយៗនៅក្នុងរោងចក្រ ដើម្បីពិនិត្យមើលស្ថានភាពការងារ និងដំណើរការនៃការប្រព្រឹត្តទៅនៃខ្សែចង្វាក់ផលិតកម្មនៅក្នុងអាគាររោងចក្រ ។
ក្រោយការទទួលទានអាហារថ្ងៃត្រង់ និងជួបសំណេះសំណាលសាកសួរផ្ទាល់ជាមួយបងប្អូនកម្មករនិយោជិតរួច ឯកឧត្តម ងុយ រិទ្ធ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណទៅដល់ម្ចាស់រោងចក្រ COMO APPAREL CO.,LTD.. ដែលមិនត្រឹមតែគោរពតាមច្បាប់ការងារយ៉ាងខ្ជាប់ខ្ជួន និងអនុវត្តស្តង់ដាការងារបានយ៉ាងល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់អត្ថប្រយោជន៍ជាច្រើនទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលបានកំណត់ក្នុងការផ្តល់អត្ថប្រយោជន៍ដល់បងប្អូនកម្មករនិយោជិតផងដែរ ។
ដោយឡែក ក្នុងការចុះសំណេះសំណាល សួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតជាង ៨០០ នាក់ នៅរោងចក្រ C.F.C GARMENT PTY CO.,LTD. ក្នុងខណ្ឌកំបូល ឯកឧត្តម សាន គឹមហុង អនុរដ្ឋលេខាធិការ បានដើរពិនិត្យដោយផ្ទាល់នៅក្នុងដំណើរការផលិតកម្ម ក្នុងរោងចក្រ ដូចជា កន្លែងកាត់ដេរ កន្លែងវេចខ្ចប់ តុកាត់ ឃ្លាំង កាតុង QC (ការពិនិត្យគុណភាព) ពេទ្យសង្គ្រោះ ផងដែរ ។ ឯកឧត្តម សាន គឹមហុង និងក្រុមការងារ ក៏បានទទួលទានអាហាថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតនៅក្នុងបរិយាកាសដ៏មានភាពស្និទ្ធស្នាល ។
នៅក្នុងឱកាសនោះដែរ ឯកឧត្ដម ក៏បានជួបពិភាក្សាការងារជាមួយតំណាងរោងចក្រ ដោយបានគូសបញ្ជាក់ថា ការចុះសួរសុខទុក្ខបងប្អូនកម្មករនិយោជិតដោយផ្ទាល់នៅតាមរោងចក្រនេះ គឺជាការគិតគូរយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី ៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅលើបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសទាំងអស់នៅទូទាំងប្រទេស ធ្វើយ៉ាងណាផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និតរវាងរដ្ឋាភិបាល ជាមួយបណ្តាម្ចាស់រោងចក្រ សហគ្រាស ជាពិសេសនោះគឺសុខទុក្ខរបស់បងប្អូនកម្មករនិយោជិតដែលរដ្ឋាភិបាលតែងតែគិតគូរជានិច្ច ។
ទន្ទឹមនេះដែរ ក្នុងការចុះជួបសំណេះសំណាល សួរសុខទុក្ខ ទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតជាង ៨០០ នាក់ នៃរោងចក្រ SUNICON (CAMBODIA) APPAREL CO.,LTD. ស្ថិតក្នុងខណ្ឌកំបូល ឯកឧត្តម វិត សុវណ្ណឧត្តម អនុរដ្ឋលេខាធិការ ក៏បានជួបពិភាក្សាការងារជាមួយរដ្ឋបាល និងនាយកសហគ្រាស ដើម្បីសាកសួរព័ត៌មានមួយចំនួនទាក់ទងនឹងលក្ខខណ្ខការងារ និងអត្ថប្រយោជន៍ផ្សេងដែលរោងចក្រ SUNICON (CAMBODIA) APPAREL CO.,LTD. ផ្តល់ជូនបងប្អូនកម្មករនិយោជិត ។ នាឱកាសនោះដែរ ឯកឧត្តម ក៏បានចុះពិនិត្យមើលផ្ទាល់តាមខ្សែចង្វាក់ផលិតកម្មនៅក្នុងអគាររោងចក្រ និងបានជួបសាកសួរសុខទុក្ខបងប្អូនកម្មករនិយោជិត និងបានទទួលទានបាយថ្ងៃត្រង់នៅអាហាដ្ឋានក្នុងរោងចក្ររួមគ្នាផងដែរ ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានកត់សំគាល់ឃើញថា ម្ចាស់រោងចក្របានអនុវត្តលក្ខខណ្ឌការងារបានល្អ និងបានផ្តល់អត្ថប្រយោជន៍ផ្សេងៗជូនបងប្អូនកម្មនិយោជិតបានយ៉ាងល្អដូចដែលច្បាប់ការងារបានកំណត់ផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណទៅដល់ម្ចាស់រោងចក្រ សហគ្រាស ដែលបានផ្តល់កិច្ចសហការយ៉ាងល្អជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការរៀបចំជំនួបសំណេះសំណាល សួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតប្រកបដោយភាពស្និទស្នាល ។ ទន្ទឹមនេះ ឯកឧត្តមបានស្នើឱ្យម្ចាស់រោងចក្របន្តយកចិត្តទុកដាក់លើសុវត្ថិភាពរបស់កម្មករនិយោជិតទាំងអស់ ជាពិសេសបន្តផ្តល់អត្ថប្រយោជន៍ឱ្យបានពេញលេញតាមច្បាប់ការងារជូនដល់កម្មករនិយោជិតទាំងអស់ផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ