ខេត្តបាត់ដំបង៖ ក្រោយភ្លៀងធ្លាក់ជោកជាំនាប៉ុន្មានថ្ងៃកន្លងទៅនេះ ជំនន់ទឹកភ្លៀងបានហក់ឡើង នៅក្នុងដងស្ទឹងសង្កែ នៅព្រឹកថ្ងៃទី១៩ កក្កដា ប៉ុន្តែអ្វីដែលគូរឲ្យកត់សម្គាល់ គេសង្កេតឃើញទឹក មានស្ថានភាពកខ្វក់ខ្លាំង រហូតធ្វើឲ្យត្រីពុលប្រជាពលរដ្ឋនាំគ្នាចាប់ព្រោងព្រាត។
បើតាមមន្ត្រីជំនាញបានប្រាប់ថា គិតត្រឹមម៉ោង៩ព្រឹកថ្ងៃទី ១៩ កក្កដា ទឹកស្ទឹងសង្កែបានហក់ឡើងកំពស់៨.២០ម៉ែត្រ។ ប៉ុន្តែនៅអាចឡើងខ្លាំងជាងនេះបន្តិច ដោយសារតែនៅប៉ែកលើនៃដងស្ទឹងកំពស់ទឹកនៅឡើងនៅឡើយ។ ជាពិសេស នៅតំបន់ស្រុកសំឡូត ដែលជាប្រភពនៃក្បាលស្ទឹងសង្កែ។ ដោយឡែក នៅឯស្រុកសំឡូត បើតាមប្រភពព័ត៌មានដែលកោះសន្តិភាពទទូលបាននៅព្រឹកថ្ងៃដដែលនេះដែរ បានឲ្យដឹងថា ប៉ុន្មានថ្ងៃកន្លងទៅនេះភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យទឹកស្ទឹងគ្រញូង និងស្ទឹងសង្កែ ហក់ឡើងខ្លាំង ក្នុងរយៈពេលខ្លី។
រីឯនៅតាមដងផ្លូវមួយចំនួននៅក្នុងស្រុកសំឡូត ត្រូវទឹកជន់លិច និងកន្លែងខ្លះហូរច្រោះដាច់ ធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើរ។ ប៉ុន្តែយ៉ាងណា បើតាមប្រភពពីស្រុកសំឡូតដដែលបានបញ្ជាក់ថា នៅព្រឹកថ្ងៃនេះ(១៩ ០៧ ២៤ ) ស្ថានភាពទឹកតាមដងស្ទឹង និងតាមដងផ្លូវ នៅប៉ែកខាងលើ នៃស្រុកសំឡូត បានស្រកចុះខ្លះៗហើយ ដោយសារស្ថានភាពភ្លៀងបានថមថយដែរ តែស្ថានភាពទឹកអាចហក់ឡើងវិញ ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ថែមទៀត ។
បើតាមការកត់សម្គាល់ សន្ទុះទឹកស្ទឹងសង្កែ ដែលឆ្លងកាត់ក្រុងបាត់ដំបង បានចាប់ផ្ដើមហក់ឡើងនៅម៉ោងប្រហែល៥ព្រឹកថ្ងៃទី១៩ កក្កដា ជាមួយនឹងស្ថានភាពល្អក់ខ្លាំងមែនទែន រហូតធ្វើឲ្យត្រីពុលប្រកាច់ងាប់ព្រាតតាមដងស្ទឹង។
ប្រជាពលរដ្ឋខ្លះប្រើសំណាញ់បង់ ខ្លះកាន់ដំបងវាយ និង ខ្លះទៀតប្រើកាំបិតកាប់ត្រី ដែលកំពុងពុលប្រកាច់ពេញក្នុងស្ទឹង។ ពាក់ព័ន្ធនឹងត្រីពុលទឹកស្ទឹងដ៏កខ្វក់នេះ មន្ត្រីម្នាក់បានបញ្ជាក់ដែរថា ជំនន់ទឹកភ្លៀង ក្នុងស្ទឹងសង្កែ ដែលទើបចាប់ផ្ដើមចំបូងនេះ មានស្ថានភាពល្អក់កខ្វក់ខ្លាំងបំផុត។
បើតាមការពិនិត្យជាក់ស្ដែង ត្រីដែលពុលងាប់ក្នុងស្ទឹងខាងលើនេះ អាចពុលដោយសារទឹកមានសភាពល្អក់ខ្លាំង។ ពេលនេះស្ថានភាពជំនន់ទឹកភ្លៀង បានថយចុះនៅប៉ែកខាងលើ នៃស្រុកសំឡូត តែកំពុងស្រុងចុះមកកាន់ប៉ែកខាងក្រោម ទើបធ្វើឲ្យទឹកស្ទឹងសង្កែ ហក់ឡើងខ្លាំង៕
ចែករំលែកព័តមាននេះ